សេចក្តីជូនដំណឹង លេខ ០៧២ ៖ គ.ជ.ប នឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅប្រទេសឥណ្ឌាតាមប្រព័ន្ធអនឡាញ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិតាមប្រព័ន្ធអនឡាញ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានៅរដ្ឋប៊ីហា (Bihar) ឆ្នាំ២០២០ នៃប្រទេសឥណ្ឌា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។

តបតាមការអញ្ជើញនេះ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប កម្ពុជា បានចាត់តាំងប្រតិភូ គ.ជ.ប ចំនួន ២រូប ដើម្បីឱ្យចូលរួមក្នុងកម្មវិធីនេះ រួមមាន៖

  • ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប 
  • ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប 

កម្មវិធីសង្កេតកាណ៍តាមប្រព័ន្ធអនឡាញដែល គ.ជ.ប ឥណ្ឌា បានបង្កើតឡើងនេះ ស្របពេលដែល ប្រទេសឥណ្ឌា និងពិភពលោកកំពុងទទួលរងការគំរាមកំហែងពីជំងឺកូវីដ ១៩។ កម្មវិធីនេះ ក៏ជាការចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗក្នុងដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដ៏ធំបំផុតនៅប្រទេសឥណ្ឌា ក៏ដូចជាការបោះឆ្នោតប្រកបដោយសុវត្ថិភាពក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបន្តកើតមាននៅក្នុងប្រទេសនេះផងដែរ។

ប្រជាពលរដ្ឋនៅរដ្ឋប៊ីហា (Bihar) ជាង ៧២លាននាក់ នឹងត្រូវចេញទៅបោះឆ្នោត ដើម្បីជ្រើសតាំងសមាជិកសភា ចំនួន ២៤៣រូប។ ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅជា ៣ ដំណាក់កាល ៖

  • ដំណាក់កាលទី១ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០
  • ដំណាក់កាលទី២ ប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០
  • ដំណាក់កាលទី៣ ប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០

ប្រតិភូ គ.ជ.ប កម្ពុជា នឹងចូលរួមសង្កេតការណ៍យ៉ាងយកចិត្តទុកដាក់លើដំណើរការបោះឆ្នោតនេះ តាមប្រព័ន្ធអនឡាញពីប្រទេសកម្ពុជា៕

 

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778