សេចក្តីប្រកាសព័ត៌មាន លេខ ០០៧ ៖ ឯកឧត្តមប្រធាន គ.ជ.ប ៖ មានតែការបោះឆ្នោតទេ ​ទើបធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍ

នាឱកាសចុះពង្រឹងការងារដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជាប់កិច្ចសន្យានៅតាមលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានលើកឡើងនូវចំណុចសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងការកែទម្រង់ការបោះឆ្នោត ការបោះឆ្នោត ការរៀបចំការបោះឆ្នោតដែលនាំឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើការបោះឆ្នោត បទដ្ឋានអន្តរជាតិនានាដែលពាក់ព័ន្ធនឹងការបោះឆ្នោត និងទិសដៅសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២២ ឆ្នាំ២០២៣ ខាងមុខ រួមទាំងបានណែនាំការងារមួយចំនួនទៀត។ 

ក្នុងស្មារតីដែលតែងតែគិតអំពីប្រទេសជាតិ និងធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ បំផ្លិចបំផ្លាញប្រទេស រួមទាំងបទពិសោធន៍ជីវិតផ្ទាល់ខ្លួនជាច្រើនជំនាន់ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា មានតែការបោះឆ្នោតនេះឯង ទើបធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍ។ បច្ចុប្បន្ននេះមេដឹកនាំប្រទេសកម្ពុជា គឺកើតចេញពីការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋតាមបែបប្រជាធិបតេយ្យ។ ដូចនេះក្នុងនាមយើងជាស្ថាប័នរៀបចំការបោះឆ្នោតត្រូវតែធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើការបោះឆ្នោត ក៏ដូចជាជឿជាក់លើស្ថាប័ន គ.ជ.ប។ នៅពេលដែលប្រជាពលរដ្ឋជឿជាក់ហើយនោះ ពួកគាត់នឹងចូលរួមបោះឆ្នោតជាមិនខាន។

ដើម្បីសម្រេចបានការងារនេះ ឯកឧត្តមប្រធានបានមានប្រសាសន៍ថា ៖

  • ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលបានបំពេញលក្ខខណ្ឌត្រឹមត្រូវតាមច្បាប់ ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចូលរួមបោះឆ្នោត
  • សន្លឹកឆ្នោតរបស់ពួកគាត់ត្រូវតែរាប់យ៉ាងត្រឹមត្រូវ និងមានតម្លាភាពជាទីបំផុត។

ឯកឧត្តមប្រធានបានបន្តថា ការបោះឆ្នោតគឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ ព្រោះធ្វើឱ្យប្រជាពលរដ្ឋទូទៅទទួលបាននូវបណ្តាសិទ្ធិ ដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស។

មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ទាំងអស់ជាអ្នកអនុវត្តលើការងារនេះដោយផ្ទាល់ មិនមែនមន្រ្តីនៅទីស្តីការ គ.ជ.ប នោះទេ។ ដូច្នេះសូមមន្ត្រីទាំងអស់ត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តមប្រធាន។ ការបោះឆ្នោតនេះ ជាចំណុចរសើបបំផុត ជាពិសេសប្រទេសតូចតាចដូចជាប្រទេសកម្ពុជាយើងនេះ ត្រូវបានមហាអំណាចយកលទ្ធផលនៃការបោះឆ្នោតជាលេស ដើម្បីឱ្យមានការតវ៉ាទៅនឹងលទ្ធផលបោះឆ្នោត ក្នុងគោលដៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

តាមការស្រាវជ្រាវរបស់ឯកឧត្តមប្រធាន មានប្រទេសចំនួន ៥៤ ក្នុងចំណោមប្រទេស ៦៧ បានធ្វើបដិវត្តន៍ពណ៌បន្ទាប់ពីការបោះឆ្នោត។ ដោយឡែកប្រទេសកម្ពុជា ដោយភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំប្រទេស គឺតែងតែធ្វើការកែទម្រង់ការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិ បញ្ចៀសបាននូវបញ្ហាប្រឈមដែលនាំឱ្យវឹកវរដល់ប្រទេសជាតិ ហើយបានធ្វើឱ្យការបោះឆ្នោតទទួលបានជោគជ័យនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន។

ការបោះឆ្នោតនៅប្រទេសកម្ពុជាយើង គឺបានអនុវត្តត្រឹមត្រូវស្របតាមបទដ្ឋានអន្តរជាតិដែលរួមមាន៖

  • ការបោះឆ្នោតទៀងទាត់
  • ការបោះឆ្នោតជាសកល
  • ការបោះឆ្នោតដោយស្មើភាព
  • សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត
  • សិទ្ធិបោះឆ្នោត
  • ការបោះឆ្នោតដោយសម្ងាត់
  • ការបោះឆ្នោតដោយទៀងត្រង់ និង
  • ការសម្តែងមតិដោយសេរីតាមឆន្ទៈរាស្រ្ត

ក្នុងចក្ខុវិស័យរបស់ គ.ជ.ប ឯកឧត្តមប្រធាននឹងធ្វើកំណែទម្រង់ការបោះឆ្នោតជាបន្តទៀត ដើម្បីឱ្យស្របតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) និងបានណែនាំដល់មន្ត្រីទាំងអស់ថា៖

  • ត្រូវត្រៀមខ្លួនបង្កើនសមត្ថភាពយល់ដឹងផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) ដើម្បីអនុវត្តការងារឆ្នាំ២០២១ ដែលជាឆ្នាំចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតសកលឃុំ សង្កាត់ ឆ្នាំ២០២២ និងឈានទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣
  • ចេះធ្វើការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រដែរ
  • ការទទួលលទ្ធផល និងការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោត ក៏ត្រូវធ្វើតាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានវិទ្យាដែរ

ឯកឧត្តមប្រធានបានទទួលយកសំណូមពរ និងការលំបាករបស់មន្រ្តីលេខាធិការដ្ឋានខេត្តទាំងអស់ដែលឯកឧត្តមបានចុះជួបផ្ទាល់នោះរួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីមានវិធានការដោះស្រាយនៅថ្នាក់ដឹកនាំ គ.ជ.ប ជាបន្តទៀត។

សូមរំលឹកជូនថា បេសកកម្មរបស់ឯកឧត្តមប្រធាន គ.ជ.ប ក្នុងការពង្រឹងសមត្ថភាពលើមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត បានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០៕

 

ទាញយកកម្មវិធី(App) CamNEC News