សេចក្តីប្រកាសព័ត៌មាន លេខ ០១៨ ៖ ឯកឧត្ដមប្រធាន គ.ជ.ប "យើងនឹងរៀបចំការបោះឆ្នោតឱ្យកាន់តែសុក្រឹតថែមទៀត"

ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង លោក វង្ស សោភ័ណ្ឌ បានរាយការណ៍សង្ខេបជូនគណៈប្រតិភូជាន់ខ្ពស់ គ.ជ.ប ថាក្នុងការបោះឆ្នោតឃុំ សង្កាត់ កន្លងមក ល.ខ.ប បានជួបការលំបាកខ្លះទាក់ទងទៅនឹងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ ដោយមានបេក្ខជនខ្លះឈរឈ្មោះច្រើនជាងមួយគណបក្សនយោបាយ ដែលផ្ទុយពីច្បាប់អនុញ្ញាតឱ្យឈរឈ្មោះតែមួយគណបក្ស។ បញ្ហានេះកើតមានឡើងដោយសារមន្រ្តីបោះឆ្នោតក្នុងឃុំ សង្កាត់ ខ្វះសម្ភារៈ និងបច្ចេកវិទ្យា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបេក្ខជនទាំងនោះ ត្រូវបានរកឃើញនៅថ្នាក់ គ.ជ.ប ដែលមានចំនួនប្រមាណ ១០០ ករណី ប៉ុន្តែ គ.ជ.ប បានដោះស្រាយតាមនីតិវិធីរួចរាល់។ 

ដោយមើលឃើញនូវបញ្ហាទាំងនេះហើយ ទើបឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា គ.ជ.ប មានទិសដៅធ្វើទំនើបកម្មបន្ថែមទៀត ចំពោះការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលយើងអាចនឹងធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្តមប្រធានបានសង្កត់ធ្ងន់ថា “យើងនឹងរៀបចំការបោះឆ្នោតឱ្យកាន់តែសុក្រឹតថែមទៀត ដោយលុបបំបាត់រាល់បញ្ហាដែលនៅសេសសល់ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានភាពរំជើបរំជួលក្រោយការបោះឆ្នោត ទើបយើងមានឱកាសអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនតទៅទៀត”។ នេះជាការថ្លែងរបស់ឯកឧត្តមប្រធាន នាឱកាសជួបសំណេះសំណាលជាមួយមន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង នៅទីស្នាក់ការខេត្តដែលមានទីតាំងស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

កម្មវិធីចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតតាមប្រព័ន្ធអនឡាញ នឹងទទួលបានផលវិជ្ជមានដូចខាងក្រោម៖

  • ចំណេញពេលវេលាទាំងគណបក្សនយោបាយ និងមន្ត្រីរៀបចំការបោះឆ្នោត
  • ងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ និងការគ្រប់គ្រងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
  • ធានាថាឈ្មោះ និងទិន្នន័យរបស់បេក្ខជនពិតជាត្រឹមត្រូវ ដោយសារឈ្មោះ និងទិន្នន័យទាំងនោះត្រូវបានផ្ទេរចេញពីបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប
  • ធានាថាបេក្ខជនម្នាក់ៗមិនអាចឈរឈ្មោះលើសពីមួយមណ្ឌលបោះឆ្នោត
  • ធានាថាបេក្ខជនម្នាក់ៗមិនអាចឈរឈ្មោះជាបេក្ខជនឱ្យគណបក្សនយោបាយលើសពីមួយ។ 

នាពេលជួបសំណេះសំណាលនេះដែរ ឯកឧត្តមប្រធានបានរំលឹកពីពិធីបញ្ជ្រាបការយល់ដឹងអំពីការបោះឆ្នោតនៅខេត្តព្រៃវែង ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត សិស្ស និស្សិត និងសាស្រ្តាចារ្យជាច្រើនកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក ហើយក៏បានសួរទៅមន្ត្រី ល.ខ.ប ថាតើមាននរណាធ្លាប់បានចូលរួមស្តាប់ក្នុងពិធីនោះដែរ ឬទេ?

លោក ថៃ សុខវិសាល បានជម្រាបជូនឯកឧត្តមប្រធានថា “ខ្ញុំកាលពីមុនជាគរុសិស្ស ICT-English ធ្លាប់បានចូលរួមស្តាប់ប្រសាសន៍របស់ឯកឧត្តមប្រធាននៅពេលនោះ ហើយនៅពេលនេះ ខ្ញុំមានឱកាសចូលរួមបម្រើការងារជាមន្រ្តីបោះឆ្នោតរយៈពេលខ្លីនៅ ល.ខ.ប ព្រៃវែង ផ្នែកគ្រូបង្ហាត់កុំព្យូទ័រ។ ខ្ញុំសប្បាយចិត្តដោយបានស្តាប់ប្រសាសន៍របស់ឯកឧត្តមប្រធានដោយផ្ទាល់ម្តងទៀតនាពេលនេះ។ ខ្ញុំចងចាំគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោត ដែលឯកឧត្តមប្រធានបានលើកឡើងនៅពេលនោះ”។ 

ឯកឧត្តមប្រធាន គ.ជ.ប ក៏បានបញ្ជាក់ជាថ្មីថាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ត្រូវមានលក្ខណៈចាំបាច់ ១០ ចំណុច រួមមាន៖

  • ការបោះឆ្នោតត្រូវប្រព្រឹត្តទៅតាមកាលកំណត់
  • ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើៗគ្នាក្នុងការឈរឈ្មោះជាបេក្ខជន
  • ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការបង្កើតគណបក្សនយោបាយ
  • ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ មានសិទ្ធិស្មើគ្នាក្នុងការសម្តែងមតិនយោបាយដោយសេរី
  • បេក្ខជនគ្រប់រូបមានលទ្ធភាពស្មើភាពក្នុងការឃោសនាបោះឆ្នោតដោយសេរី
  • ត្រូវមានយន្តការធានាសុវត្ថិភាព នៅពេលឃោសនាបោះឆ្នោត និងនៅពេលបោះឆ្នោត
  • អង្គការរៀបចំការបោះឆ្នោតត្រូវមានបទបញ្ជាច្បាស់លាស់ និងឥតលម្អៀងក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត ក្នុងដំណើរការរាប់សន្លឹកឆ្នោត និងការដោះស្រាយបញ្ហារំលោភលើច្បាប់បោះឆ្នោត និងរំលោភលើបែបបទនៃការបោះឆ្នោត
  • ត្រូវមានកម្មវិធីអប់រំបណ្តុះបណ្តាលប្រជាពលរដ្ឋឱ្យច្បាស់លាស់ អំពីដំណើរការ និងបែបបទនៃការបោះឆ្នោត
  • ត្រូវមានគណៈកម្មការឯករាជ អព្យាក្រឹត ឥតលម្អៀងមួយសម្រាប់គ្រ
  • ប់គ្រងដំណើរការបោះឆ្នោត ទទួលពាក្យបណ្តឹង និងដោះស្រាយពាក្យបណ្តឹងពីវិវាទនៃការបោះឆ្នោត
  • រដ្ឋាភិបាល និងគណបក្សនយោបាយត្រូវទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។

បើតាមលោក វង្ស សោភ័ណ្ឌ បានឱ្យដឹងទៀតថាខេត្តព្រៃវែងមាន ១៣ ក្រុង ស្រុក និង ១១៦ ឃុំ សង្កាត់ ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន ២៧៣.៥៩៣ គ្រួសារ ស្មើនឹង ១.២៣៨.០៥៤ នាក់។ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង មានចំនួន ៧៩៩.៨៤៤ នាក់។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ មានចំនួន ៦៧៧.៥៧០ នាក់។ លោកបានបន្តថាប្រជាពលរដ្ឋប៉ាន់ស្មានមិនទាន់ចុះឈ្មោះបោះឆ្នោត សរុបមានចំនួន ១២២.២៧៤ នាក់ ហើយផែនការសម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ សរុបមានចំនួន ១៩.២៦៩ នាក់។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមប្រធាន ត្រូវបន្តសំណេះសំណាលជាមួយមន្រ្តីលេខាធិ-ការដ្ឋានរៀបចំការបោះឆ្នោត ខេត្តស្វាយរៀង៕

 

ទាញយកកម្មវិធី(App) CamNEC News