សេចក្តីប្រកាសព័ត៌មាន លេខ ០៥៤ ៖ គ.ជ.ប បន្តអំពាវនាវអញ្ជើញប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

បើទោះបីជារយៈពេលប្រាំពីរថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានអ្នកចុះឈ្មោះបោះឆ្នោតថ្មី សរុបចំនួន ១០៤.៦៩១នាក់ ស្មើនឹង ៣៤.៨៥% អ្នកលុបចេញពីបញ្ជី មានចំនួន ៣៥.៧១០ (សាមសិបប្រាំពាន់ ប្រាំពីររយដប់) នាក់ អ្នកកែតម្រូវទិន្នន័យ មានចំនួន ៣០.៣៦៣ (សាមសិបពាន់ បីរយហុកសិបបី) នាក់ និងអ្នកផ្ទេរចូល មានចំនួន ២៩.៣៧៩ (ម្ភៃប្រាំបួនពាន់ បីរយចិតសិបប្រាំបួន) នាក់ ក៏ដោយ គ.ជ.ប នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមកចូលរួមក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល សរុប ៧១នាក់ ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំបានបញ្ជាក់ថា ក្នុងរយៈពេលប្រាំពីរថ្ងៃនេះនៅតាមបណ្តាឃុំ សង្កាត់មួយចំនួននៃរាជធានី ខេត្តទូទាំងប្រទេសបានជួបប្រទះនូវបញ្ហាអាកាសធាតុ និងបញ្ហាប្រឈមមួយចំនួនទៀត ប៉ុន្តែមិនបានធ្វើឱ្យរាំងស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។ ទាំងនេះគឺដោយសារមានកិច្ចសហការយ៉ាងស្អិតរមួតរវាងអ្នកបច្ចេកទេសថ្នាក់ជាតិ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមចុះឈ្មោះ និងភាគីពាក់ព័ន្ធផ្សេងទៀត បានដោះស្រាយទាន់ពេលវេលា។ 

តាមផែនការ ក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចល័តការិយាល័យចុះឈ្មោះទៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដើម្បីបង្ខិតសេវាចុះឈ្មោះបោះឆ្នោតឱ្យកាន់តែខិតជិតលំនៅឋានរបស់ប្រជាពលរដ្ឋ។ ការចល័តនេះមានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ហើយនឹងវិលត្រឡប់មកចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់វិញ នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឌុច សុន បានអំពាវនាវឱ្យប្រជាពលរដ្ឋមកចូលរួមពិនិត្យមើលឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ការិយាល័យចុះឈ្មោះបោះឆ្នោត បើកធ្វើការជារៀងរាល់ថ្ងៃ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២:០០នាទី ដល់ម៉ោង ៥:៣០នាទីល្ងាច។

ក្នុងកិច្ចប្រជុំនេះតំណាងគណបក្សនយោបាយ បានលើកឡើងនូវសំណូមពរ និងចោទជាសំណួរមួយចំនួនពាក់ព័ន្ធនឹងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ 

តំណាង គ.ជ.ប ដែលរួមមាន ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប និងឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានឆ្លើយតបទៅនឹងសំណូមពរ និងសំណួរ ដោយឈរលើគោលការណ៍ច្បាប់បទបញ្ជា និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធផ្សេងទៀត និងមិនធ្វើតាមការចង់បានរបស់បុគ្គល ឬក្រុមណាមួយឡើយ។

គ.ជ.ប មានយន្តការការងារចំនួនបី ក្នុងការដោះស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងដំណើរការងារនៅពេលនេះរួមមាន ៖

  • យន្តការនៃកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ
  • យន្តការតាមរយៈលិខិតរដ្ឋបាល
  • យន្តការបណ្តឹងតាមច្បាប់ជាធរមាន។

សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នេះ គឺជាលើកទី៥ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដែលជាប្រព័ន្ធទំនើប បើគិតចាប់តាំងពីឆ្នាំ២០១៦មក។ កម្មវិធីនេះ ទទួលបានតម្លាភាព ប្រសិទ្ធភាព និងមានផលវិជ្ជមាន ដូចខាងក្រោម៖

  • ការធានានូវការដៅសម្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត ដែលមានតែមួយគត់ក្នុងបញ្ជីបោះឆ្នោត តាមរយៈការរក្សាទុកខ្ចៅដៃ រូបថត លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអត្តលេខរបស់សាមីខ្លួន ក្នុងប្រព័ន្ធកុំព្យូទ័រ និងបញ្ជីបោះឆ្នោត
  • ធានាថា អ្នកបោះឆ្នោតម្នាក់ៗមានឈ្មោះតែមួយគត់នៅក្នុងបញ្ជីបោះឆ្នោត
  • ធានាថា គុណភាពនៃបញ្ជីបោះឆ្នោតមានសុក្រឹត្យភាព ភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព
  • ងាយស្រួលក្នុងការស្វែងរកឈ្មោះ ទិន្នន័យ និងទីតាំងការិយាល័យរបស់អ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ គេហទំព័រ គ.ជ.ប ឬកម្មវិធីទូរស័ព្ទដៃ (Mobile App)
  • ធ្វើឱ្យកាន់តែមានជំនឿទុកចិត្តលើប្រព័ន្ធបោះឆ្នោត និងលើ គ.ជ.ប៕

 

ទាញយកកម្មវិធី(App) CamNEC News