សេចក្តីប្រកាសព័ត៌មាន លេខ ០០៧៖ គ.ជ.ប នឹងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ គ.ជ.ប នឹងរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា (IT) ដើម្បីសម្រួលការងារបោះឆ្នោតក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធអនឡាញ (Jitsi Meet) លើកទី១ ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានឱ្យដឹងទៀតថា ការរៀបចំការបោះឆ្នោតសាកល្បងនេះ គឺជាការវាយតម្លៃអំពីប្រសិទ្ធភាពនៃការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត ក្នុងក្របខ័ណ្ឌកំណែទម្រង់នៃការបោះឆ្នោតរបស់ គ.ជ.ប ដើម្បីបោះជំហានទៅការបោះឆ្នោតនាពេលអនាគតដោយប្រើ IT។ ឯកឧត្តមបានបន្ថែមថា សូមកុំមានការភាន់ច្រឡំ ការរៀបចំការបោះឆ្នោតសាកល្បងនេះ មិនសំដៅដល់ការត្រៀមរៀបចំបោះឆ្នោតតាមអនឡាញនោះទេ ព្រោះគ្មានប្រទេសណាធ្វើនៅឡើយទេ លើកលែងតែប្រទេសអេស្តូនី តែ ១គត់ក្នុងពិភពលោក។

គ.ជ.ប នឹងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា (IT) ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើប្រសិទ្ធភាពការងារសម្រាប់៖

  • ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធឌីជីថល ឬអនឡាញ (Online)
  • ការប្រើប្រាស់ប៊ិកគំនូសសញ្ញាគាំទ្រគណបក្សនយោបាយគូសនៅលើសន្លឹកឆ្នោត
  • ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) ដែលគ្របដណ្ដប់លើដំណើរការសំខាន់ៗនៅក្នុងថ្ងៃបោះឆ្នោត តាមកម្មវិធីជាប្រព័ន្ធ ដូចខាងក្រោម៖
    • កម្មវិធីទទួល បញ្ចូល បូកសរុប បញ្ជូន និងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត
    • កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត
    • កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលផ្លូវការនៃការបោះឆ្នោត
    • កម្មវិធីបែងចែកអាសនៈ និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។

វាគ្មិនសំខាន់ៗនៃ គ.ជ.ប រួមមានឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ឯកឧត្តម សោម សូរីដា ទីប្រឹក្សា និងជាអគ្គលេខាធិការរង គ.ជ.ប ឯកឧត្តម តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស ព្រមទាំងមន្រ្តីជំនាញនៃនាយកដ្ឋានបានចូលរួមបំភ្លឺ និងធ្វើបទបង្ហាញព្រមទាំងឆ្លើយតបទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធយ៉ាងផុលផុស ដោយទទួលបានការគាំទ្រ និងផ្លែផ្កាគួរជាទីមោទន:។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា រាល់មតិយោបល់របស់ភាគីទាំងអស់ គឺជាធាតុចូលសម្រាប់រួមចំណែកក្នុងការកែលម្អនីតិវិធី និងការងារបច្ចេកទេសបោះឆ្នោតដោយប្រើ IT មុននឹង គ.ជ.ប សម្រេច និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ គ.ជ.ប នឹងរៀបចំវគ្គបណ្តុះបណ្ដាល ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតសាកល្បង ជូនដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ជូនគណបក្សនយោបាយ តំណាងអង្គការក្រៅរដ្ឋាភិបាល មន្ត្រីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ និងគណ:កម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន៕

ទាញយកកម្មវិធី(App) CamNEC News