សេចក្តីប្រកាសព័ត៌មាន លេខ ០៣៣ ៖ សារគន្លឹះៗរបស់ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ក្នុងឱកាសចុះពង្រឹងកោសិកានៃការបោះឆ្នោតនៅតាមបណ្តា លធ.ខប ទាំង ២៥

ចាប់តាំងពីដើមខែមិថុនា រហូតមកដល់ដើមខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានចុះដោយផ្ទាល់នៅតាមបណ្តាលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង២៥ ដើម្បីពង្រឹងកោសិកានៃការបោះឆ្នោត។ ការចុះដោយផ្ទាល់របស់ឯកឧត្តមប្រធាន ត្រូវបានបែងចែកជាបីដំណាក់កាល ក្នុងដំណាក់កាលនីមួយៗមានខ្លឹមសារគន្លឹះៗដែលជាត្រីវិស័យនៃការងារបោះឆ្នោត។

ដំណាក់កាលទី១ ៖ ចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ រួមមាន លធ.ខប នៃខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ធំ។ ក្នុងពិធីសំណេះសំណាលមួយលើកៗដែលមានរយៈពេលមិនតិចជាង ៣ម៉ោង ឯកឧត្តមប្រធានបានផ្តល់សារ

សំខាន់ៗដូចខាងក្រោម៖ 

  • មានតែការបោះឆ្នោតនេះឯង ទើបធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍ។
  • ការបោះឆ្នោត គឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ ព្រោះធ្វើឱ្យប្រជាពលរដ្ឋទូទៅទទួលបាននូវបណ្តាសិទ្ធិ ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស។
  • នៅពេលដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបបានបំពេញលក្ខខណ្ឌត្រឹមត្រូវតាមច្បាប់ ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចូលរួមបោះឆ្នោតបាន ហើយសន្លឹកឆ្នោតរបស់ពួកគាត់ត្រូវតែរាប់យ៉ាងត្រឹមត្រូវ និងមានតម្លាភាពជាទីបំផុត នោះប្រជាពលរដ្ឋមានជំនឿទុកចិត្តលើការបោះឆ្នោត និងស្ថាប័ន គ.ជ.ប។
  • ក្នុងចក្ខុវិស័យរបស់ គ.ជ.ប ខ្ញុំនឹងដឹកនាំធ្វើកំណែទម្រង់ការបោះឆ្នោតជាបន្តទៀត ដើម្បីសម្រួលការងារ និងដើរឱ្យទាន់ការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) តាមរយៈ ៖
    • ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងន័យបញ្ចៀសការដែលបេក្ខជន ១រូប ឈរឈ្មោះឱ្យគណបក្សនយោបាយពីរ ឬបី 
    • ការប្រកាសលទ្ធផលនៃការបោះឆ្នោតដែលរួមមាន៖
      • ការទទួល និងការបញ្ជូនលទ្ធផលបោះឆ្នោត
      • ការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត
      • ការបែងចែកអាសនៈ
      • ការស្រង់បេក្ខជនជាប់ឆ្នោត។

ដំណាក់កាលទី២ ៖ ចាប់ផ្តើមពីថ្ងៃ១៥ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ រួមមានខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង ឯកឧត្តមប្រធានបន្តសាររបស់ឯកឧត្តមក្នុងខ្លឹមសារថា៖

  • គ.ជ.ប នឹងខិតខំដោះស្រាយរាល់ទុក្ខលំបាករបស់ លធ.ខប ដែលបានជួបប្រទះនាពេលកន្លងមក ក្នុងន័យធ្វើឱ្យកោសិកានៃការបោះឆ្នោតនៅមូលដ្ឋានឱ្យកាន់តែប្រសើរថែមទៀត។
  • ខ្ញុំសូមកោតសរសើរមន្រ្តីបោះឆ្នោតរបស់យើងក្នុងការដោះស្រាយរាល់បញ្ហាដ៏លំបាកទាក់ទងនឹងស្ថានភាពភូមិសាស្រ្តនៅក្នុងខេត្តនីមួយៗ ដើម្បីបំពេញតួនាទីក្នុងភាពជាអ្នកបម្រើសេវាជូនម្ចាស់ឆ្នោត ហើយត្រូវត្រៀមសេវានេះឱ្យបានល្អបន្តទៀត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
  • ខ្ញុំបានឃើញនៅបណ្តា លធ.ខប ដទៃទៀតទូទាំងប្រទេសដែលបានខិតខំប្រឹងប្រែងក្នុងការងារបោះឆ្នោត នេះជាវីរភាពមួយរបស់មន្ត្រីបោះឆ្នោតទាំងអស់ ដែលបានរៀបចំការបោះឆ្នោតដោយខ្លួនឯងតាំងពីឆ្នាំ១៩៩៨ រហូតមកដល់ពេលនេះ។ ប្រជាពលរដ្ឋខ្មែរពិតជាមានអ្នកដែលគេធ្វើល្អ គេចេះគោរពច្បាប់ គោរពមហាជន និងស្រឡាញ់ពលរដ្ឋដែរតើ!។
  • យើងត្រូវតែបន្តប្រើប្រាស់មធ្យោបាយទាំងអស់នេះតទៅទៀត ដែលនេះហើយភាពជាអ្នកបម្រើសេវារបស់ គ.ជ.ប។
  • ជនជាតិដើមភាគតិច ឬប្រជាពលរដ្ឋទូទៅត្រូវតែមានសិទ្ធិចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត ប្រសិនបើពួកគេមានឯកសារត្រឹមត្រូវតាមច្បាប់។ សន្លឹកឆ្នោតរបស់មនុស្សម្នាក់គ្មានការរើសអើង ស្មើនឹងមួយសំឡេងដូចគ្នា មិនថាអ្នកមាន ឬអ្នកក្រ អ្នកតូច ឬអ្នកធំ ឬជនជាតិដើមភាគតិចនោះទេ។ 
  • ក្នុងនាមជាមន្ត្រីបោះឆ្នោតត្រូវគោរពសិទ្ធិម្ចាស់ឆ្នោត ត្រូវស្រឡាញ់ និងបម្រើម្ចាស់ឆ្នោត។ គេមានសិទ្ធិមកបោះឆ្នោត និងមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត នេះហើយដែលគេហៅថា ប្រជាធិប-តេយ្យនោះ។
  • ឯកឧត្តមប្រធានបានរម្លឹកឡើងវិញថា ភាគីសំខាន់ៗដែលពាក់ព័ន្ធជាមួយការបោះឆ្នោត គឺមាន ១១ អង្គភាព និងស្ថាប័នដែលរួមមាន៖

១. អ្នកបោះឆ្នោត

២. គណបក្សនយោបាយ និងបេក្ខជន

៣. រដ្ឋសភា

៤. អាជ្ញាធរដែនដី

៥. អង្គភាពដោះស្រាយវិវាទការបោះឆ្នោត

៦. អង្គការសង្គមស៊ីវិល

៧. ស្ថាប័នតុលាការ

៨. ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន

៩. សហគមន៍ផ្តល់ជំនួយ និងភ្នាក់ងារជំនួយអន្តរជាតិ

១០. អ្នកត្រួតពិនិត្យការបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ

១១. មន្ត្រីរៀបចំការបោះឆ្នោត។

  • ឯកឧត្តមប្រធានបានអះអាងថា ឯកឧត្តមធ្វើអ្វីក៏ដោយត្រូវអនុវត្តទៅតាមច្បាប់។ មន្ត្រីបោះឆ្នោតត្រូវរៀនសូត្រ និងស្គាល់ក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោតដែលជាត្រីវិស័យនៃការងាររបស់យើង។
  • ក្នុងនាមយើងជាមន្រ្តីបោះឆ្នោតត្រូវតែប្រកាន់ខ្ជាប់គោលការណ៍ផ្សេងទៀត គឺឯករាជ្យ អព្យាក្រឹតភាព សុចរិតភាព តម្លាភាព ប្រសិទ្ធភាព និងវិជ្ជាជីវភាព។ បើអនុវត្តតាមគោលកាណ៍ទាំងនេះបាន គ្មាននរណាហ៊ានតវ៉ា ហើយពិតជាបានទទួលស្គាល់ពីម្ចាស់ឆ្នោត និងគ្រប់ភាគីពាក់ព័ន្ធ។ កន្លងមក គ.ជ.ប ធ្វើបាន ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៨។
  • នៅពេលណាយើងធ្វើបានល្អ ធ្វើបានត្រឹមត្រូវ មហាជនគេគាំទ្រគេសរសើរ ហើយមហាជនគេមិនល្ងង់ទេ បើធ្វើអាក្រក់គេដឹងភ្លាម នេះហើយជាស្នាដៃរបស់យើង ត្រូវធ្វើឱ្យបានល្អតទៅទៀតការងារបោះឆ្នោតរបស់យើង។
  • ការដែលមានគេមកចូលរួមជាមួយយើងដោយសារតែយើងដឹកនាំបានត្រឹមត្រូវ។ បើសិនមេមិនល្អ ប្រទេសខ្ទេចខ្ទីគ្មានសល់អ្វីទេ ជាក់ស្តែងក្មួយៗបានឃើញស្រាប់ហើយ ក្នុងរបបខ្មែរក្រហម ដោយសារតែមេដឹកនាំពូកែបោកប្រាស់សន្យាថានឹងធ្វើឱ្យសង្គមមួយល្អឥតខ្ចោះ ស្មើភាពគ្នា តែទីបំផុតដល់ដណ្តើមបានអំណាចមក ប្រទេសទាំងមូលខ្ចេចទៅជាផេះគ្មានសល់។
  • ការបោះឆ្នោតនេះ គឺសំខាន់ណាស់ក្នុងការចូលរួមថែរក្សាស្ថិរភាព និងសុខសន្តិភាពរបស់ប្រទេស ដូចយើងបានឆ្លងកាត់រួចមកហើយនាពេលកន្លងមក វិបត្តិដែលកើតមានឡើងក្រោយការបោះឆ្នោតមិនថានៅប្រទេសកម្ពុជា ឬនៅប្រទេសដទៃ។
  • រឿងបោះឆ្នោតនេះ គឺរសើបណាស់ ចុះបើយើងរៀបចំការបោះឆ្នោតបានល្អ តើគេមកតវ៉ារឿងអី តវ៉ាម៉េចនឹងកើត!។
  • តួនាទីមន្ត្រីបោះឆ្នោតមិនថាតែនៅកម្ពុជាទេ គឺសំខាន់ណាស់សម្រាប់ប្រទេសជាតិមួយ ដែលត្រូវរក្សាបាននូវអ្វីដែលយើងកំពុងតែមានតាមរយៈការបោះឆ្នោត។
  • គ្មានការងារណាដែលល្អឥតខ្ចោះនោះទេ អ‍៊ីចឹងការកែទម្រង់ គឺដើម្បីលុបបំបាត់រាល់បញ្ហាដែលនៅសេសសល់ ហើយនេះជាការងារធម្មតា ពីព្រោះសង្គមវិវត្តទៅមុខ។ ជាពិសេសទៅទៀត មន្ត្រីបោះឆ្នោតត្រូវខិតខំពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
  • យើងនឹងរៀបចំការបោះឆ្នោតឱ្យកាន់តែសុក្រឹតថែមទៀត ដោយលុបបំបាត់រាល់បញ្ហាដែលនៅសេសសល់ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានភាពរំជើបរំជួលក្រោយការបោះឆ្នោត ទើបយើងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនតទៅមុខទៀត។

ដំណាក់កាលទី៣ ៖ ចាប់ផ្តើមពីថ្ងៃ២៨ ខែសីហា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត កែប និងខេត្តតាកែវ។ ពី លធ.ខប មួយទៅ

លធ.ខប មួយទៀត ឯកឧត្តមប្រធានបានប្រាប់មន្រ្តីក្រោមឱវាទថាលោកបានប្រើពេលវេលាអស់ដើម្បីសិក្សាស្រាវជ្រាវ និងចងក្រងគោលការណ៍នៃការបោះឆ្នោតជាតិ និងអន្តរជាតិ និងទ្រឹស្តីគន្លឹះដ៏មានន័យសម្រាប់អប់រំខ្លួនឱ្យបានល្អ ដើម្បីចែករំលែកក្នុងបទពិសោធន៍ការងាររបស់លោកមិនតិចជាងកន្លះសតវត្សរ៍។ ឯកឧត្តមប្រធាន៖

  • បើទោះបីជាការបោះឆ្នោតកន្លងមក មានគេទទួលស្គាល់ហើយក៏ដោយ គ.ជ.ប នៅតែបន្តធ្វើការកែទម្រង់បន្ថែមទៀត ដើម្បីឱ្យការបោះឆ្នោតកាន់តែប្រសើរទៅៗ ធានាបាននូវស្ថិរភាព សន្តិភាពរបស់ស្រុកទេសយើង ហើយវាមិនមានការបែកបាក់ផ្ទៃក្នុង វាមិនស្អប់ខ្ពើមជាតិសាសន៍គ្នាឯង។ 
  • ការកែទម្រង់ការបោះឆ្នោត គឺជាឆន្ទៈដ៏មោះមុតរបស់ខ្ញុំ បើអ‍៊ីចឹង តើធ្វើនេះ សម្រាប់ប្រយោជន៍អ្នកណាហ្នឹង? មិនប្រយោជន៍ខ្មែរទាំងអស់គ្នាហ្នឹង! ចូលរួមធ្វើការបោះឆ្នោតឱ្យបានត្រឹមត្រូវ តាមបណ្តាគោលការណ៍ទាំងអស់ គឺគ្មានភាគីណាគេបដិសេធលទ្ធផលរបស់យើងទេ។ 
  • ការបន្តការកែទម្រង់ការបោះឆ្នោត គឺដើម្បីធ្វើឱ្យកាន់តែល្អប្រសើរដល់ដំណើរការបោះឆ្នោត ស្របតាមបំណងប្រាថ្នា និងសេចក្តីជឿទុកចិត្តរបស់ខ្មែរទូទៅ។
  • ខ្ញុំចុះមកធ្វើការកែទម្រង់នេះ គឺខ្ញុំត្រូវស្វែងយល់ឱ្យឃើញថាតើគេកំពុងតែត្រូវការអ្វីនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតនេះ? ធ្វើម៉េចឱ្យមានប្រក្រតីភាពនៃការបោះឆ្នោត? ការងារបច្ចេកទេសយ៉ាងម៉េច? ហើយតើត្រូវប្រយ័ត្នប្រយែងយ៉ាងម៉េចខ្លះ បើទោះបីយើងធ្វើបានហើយ ប៉ុន្តែចំណុចដែលនៅសេសសល់ គឺត្រូវការជួយពីថ្នាក់កណ្ដាល។ ម្ល៉ោះហើយ ថ្នាក់ក្រោមនេះគឺត្រូវខិតខំធ្វើឱ្យបាន ធ្វើម៉េចឱ្យការបោះឆ្នោតនៅពេលដែលចប់ទៅ មានសន្តិភាព និងស្ថិរភាពស្រុកទេស។
  • មន្រ្តីបោះឆ្នោតត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មិនលម្អៀងជាដាច់ខាត។
  • ខ្ញុំធ្វើតែតាមហ្នឹងតើ! (តាមច្បាប់បោះឆ្នោត) ហើយនរណាហ៊ានលម្អៀង អ្នកនោះនឹងទទួលខុសត្រូវ ចំពោះមុខខ្ញុំ ខ្ញុំអត់ត្រូវការបែបហ្នឹងទេ!។
  • មន្ត្រីបោះឆ្នោតនៅមូលដ្ឋាន ត្រូវមានគណនេយ្យភាពចំពោះ គ.ជ.ប ហើយ គ.ជ.ប ត្រូវមានគណនេយ្យភាពចំពោះមុខរដ្ឋសភា។
  • បើចង់ឈ្នះឆ្នោត គ្មានអ្វីក្រៅពីអំពើល្អដែលយើងធ្វើចំពោះគេទេ កត្តាឈ្នះ-ចាញ់ នៅលើអំពើល្អរបស់ការដឹកនាំ ដែលឈានទៅរកការបោះឆ្នោត មិនមែនចេញមកពីការលួចសន្លឹកឆ្នោត ឬប្រឡិមប្រឡុំសន្លឹកឆ្នោតទេ។ ប្រជាពលរដ្ឋម្នាក់គូសលើសន្លឹកឆ្នោតបានតែមួយសន្លឹកទេ ដូចនេះយើងមិនអាចទៅប៉ះពាល់ការសម្ងាត់របស់គេទេ ព្រោះបទបញ្ជា និងនីតិវិធី បានចែងលម្អិតសម្រាប់ឱ្យប្រជាពលរដ្ឋទៅធ្វើជាម្ចាស់ឆ្នោតឱ្យបានត្រឹមត្រូវបំផុតតាមរយៈការបោះឆ្នោត ដែលជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ។ 
  • ឯកឧត្តមប្រធានបានអំពាវនាវឱ្យមានការសហការគ្នាល្អរវាងមន្រ្តីបោះឆ្នោត និងអាជ្ញាធរ ដើម្បីមានបញ្ជីបោះឆ្នោតប្រចាំឆ្នាំដែលមានភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព។
  • ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ត្រូវមានគណនេយ្យភាពចំពោះមុខគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសិទ្ធិសម្រេចបណ្ដេញប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតណាមួយ ក្នុងករណីបានប្រព្រឹត្តផ្ទុយពីច្បាប់បោះឆ្នោតជាធរមាន បទបញ្ជាផ្ទៃក្នុង បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត ឬក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោត។ ព្រមជាមួយគ្នានេះ គ.ជ.ប ក៏ត្រូវមានគណនេយ្យភាពចំពោះមុខរដ្ឋសភាផងដែរ។
  • ខ្ញុំមកស្វែងយល់គ្រប់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ សម្រាប់ឱ្យមន្ត្រីបោះឆ្នោតយល់ថា តួនាទីរបស់ខ្លួនត្រូវធ្វើអី្វ ដើម្បីស្ថិរភាពស្រុកទេសក្រោយការបោះឆ្នោត។ កុំភ្លេចណា៎! មួយជីវិតខ្ញុំ ខ្ញុំមិនដែលល្មើសច្បាប់ទេ!។
  • ខ្ញុំហ៊ានថា ខ្ញុំហ៊ានធ្វើ ហើយធ្វើឱ្យបានល្អក្នុងនាមជាខ្មែរ ដើម្បីស្ថិរភាពស្រុកទេសរបស់ខ្ញុំ បន្ទាប់ពីការបោះឆ្នោតដែលត្រូវទទួលស្គាល់ពីគ្រប់ភាគី។ 
  • ខ្ញុំចុះមកនេះ ខ្ញុំមិនមែនមកបោកប្រាស់មន្រ្តី ឬនរណាឱ្យដើរផ្លូវខុសទេ ហើយភាពជោគជ័យរាល់កិច្ចការទាំងឡាយទាំងពួង គឺស្ថិតនៅលើមេដឹកនាំ បើមេដឹកនាំល្អ គឺល្អហើយ ហើយមេដឹកនាំអាក្រក់ដូច ប៉ុល ពត នឹងនាំគ្រោះថ្នាក់ដល់ជាតិ និងមាតុភូមិ ដូច្នេះខ្ញុំជាមេ ជាប្រធាន គ.ជ.ប ខ្ញុំត្រូវដឹកនាំ គ.ជ.ប ឱ្យបានល្អ មានន័យថាគំនិតខ្ញុំគិតល្អ វាសនាស្រុកទេសខ្ញុំក៏ល្អដែរ។

សូមជម្រាបជូនថា នៅតាមបណ្តា លធ.ខប ទាំង ២៥ គឺបានជួបនឹងទុក្ខលំបាកប្រហាក់ប្រហែលគ្នា ទាក់ទងនឹងការធ្វើឃ្លាំង និងទីតាំងអគារជាកម្មសិទ្ធិរបស់ លធ.ខប។ ឆ្លើយតបនឹងទុក្ខកង្វល់នេះ ឯកឧត្តមប្រធាន គ.ជ.ប បានបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅមាន លធ.ខប ចំនួន ៧ទៀត គឺ រាជធានីភ្នំពេញ កណ្តាល កំពង់ឆ្នាំង បន្ទាយមានជ័យ កំពង់ធំ រតនគិរី និងត្បូងឃ្មុំ ដែលមិនទាន់មានទីស្នាក់ការជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយមួយចំនួនទៀត គឺមិនទាន់មានឃ្លាំង។ ឯកឧត្តមប្រធានបានពន្យល់ថា គ.ជ.ប គឺជាស្ថាប័នរដ្ឋដែលទើបតែត្រូវបានបង្កើតឡើងក្រោយគេនៅឆ្នាំ១៩៩៧ ប៉ុន្តែឯកឧត្តមប្រធានជឿជាក់ថានាពេលខាងមុខនេះ នឹងមានទីតាំងផ្ទាល់ខ្លួននៅគ្រប់ លធ.ខប ទាំង ២៥ រាជធានី ខេត្ត ដើម្បីបង្កភាពងាយស្រួយក្នុងការបំពេញការងារ។

គួរកត់សម្គាល់ដែរថា នេះជាលើកទីមួយហើយ ក្នុងប្រវត្តិនៃ គ.ជ.ប ដែលឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានចុះជួបផ្ទាល់ជាមួយមន្រ្តីបោះឆ្នោតនៅតាមបណ្តា លធ.ខប ទាំង ២៥ ដើម្បីពង្រឹង

កោសិកានៃការបោះឆ្នោត ក្នុងន័យនេះ ឯកឧត្តមប្រធានចង់ឱ្យមន្ត្រីបោះឆ្នោតទាំងអស់កាន់តែស្គាល់ពីតួនាទីរបស់ខ្លួន ដើម្បីរៀបចំបន្តវេន ជាអ្នករៀបចំការបោះឆ្នោតដ៏ល្អសម្រាប់ប្រទេសជាតិ៕

 

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778