សេចក្ដីថ្លែងការណ៍ លេខ ០០៩ គ.ជ.ប

ក្នុងមួយអាណត្តិកន្លងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពុំដែលយកភាគីពាក់ព័ន្ធទាំង ១១ ណាមួយពាក់ព័ន្ធនឹងការបោះឆ្នោតជាសត្រូវនោះទេ ទាំងអតីតគណបក្សសង្គ្រោះជាតិ (CNRP) នៅក្នុង គ.ជ.ប ទាំងអង្គការមិនមែនរដ្ឋាភិបាល (NGO) ក្នុងស្រុកដែលស្ថិតនៅក្នុងគ្រប់ទម្រង់ ទាំងអង្គការអន្តរជាតិនានាដែលមកចូលរួម ទាំងប្រទេសជាមិត្តមួយចំនួន ដែលចូលមកជួយដោយស្មោះក្នុងការរៀបចំការបោះឆ្នោតទាំងថ្នាក់មូលដ្ឋាន ទាំងថ្នាក់ជាតិ ដោយជួយទាំងមធ្យោបាយ សម្ភារបោះឆ្នោត ជាពិសេស គឺអ្នកជំនាញការបោះឆ្នោតពូកែៗមកនៅជាមួយ គ.ជ.ប តាំងពីដើមរហូតដល់ចប់ ដោយយើងតែងធ្វើការជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ស្ដាប់មតិគ្នាទៅវិញទៅមក សំដៅរៀបចំការបោះឆ្នោតឱ្យបានយុត្តិធម៌ល្អបំផុត ដែលគ្មានភាគីពាក់ព័ន្ធណាមួយគេអាចបដិសេធបាននោះទេ។ 

លទ្ធផលដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺនាំឱ្យកើតស្ថិរភាពស្រុកទេស មានការរីកចម្រើន និងការអភិវឌ្ឍ។ ក្នុងន័យនេះ គ.ជ.ប ពិតជាមិនចង់បាននៅក្រោយការបោះឆ្នោត កើតឡើងនូវអស្ថិរភាពសង្គម និងវិបត្តិនានា ដែលនឹងនាំឱ្យអសកម្មដល់ដំណើរការប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីប្រចាំថ្ងៃរបស់ម្ចាស់ឆ្នោតនោះទេ។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ គ.ជ.ប ត្រេកអរយ៉ាងខ្លាំងចំពោះភាគីពាក់ព័ន្ធដែលបានសាទរចំពោះលទ្ធផលដ៏ល្អប្រសើរនេះ។ ប៉ុន្តែ គ.ជ.ប សោកស្ដាយដោយសារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានបដិសេធមិនទទួលស្គាល់លទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ថែមទាំងមានការតិះដៀល ស្អប់ខ្ពើមស្ថាប័នជាតិសាសន៍ខ្លួនឯង រួមមាន គ.ជ.ប ដែលជាអាជ្ញាកណ្ដាល ហើយបដិសេធដល់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលសម្រេចលើបណ្ដឹងចុងក្រោយបិទផ្លូវតវ៉ាថែមទៀត។ 

គ.ជ.ប សង្កេតឃើញថា ចាប់តាំងពីការចាប់ផ្ដើមការដាក់ភ្នាក់ងារគណបក្សនយោបាយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានព្យាយាមបង្កើតជាបញ្ហាផ្សេងៗមិនឈប់ឈរ ដូចជាបង្កើតទម្រង់ប្រើប្រាស់សម្រាប់ភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោត ដែលទម្រង់នេះខុសពីនីតិវិធីរបស់ គ.ជ.ប គឺទម្រង់បែបបទពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) ដែលទម្រង់នេះគេអាចទាញយកបានយ៉ាងស្រួលពីគេហទំព័ររបស់ គ.ជ.ប។

ស្ទើរតែគ្រប់ការិយាល័យចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស នៅពេលសង្កេតការណ៍ក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ភ្នាក់ងារគណបក្សនេះបានបង្កការអុកឡុកនៅក្នុងការិយាល័យចុះឈ្មោះ ដោយមានការឈ្លោះប្រកែកគ្នាជាមួយមន្ត្រីចុះឈ្មោះបោះឆ្នោត រួចធ្វើសកម្មភាពលួចថតរូបភាព ថតសំឡេង និងទាញកញ្ឆក់យកឯកសាររបស់សាមីខ្លួនអ្នកចុះឈ្មោះបោះឆ្នោត ដោយពុំបានសុំការអនុញ្ញាត។ 

ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) និងអាជ្ញាធរឃុំ សង្កាត់ បានពន្យល់ភ្នាក់ងាររបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោតមួយចំនួនរួចហើយ ប៉ុន្តែភ្នាក់ងារគណបក្សនៅតែចចេសប្រតិកម្មមិនព្រមស្ដាប់តាមការណែនាំ ហើយបានប្រើគ្រប់វិធីសាស្ត្រ បង្កភាពរញ៉េរញ៉ៃ ដើម្បីបញ្ឆេះដល់ ក.ច.ប និងអាជ្ញាធរឃុំ សង្កាត់ រួចក៏ទាញយកកាមេរ៉ាទូរស័ព្ទដៃលួចថតសកម្មភាពផ្សេងៗ បន្ទាប់មកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ធ្វើការបកស្រាយបំផ្លើសតាមក្រោយថា ក.ច.ប និងអាជ្ញាធរឃុំ សង្កាត់ធ្វើខុសនីតិវិធី និងបិទសិទ្ធិភ្នាក់ងារគណបក្សខ្លួនមិនឱ្យធ្វើសកម្មភាពថតរូប ថតសំឡេង និងកត់ត្រាទិន្នន័យអ្នកបោះឆ្នោត។ 

នៅក្នុងដំណាក់កាលនៃការដាក់ពាក្យបណ្ដឹងជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បន្ទាប់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានដាក់ពាក្យបណ្ដឹងលើអ្នកចុះឈ្មោះបោះឆ្នោត ក.ច.ប និងអាជ្ញាធរពាក់ព័ន្ធ គ.ជ.ប បានធ្វើការចុះផ្ទាល់ទៅដល់កន្លែងកើតហេតុនីមួយៗ ហើយបានស៊ើបអង្កេតយ៉ាងច្បាស់លាស់ចំពោះករណីនីមួយៗ ហើយបានសួរនាំសាក្សី និងអ្នកពាក់ព័ន្ធផ្សេងៗទៀត មុននឹងសម្រេចលើបណ្ដឹងនីមួយៗរបស់គណបក្សនេះ។ ចំពោះពាក្យបណ្ដឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យភាគច្រើន គឺមិនមានភស្តុតាងគតិយុត្តគ្រប់គ្រាន់ និងគ្មានអង្គហេតុច្បាស់លាស់ ដែលបញ្ជាក់ថា អ្នកចុះឈ្មោះបោះឆ្នោត ឬ ក.ច.ប ឬអាជ្ញាធរឃុំ សង្កាត់ បានប្រព្រឹត្តខុសពីបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ឡើយ។ 

គ.ជ.ប ក៏បានកត់សម្គាល់ឃើញទៀតថា ការវាយប្រហារយ៉ាងគឃ្លើនរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មកលើគ្រប់រចនាសម្ព័ន្ធ និងស្ថាប័នជាតិ តាំងពីរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត រដ្ឋសភា ស្ថាប័នកំពូលៗរបស់រដ្ឋ ក្រុមប្រឹក្សាធម្មនុញ្ញ គ.ជ.ប អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ គ្រប់គណបក្សនយោបាយទាំងប្រឆាំងទាំងកាន់អំណាច រហូតដល់ប្រជាពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោត ពុំព្រមងើបឡើងប្រឆាំងនឹងការដឹកនាំបច្ចុប្បន្ន ទាំងនោះគឺគ្មានអ្វីក្រៅតែពីដើម្បីបោកប្រាស់ខ្មែរទូទាំងប្រទេសឱ្យឃើញថា មានតែគណបក្សខ្លួនទេ ដែលស្រឡាញ់ជាតិ និងប្រជាជនជាងគេគ្មាននរណាដល់ ក្រៅពីនោះ គឺសុទ្ធតែក្បត់ឆន្ទៈរាស្ត្រ បំផ្លាញជាតិ ហេតុដូច្នេះហើយបានជាគណបក្សនេះប្រើពាក្យស្លោក៖

“ប្រទេសរបស់យើង បើអត់សម្ព័ន្ធ (LDP) ទេ គឺរលាយហើយ”

ពាក្យស្លោកនេះ មានខ្លឹមសារប្រហាក់ប្រហែលគ្នានឹងខ្លឹមសារចែងក្នុងរដ្ឋធម្មនុញ្ញនៃរបប ប៉ុល ពត សម័យកម្ពុជាប្រជាធិបតេយ្យ។ ខ្មែរគ្រប់រូបធ្លាប់ភ្លក់រសជាតិនេះហើយ ពុំអាចបំភ្លេចបានទេ។

កំណត់សម្គាល់យ៉ាងសំខាន់មួយទៀត គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានអួតអាងយករបាយការណ៍កម្រាស់ជាង ១៨០០ទំព័រ ដែលវាយប្រហារជាតិសាសន៍ខ្លួនឯង ទៅអួតប្រាប់បរទេស និងអន្តរជាតិឱ្យឃើញថា មានតែគណបក្សអញទេដែលល្អឥតខ្ចោះ រីឯគណបក្ស និងស្ថាប័នផ្សេងៗទៀត សុទ្ធតែអាក្រក់ទាំងអស់។ គណបក្សនេះស្មានខុសថា បរទេសនានាគេនឹងឱ្យតម្លៃខ្លួនខ្ពស់ តែភ្លេចគិតថា បរទេសទាំងនោះគេនឹងពេបជ្រាយពីក្រោយខ្នង ដោយវាយតម្លៃយ៉ាងច្បាស់ថា៖

“ជាតិសាសន៍គ្នាវា វាគង់ស្អប់គ្នាវាដល់ឆ្អឹង តើមានហេតុផលអ្វីវាមកស្រឡាញ់ជាតិសាសន៍ដទៃនោះ?”  គ្រប់បរទេស គឺគេគិតដូច្នេះ។

គ.ជ.ប បានសង្កេត និងកត់សម្គាល់ឃើញនូវគ្រោះថ្នាក់ដ៏ធំមួយ ដែលប៉ះពាល់ដល់ជោគវាសនាអនាគតរបស់យុវជនផ្ទាល់ ដែលដើរតាមគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពីព្រោះគណបក្សនេះ បានអប់រំបង្រៀន និងផ្ដល់នូវចិត្តគំនិត អាកប្បកិរិយា សម្ដីសំដៅ ចំនួន ៣ សម្រាប់សកម្មជនរបស់គេ គឺ៖

១.និយាយអ្វី ក៏មិនស្ដាប់

២.ឱ្យធ្វើអ្វី ក៏មិនធ្វើ

៣.មានឱកាស គឺប្រឆាំងតបត។

ចិត្តគំនិត និងអាកប្បកិរិយា សម្ដីទាំង ៣ប្រភេទនេះ នឹងនាំដល់យុវជនឱ្យស្អប់ខ្ពើមយកជាតិសាសន៍ខ្លួនឯងជាសត្រូវ ជាលទ្ធផលយុវជនទាំងនោះនឹងទទួលមកវិញសុទ្ធតែសត្រូវជុំទិស។

ដើម្បីពង្រឹងកិច្ចសហការជាមួយគណបក្សនយោបាយបន្ថែមអំពីសិទ្ធិ និងកាតព្វកិច្ច ដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត គ.ជ.ប សូមធ្វើការរំលឹកដល់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ថា មុននឹងធ្វើការចោទប្រកាន់មកលើបុគ្គលណាមួយ ឬស្ថាប័នណាមួយ សូមមេត្តាពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកច្បាប់ជាមុនសិន ដើម្បីមានភស្តុតាងច្បាស់លាស់ និងចៀសវាងការលាបពណ៌ពីសទៅខ្មៅ ក្នុងចេតនាញុះញង់ឱ្យសាធារណជនយល់ច្រឡំ រើសអើងជាតិសាសន៍ខ្លួនឯង និងបង្កអសន្តិសុខសង្គម។

គ.ជ.ប ក៏សូមធ្វើការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្ដល់មតិយោបល់ និងកែសម្រួលករណីមានកំហុសឆ្គង ក្នុងន័យរិះគន់ដើម្បីស្ថាបនា ដែលពោរពេញដោយការគោរពសិទ្ធិអ្នកដទៃ មានការយោគយល់គ្នាទៅវិញទៅមក ហើយត្រូវប្រកបដោយសេចក្ដីស្មោះត្រង់ និងការលើកទឹកចិត្ត។

 គ.ជ.ប សូមគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមជាមួយ គ.ជ.ប បន្តទៀត នៅក្នុងឆ្នាំ២០២១ និងឆ្នាំខាងមុខ ដើម្បីគោរពឱ្យខាងតែបាននូវសិទ្ធិរបស់ម្ចាស់ឆ្នោត និងធានាថាគ្មានទេអស្ថិរភាពក្រោយការបោះឆ្នោត ដោយតម្កល់សន្តិភាព និងការអភិវឌ្ឍជាធំ៕

 

ទាញយកកម្មវិធី(App) CamNEC News