សេចក្តីប្រកាសព័ត៌មាន លេខ ០២៦ ៖ ឯកឧត្តមប្រធាន គ.ជ.ប ប្រធាន គ.ជ.ប “ខ្ញុំថា ខ្ញុំធ្វើឱ្យបាន!”

 

នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ទាក់ទងនឹងការចាប់ផ្តើមការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ។

ឆ្លៀតក្នុងឱកាសដែលខកខានមិនបានជួបជាមួយភាគីពាក់ព័ន្ធអស់រយៈពេល ២ឆ្នាំ ចាប់តាំងពីក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៨ មក នៅថ្ងៃនេះឯកឧត្តមប្រធាន គ.ជ.ប មានឱកាសជាថ្មីម្តងទៀត ក្នុងការបង្ហាញនូវទស្សនវិស័យនៃការដឹកនាំ និងការកែទម្រង់ការបោះឆ្នោត។

ឯកឧត្តមប្រធានបានមានប្រសាសន៍ថា ក្នុងនាមជាប្រធាន គ.ជ.ប ជាស្ថាប័នរៀបចំការបោះឆ្នោត ដែលជាស្នូលនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស បានចុះជួបផ្ទាល់ជាមួយសិស្ស និស្សិត សាស្រ្តាចារ្យ និងថ្នាក់ដឹកនាំ នៅតាមបណ្តាភូមិភាគទាំង ៥ នៃប្រទេសកម្ពុជា ហើយគំនិតរបស់ខ្ញុំទាំងអស់គឺបានចងក្រងជាសៀវភៅដែលមានចំណងជើងថា “សម្រង់ប្រសាសន៍ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ក្នុងពិធីបញ្ជ្រាបការយល់ដឹងស្តីពីការបោះឆ្នោត” ហើយនៅក្នុងខ្លឹមសាររបស់សៀវភៅនេះក៏មាននិយាយអំពីថា តើខ្ញុំដឹកនាំ គ.ជ.ប ខ្ញុំទៅផ្លូវណា? 

ខ្ញុំជូនអស់លោកយកទៅមើល អស់លោកនឹងឃើញថាតើមាគ៌ាយុទ្ធសាស្ត្រដែលខ្ញុំដឹកនាំនៅក្នុងការទទួលខុសត្រូវស្ថាប័នមួយដ៏រសើប ពាក់ព័ន្ធនឹងការដឹកនាំការបោះឆ្នោត តើខ្ញុំធ្វើរបៀបណា? “ខ្ញុំថា ខ្ញុំធ្វើឱ្យបាន ” ពីព្រោះខ្ញុំស្រលាញ់ប្រទេសជាតិខ្ញុំតើ! ស្រលាញ់ដោយអំពើល្អ ដោយគោរពច្បាប់។ យើងនិយាយគ្នាឱ្យច្បាស់សម្រាប់ការបោះឆ្នោតទៅមុខ ពីព្រោះវាសនាអនាគតប្រទេស មិនមែនតែសម្រាប់ខ្ញុំទេណា៎! គឺសម្រាប់ទាំងអស់គ្នាណា៎! ហើយខ្ញុំធ្វើការកែទម្រង់នេះ សម្រាប់ធ្វើឱ្យការបោះឆ្នោតមួយ ក្រោយការបោះឆ្នោត គ្មានព្រឹត្តិការណ៍អស្ថិរភាពកើតឡើងក្នុងប្រទេសរបស់ខ្ញុំ អត់មានការមិនទទួលស្គាល់ធ្វើការបោះឆ្នោតហ្នឹងមិនយុត្តិធម៌ អត់មានទេ! គោលដៅខ្ញុំ ខ្ញុំច្បាស់ណាស់!។

ឯកឧត្តមប្រធានបានសង្កត់ធ្ងន់ទៀតថាគោលដៅសំខាន់ ៣ ដែល គ.ជ.ប ត្រូវធ្វើឱ្យខាងតែបានគឺ៖

  1. ប្រជាពលរដ្ឋគ្រប់រូបត្រូវតែអាចចូលរួមបោះឆ្នោតបាន ឱ្យតែបានបំពេញគ្រប់លក្ខខណ្ឌត្រឹមត្រូវតាមការកំណត់នៃច្បាប់
  2. ថ្ងៃបោះឆ្នោតប្រជាពលរដ្ឋងាយទៅបោះឆ្នោត (ការិយាល័យបោះឆ្នោតនៅជិតលំនៅឋានប្រជាពលរដ្ឋ)
  3. សន្លឹកឆ្នោតត្រូវតែរាប់ឱ្យបានត្រឹមត្រូវ និងមានតម្លាភាពជាទីបំផុត។

ឯកឧត្តមប្រធានបានប្រកាសបើកការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៕

ទាញយកកម្មវិធី(App) CamNEC News