សេចក្តីប្រកាសព័ត៌មាន លេខ ០១៤៖ ភាពជាអ្នកបម្រើសេវារបស់ គ.ជ.ប គឺជាកត្តាចាំបាច់សម្រាប់ម្ចាស់ឆ្នោត

បន្ទាប់ពីបានបញ្ចប់ភារកិច្ចនៅខេត្តរតនគិរី ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លៀតពេលអញ្ជើញទៅពិនិត្យមើលជាក់ស្តែង អគារដែលរដ្ឋបាលសាលាខេត្តឱ្យខ្ចីតាំងពីឆ្នាំ១៩៩៨ មានស្ថានភាពទ្រុឌទ្រោមខ្លាំង និងទីតាំងដីមួយកន្លែងដែលផ្តល់ដោយរដ្ឋបាលសាលាខេត្ត គ្រោងនឹងសាងសង់អគាររបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី។ ឯកឧត្តមប្រធានបានបន្តដំណើរទៅជួបសំណេះសំណាលជាមួយមន្ត្រីនៃលេខាធិ-ការដ្ឋានរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី  នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី លោក គិន ជាន បានរាយការណ៍សង្ខេបជូនគណៈប្រតិភូជាន់ខ្ពស់ គ.ជ.ប ថា ខេត្តមណ្ឌលគិរី បច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន ២១.៤៧៨ គ្រួសារ ស្មើនឹង ៩១.៧៩៧ នាក់ ក្នុងនោះមាន ៦០% ទៅ ៧០% ជាជនជាតិដើមភាគតិចដែលមាន ១១អំបូរ រួមមាន ជនជាតិព្នង ក្រោល គ្រឹង ស្ទៀង គួយ ស្អូច ឡាវ ចារាយ ទំពួន ព្រៅ និងថ្មួន។ ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង មានចំនួន ៤៩.១៧៧ នាក់ ក្នុងនោះអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ មានចំនួន ៤២.៣២៣ នាក់ និងអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតមានចំនួន ៣.០៩៥ នាក់។

បើតាមលោក គិន ជាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នេះ តាមឃុំ សង្កាត់ទាំងអស់មានផែនការចុះឈ្មោះថ្មី ចំនួន ២.២៣៥ នាក់ និងមានការិយាល័យបោះឆ្នោត ចំនួន ១៣២ ការិយាល័យ។ លោកក៏បានលើកឡើងអំពីបញ្ហាលំបាកមួយចំនួនទាក់ទងនឹងភូមិសាស្រ្ត ដោយឃុំ សង្កាត់ ស្រុក ក្រុង ស្ថិតនៅដាច់ឆ្ងាយពីគ្នា ជាពិសេសគឺស្ថានភាពផ្លូវជួបនូវឧបសគ្គជាច្រើន ក្នុងការបញ្ជូនសម្ភារបម្រើឱ្យការបោះឆ្នោត និងការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ ទោះបីជាយ៉ាងនេះក្តី លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបានប្រើប្រាស់គ្រប់មធ្យោបាយអស់លទ្ធភាព ដើម្បីដឹកជញ្ជូនសម្ភារទាំងអស់ តួយ៉ាង ទូក កាណូត ឧទ្ធម្ភាគចក្រ និងសត្វជាដើម។ ជាក់ស្តែង លោកប្រធាន ល.ខ.ប មណ្ឌលគិរី រម្លឹកថា នៅក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ដំរីបានក្លាយជាយានជំនិះដ៏សំខាន់ សម្រាប់ដឹកសម្ភារបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោតលេខ ០០៨៣ មានទីតាំងនៅភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ដែលជាទីតាំងភូមិសាស្រ្តដ៏លំបាកដោយមិនអាចប្រើប្រាស់មធ្យោបាយអ្វីផ្សេងក្រៅតែពីប្រើដំរី។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានកត់សម្គាល់ថា “ខេត្តមណ្ឌលគិរី មានស្ថានភាពភូមិសាស្រ្តលំបាក គឺជាកត្តាសត្យានុម័ត ប៉ុន្តែកត្តាដែលសំខាន់បំផុតគឺយើងអាចធ្វើបាន ពីព្រោះភូមិសាស្ត្រវាអ‌៊ីចឹង។ ខ្ញុំសូមកោតសរសើរមន្ត្រីបោះឆ្នោតរបស់យើង ព្រមទាំងត្រូវត្រៀមសេវាឱ្យបានល្អបន្តទៀត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០”។

គោលការណ៍របស់ គ.ជ.ប ជាពិសេសឯកឧត្តមប្រធានផ្ទាល់ បានដាក់គោលការណ៍ ៧ យ៉ាង ក្នុងនោះមានគោលការណ៍មួយ គឺភាពជាអ្នកបម្រើសេវាជូនអ្នកបោះឆ្នោត ពីព្រោះឯកឧត្តមប្រធានគូសបញ្ជាក់ជាថ្មីទៀតថា “ក្នុងកិច្ចការបោះឆ្នោត តួអង្គពីរដែលត្រូវដើរទន្ទឹមគ្នា គឺ គ.ជ.ប និងម្ចាស់ឆ្នោត”។

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមប្រធាន ត្រូវបន្តសំណេះសំណាលជាមួយមន្រ្តី ល.ខ.ប ក្រចេះ៕

ទាញយកកម្មវិធី(App) CamNEC News