សេចក្តីប្រកាសព័ត៌មាន លេខ ០៦៩ ៖ ភាគីពាក់ព័ន្ធការបោះឆ្នោតកោតសរសើរ និងអបអរសាទរចំពោះ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ បើទោះបីជាមិនទទួលបានលទ្ធផលល្អឥតខ្ចោះក៏ដោយ ប៉ុន្តែភាគីពាក់ព័ន្ធការបោះឆ្នោតបានសម្តែងការកោតសរសើរ និងអបអរសាទរចំពោះលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។

លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០  អ្នកចុះឈ្មោះបោះឆ្នោតថ្មី សរុបមានចំនួន ២៥៦.៥៤៥នាក់ ស្មើនឹង ៨៥.៤០% នៃចំនួនប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះ សរុបមានចំនួន ៣០០.៣៩០នាក់។ សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវបញ្ចប់នៅត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៥:៣០នាទីល្ងាចនេះ។

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃនេះបានប្រព្រឹត្តទៅនៅទីស្ដីការ គ.ជ.ប ដឹកនាំអង្គប្រជុំដោយ ឯកឧត្តម ហែល សារ៉ាត់ សមាជិក គ.ជ.ប ។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC) និងតំណាងគណបក្សនយោបាយមួយចំនួនទៀត បានគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីបោះឆ្នោត ដែលបានបំពេញតួនាទីក្នុងនាមជាអ្នកបម្រើសេវាជូនម្ចាស់ឆ្នោត រហូតទទួលបានលទ្ធផលមួយល្អ។ ទន្ទឹមនឹងនេះភាគីពាក់ព័ន្ធក៏បានចោទសួរ និងស្នើសុំ គ.ជ.ប នូវការងារមួយចំនួនដូចខាងក្រោម៖

  • ស្នើធ្វើវិសោធនកម្មលើប្រការមួយចំនួននៅក្នុងបទបញ្ជា និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ជាពិសេសគឺទាក់ទងនឹងប្រការដាក់ភ្នាក់ងារគណបក្សនយោបាយ។ 
  • ស្នើសុំឱ្យមានផ្លាស់ប្តូរសម្ភារៈសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ជាពិសេសកុំព្យូទ័រ ព្រោះសម្ភារៈទាំងនោះចាស់ៗប្រើយូរឆ្នាំហើយ។
  • តើ គ.ជ.ប មានផែនការពន្យារពេលចុះឈ្មោះដែរឬទេ?

ឆ្លើយតបទៅនឹងការស្នើរបស់អង្គការ NICFEC ក៏ដូចជាតំណាងរបស់គណបក្សនយោបាយ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថាឯកឧត្តមទទួលយកសំណើនេះទៅពិចារណា និងពិភាក្សាក្នុងអង្គប្រជុំ គ.ជ.ប ហើយក៏បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ដែលបានកោតសរសើរមកលើកការងាររបស់ គ.ជ.ប។ ចំពោះការលើកឡើងពីការពន្យារពេលនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ឯកឧត្តមបញ្ជាក់យ៉ាងច្បាស់ថាគឺមិនមានទេ។  ឯកឧត្តមបានបន្ថែមថាគ្មានការងារណាល្អឥតខ្ចោះទេ ដូចនេះចាំបាច់ណាស់ត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យដំណើរការចុះឈ្មោះបោះឆ្នោត ក៏ដូចជាការបោះឆ្នោតកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តមឱ្យដឹងថាគិតត្រឹមថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះ បណ្តឹងសរុបមានចំនួន ១០៣បណ្តឹង ដែលជាបណ្តឹងមកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សប្រជាជនកម្ពុជា និងក្រុមចុះឈ្មោះបោះឆ្នោត។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ឌឹម សុវណ្ណារុំ ក៏បានសម្តែងនូវមោទនភាពចំពោះប្រជាពលរដ្ឋដែលចូលរួមយ៉ាងសកម្មក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ជាងនេះទៅទៀតឯកឧត្តមក៏បានកោតសរសើរមន្ត្រីបោះឆ្នោតទាំងអស់ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងភាពជាអ្នកបម្រើសេវាជូនម្ចាស់ឆ្នោតគ្រប់កាលៈទេសៈ មិនថាឆ្លងទឹក ចុះអូរ ជិះទូក ក៏ដោយ ត្រូវតែធ្វើយ៉ាងណាឱ្យទៅដល់គោលដៅដែលមានប្រជាពលរដ្ឋរស់នៅ។ ក្នុងន័យធ្វើយ៉ាងណាឱ្យតែប្រជាពលរដ្ឋដែលបានបំពេញលក្ខខណ្ឌត្រឹមត្រូវស្របតាមច្បាប់ត្រូវតែមានសិទ្ធិមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឆ្លើយតបទៅនឹងសំណើសម្ភារៈសម្រាប់បម្រើឱ្យការចុះឈ្មោះបោះឆ្នោតថា គ.ជ.ប បានពិនិត្យឃើញថាសម្ភារៈទាំងអស់នេះពិតជាចាស់មែនព្រោះបានយកមកប្រើតាំងពីឆ្នាំ២០១៦ មកម្លេះ។ ជាពិសេសគឺបានដឹកជញ្ជូនទៅមកជាច្រើនលើកច្រើនសារពីឃុំ សង្កាត់មកលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត រួមទាំងដឹកជញ្ជូនបន្តមក គ.ជ.ប។ ហេតុនេះហើយច្បាស់ជាមានការខូចខាត់មួយចំនួន។ បច្ចុប្បន្ន គ.ជ.ប ក៏មានគម្រោងប្តូរសម្ភារៈទាំងនេះដែរ ដោយបានធ្វើសំណើទៅកាន់ភាគីជប៉ុន ដើម្បីជួយដោះស្រាយលើការងារនេះ។

សូមជម្រាបជូនថា កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃនេះមានប្រធានបទសំខាន់ពីរ គឺលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងបណ្តឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត។ ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនេះមានចំនួន ៧៥នាក់ មកពីក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៦ អង្គភាពសារព័ត៌មាន ចំនួន ១៤ និងគណបក្សនយោបាយ ចំនួន ១៥។

ឯកសារផ្សព្វផ្សាយរបស់ឯកឧត្តម  ហែល សារ៉ាត់ សមាជិក គ.ជ.ប មានបង្ហោះនៅលើគេហទំព័រ គ.ជ.ប  www.nec.gov.kh/khmer/content/4658

 

ទាញយកកម្មវិធី(App) CamNEC News