សេចក្តីប្រកាសព័ត៌មាន លេខ ០២៣ ៖ ប្រធាន គ.ជ.ប “ហេតុអ្វីបានជា គ.ជ.ប នៅតែបន្តធ្វើកំណែទម្រង់ការបោះឆ្នោត?”

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីសំណេះសំណាលជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ (ល.ធ.ប) និងលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកណ្តាល (ល.ខ.ប) នៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ទាំង ៨រូបទៀត។

 ឆ្លៀតក្នុងឱកាសដ៏កម្រនេះ ឯកឧត្តមប្រធាន គ.ជ.ប បានចោទជាសំណួរទៅកាន់អ្នកចូលរួមថាហេតុអ្វីបានជា គ.ជ.ប នៅតែបន្តធ្វើកំណែទម្រង់ការបោះឆ្នោត? ហេតុអ្វីបានជាប្រធាន គ.ជ.ប ចាំបាច់ត្រូវចុះទៅជួបផ្ទាល់ជាមួយមន្រ្តីតាមបណ្តា លធ.ខប ទាំង ២៥?

 ឯកឧត្តមប្រធាន គ.ជ.ប បានពន្យល់ថា ការធ្វើកំណែទម្រង់នេះ គ.ជ.ប តែងតែធ្វើជាបន្តបន្ទាប់ ព្រោះ គ្មានការងារណាមួយធ្វើល្អឥតខ្ចោះនោះទេ។ ការកែទម្រង់ការបោះឆ្នោត គឺដើម្បីឱ្យសាធារណមតិគេទទួលស្គាល់ការពិតនៃការបោះឆ្នោតនៅកម្ពុជា ហើយគេនឹងមិនអាចបដិសេធបាន ជាពិសេសនឹងមិនមានការធ្វើបាតុកម្មពេញប្រទេស ដែលនាំឱ្យមានការបែកបាក់ផ្ទៃក្នុងរបស់ប្រទេសនោះទេ។ ឯកឧត្តមបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានប្រទេសមិនតិចជាង ៤០ ទេ ដែលមិនទាន់បានរកឃើញសុខសន្តិភាពក្រោយពេលមានបដិវត្តន៍ពណ៌។  ឯកឧត្តមប្រធានបានគូសបញ្ជាក់ថា “បើទោះបីជាការបោះឆ្នោតកន្លងមក មានគេទទួលស្គាល់ហើយក៏ដោយ គ.ជ.ប នៅតែបន្តធ្វើការកែទម្រង់បន្ថែមទៀត ដើម្បីឱ្យមានការបោះឆ្នោតកាន់តែប្រសើរទៅៗ ធានាបាននូវស្ថិរភាព សន្តិភាពរបស់ស្រុកទេសយើង ហើយវាមិនមានការបែកបាក់ផ្ទៃក្នុង វាមិនស្អប់ខ្ពើមជាតិសាសន៍គ្នាឯង”។ ឯកឧត្តមបានចោទសួរថា “បើអ‍៊ីចឹង តើធ្វើនេះ សម្រាប់ប្រយោជន៍អ្នកណាហ្នឹង? មិនប្រយោជន៍ខ្មែរទាំងអស់គ្នាហ្នឹង។ ចូលរួមធ្វើការបោះឆ្នោតបានត្រឹមត្រូវ តាមបណ្តាគោលការណ៍ទាំងអស់ គឺគ្មានភាគីណា គេបដិសេធលទ្ធផលរបស់យើងទេ!”។ ការដែលឯកឧត្តមប្រធាន គ.ជ.ប ចុះទៅដោយផ្ទាល់ នៅតាម លធ.ខប គឺដើម្បីពង្រឹងកោសិកានៃការបោះឆ្នោតនៅតាមមូលដ្ឋាន ព្រោះថាការបោះឆ្នោតប្រព្រឹត្តទៅនៅទីនោះ ហើយការបោះឆ្នោតគឺគ្មានសាលាបង្រៀនទេ។

នាឱកាសនេះដែរប្រធាន លធ.ខប ភ្នំពេញ និងកណ្តាល បានរាយការណ៍សង្ខេបជូនឯកឧត្តមប្រធាន និងថ្នាក់ដឹកនាំ គ.ជ.ប ដូចខាងក្រោម៖

ប្រធាន ល.ធ.ប ភ្នំពេញ លោក ស៊ីម ដូនី បានជម្រាបជូនថានៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ល.ធ.ប ភ្នំពេញ ត្រៀមចុះឈ្មោះជូនប្រជាពលរដ្ឋ ចំនួន ១៥.៦០៧ នាក់។ លោកក៏បានរាយការណ៍ដែរថារហូតមកដល់ពេលនេះ ល.ធ.ប ភ្នំពេញ មិនទាន់មានឃ្លាំង និងទីស្នាក់ការផ្ទាល់ខ្លួននៅឡើយទេ គឺបច្ចុប្បន្នកំពុងប្រើប្រាស់ផ្ទះល្វែងដែលជាកម្មសិទ្ធិរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ។

ចំពោះលោក ផាន់ ឫទ្ធិពល ប្រធាន ល.ខ.ប កណ្តាល លោកបានឱ្យដឹងថាប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតសរុបនៅក្នុងខេត្តកណ្តាល មានចំនួន ២០.៣១៥ នាក់ ហើយផែនការនៃការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ឆ្នាំនេះ មានចំនួន ១៦.៤៤២ នាក់។ លោកបានបញ្ជាក់ថារហូតដល់ពេលនេះ ល.ខ.ប កណ្តាល ក៏មិនទាន់មានទីស្នាក់ការ និងដីកម្មសិទ្ធិផ្ទាល់ខ្លួននៅឡើយទេ។ 

ក្រៅពីនេះ លោកបានចាត់ទុកថាជំនួបផ្ទាល់ជាមួយឯកឧត្តមប្រធាននៅពេលនេះ គឺបានទទួលបទពិសោធន៍ និងទស្សនៈល្អៗជាច្រើន ពិសេសបានជួយកសាងសមត្ថភាព និងអភិវឌ្ឍន៍ខ្លួនឈានឆ្ពោះទៅសម្រេចបានជោគជ័យក្នុងជីវិត និងជាត្រីវិស័យសម្រាប់ការងារក្នុងវិស័យបោះឆ្នោត ដើម្បីយកទៅអនុវត្តនៅក្នុងការបំពេញតួនាទី និងភារកិច្ចក្នុងនាមជាអ្នកបម្រើសេវាជូនម្ចាស់ឆ្នោត។  មិនតែប៉ុណ្ណោះលោកក៏បានយល់ដឹងបន្ថែមនូវកម្មវិធីកំណែទម្រង់ការបោះឆ្នោត ដែលជាទិសដៅដ៏មុតស្រួចរបស់ឯកឧត្តមប្រធាន គ.ជ.ប ។

ឆ្លើយតបនឹងបញ្ហាប្រឈមរបស់ប្រធាន លធ.ខប ទាំងពីរ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានកត់សម្គាល់ថាមិនមែនតែ លធ.ខប ទាំងពីរនេះទេ ដែលមិនទាន់មានទីស្នាក់ការជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺនៅមាន ល.ខ.ប ចំនួន ៥ ផ្សេងទៀត ក៏មិនទាន់មានដែរ ហើយជាងនេះទៅទៀត គ.ជ.ប ក៏មិនទាន់មានឃ្លាំង ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនដែរ ព្រោះ គ.ជ.ប គឺជាស្ថាប័នរដ្ឋដែលទើបតែត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ប៉ុន្តែឯកឧត្តមប្រធានជឿជាក់ថានាពេលខាងមុខនេះ យើងនឹងមានទីតាំងផ្ទាល់ខ្លួននៅគ្រប់ លធ.ខប ២៥ រាជធានី ខេត្ត ដើម្បីបង្កភាពងាយស្រួយក្នុងការបំពេញការងារ។

សូមជម្រាបជូនថាឯកឧត្តមប្រធាន គ.ជ.ប នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ គ.ជ.ប ចុះជួបសំណេះសំណាលជាមួយមន្ត្រីបោះឆ្នោតនៅតាមបណ្តា ល.ខ.ប ចុងក្រោយចំនួន ៦ ទៀត គឺខេត្តកំពង់ស្ពឺ កោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តតាកែវ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីពង្រឹងកោសិកានៃការបោះឆ្នោតនៅទូទាំងប្រទេស ៕

 

ទាញយកកម្មវិធី(App) CamNEC News