សេចក្ដីប្រកាសព័ត៌មាន លេខ ០៦៩​៖ ជំនួបរវាង​ឯកឧត្ដម​ប្រធាន គ.ជ.ប និង​ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​កម្ពុជា​

តបតាមសំណើរបស់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ុ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបសវនាការនាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការ គ.ជ.ប។

នេះជាជំនួបលើកទីមួយ បន្ទាប់ពីឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ុ បានមកបំពេញបេសកកម្មការទូតនៅកម្ពុជាចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។ ឯកឧត្តមប្រធាន គ.ជ.ប បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមឯកអគ្គរាជទូតនៅរាជធានីភ្នំពេញ។ កន្លងមកនេះ គ.ជ.ប បានធ្វើការសហការយ៉ាងស្អិតរមួតជាមួយអ្នកជំនាញការជប៉ុនប្រចាំនៅ គ.ជ.ប សរុបចំនួន ៨រូប ធ្វើការដូចបងដូចប្អូន ទាំងថ្ងៃទាំងយប់ រហូតបន្សល់ទុកស្នាដៃ និងអនុស្សាវរីយ៍ជាច្រើន។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចំណាយពេលវេលាយ៉ាងមមាញឹករបស់ឯកឧត្តមប្រធាន គ.ជ.ប ដើម្បីជួបសវនាការជាមួយឯកឧត្តម ហើយឯកឧត្តមមានកិត្តិយសយ៉ាងក្រៃលែង ដែលបានមកបំពេញការងារនៅប្រទេសកម្ពុជា។ ឯកឧត្តមបានបន្តថា “កន្លងមកក្នុងពេលបំពេញការងារក្នុងក្របខ័ណ្ឌអាស៊ាន ខ្ញុំបានមកទស្សនានៅកម្ពុជាឆ្នាំ២០០២។ ពេលនេះក្នុងនាមឯកអគ្គរាជទូតថ្មី ខ្ញុំបានមើលឃើញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាគួរឱ្យកោតសរសើរ។ កម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល ហើយកសាងសន្តិភាព និងខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសបានយ៉ាងខ្លាំងក្លាថែមទៀត ពិតជាគួរឱ្យកោតសរសើរ”។ ឯកឧត្តមបានបន្តថា ភាគីជប៉ុននឹងបន្តជួយកម្ពុជាលើគ្រប់វិស័យ ក្នុងនោះមានការបោះឆ្នោត ព្រោះជារឿងសំខាន់ណាស់ ហើយឯកឧត្តមបានកោតសរសើរ គ.ជ.ប និងឯកឧត្តមប្រធាន គ.ជ.ប ដែលបានរៀបចំការបោះឆ្នោតបានល្អនៅកម្ពុជា។

ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាល ភាគីជប៉ុនបានជួយបណ្ដុះបណ្ដាលមន្ត្រី គ.ជ.ប នៅប្រទេសជប៉ុន តាំងពីឆ្នាំ២០១៦ ក្នុងមួយឆ្នាំចំនួន ២រូប ហើយនឹងបន្តបណ្ដុះបណ្ដាលមន្ត្រី គ.ជ.ប ថែមទៀតពីប្រព័ន្ធបោះឆ្នោត នៅឆ្នាំ២០២០។ ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា ការងារបោះឆ្នោតពិតជាមានការលំបាក ដូចកន្លងមកស្ថានទូតជប៉ុន បានរៀបចំឱ្យមានការបោះឆ្នោតនៅក្រៅប្រទេស ហើយស្ថានទូតនេះឯងជាអ្នករៀបចំ ប៉ុន្តែត្រូវរៀបចំឱ្យបានល្អ។ ភាគីជប៉ុននឹងបន្តជួយពង្រឹងប្រព័ន្ធបោះឆ្នោតនៅកម្ពុជាឱ្យកាន់តែមានតម្លាភាពថែមទៀត។

ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូត លើការងារបោះឆ្នោតជាពិសេសនៅកម្ពុជា។ ឯកឧត្តមប្រធានបានបន្តថា កាលពីខែឧសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំទៅឯកឧត្តម ស៊ិនហ្សូ អាបេ (Shinzō Abe) នាយករដ្ឋមន្ត្រីជប៉ុន ដើម្បីឱ្យបន្តជួយរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។ លទ្ធផលនៃការបោះឆ្នោតដែលយើងឃើញស្រាប់នេះឯង គឺជាផ្លែផ្កានៃវត្ថុបំណងរបស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ។ ឯកឧត្តមប្រធានបានបញ្ជាក់ទៀតថា គ.ជ.ប បានផ្លាស់ប្ដូរពីការចុះឈ្មោះដោយដៃមកការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រ ហើយទទួលបានការសាទរ ការជឿជាក់ និងទំនុកចិត្តពីប្រជាពលរដ្ឋកម្ពុជា។ បច្ចុប្បន្ន គ.ជ.ប កំពុងធ្វើកំណែទម្រង់ និងខិតខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាឱ្យការបោះឆ្នោតពីមួយលើកទៅមួយលើកកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមប្រធានបានមានប្រសាសន៍ទៀតថា “ចំពោះការបោះឆ្នោតនៅក្រៅប្រទេស យើងខ្ញុំក៏ចង់បានការបោះឆ្នោតអញ្ចឹងដែរ ប៉ុន្តែអាស្រ័យទៅលើមូលដ្ឋានច្បាប់ បើមានច្បាប់ យើងត្រូវធ្វើតាម និងអនុវត្ត។ ជាងនេះទៀត គ.ជ.ប មិនទាន់មានបទពិសោធន៍ សម្ភារ ធនធានមនុស្ស និងបច្ចេកទេស ដែលទាមទារឱ្យមានជំនួយ ប្រសិនបើមានច្បាប់តម្រូវ”។ ឯកឧត្តមប្រធានក៏បានរំលឹកដែរថា ជប៉ុនធ្លាប់បានជួយកម្ពុជាលើការបោះឆ្នោតតាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ននេះ។

ពីពេលនេះទៅ គ.ជ.ប នឹងមានការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ហើយ គ.ជ.ប បានស្នើសុំទៅកាន់ស្ថានទូតជប៉ុនជួយផ្ដល់អ្នកជំនាញ ដើម្បីអប់រំឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងការបោះឆ្នោត និងដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាយល់ឱ្យបានច្បាស់ពីតម្លៃនៃលទ្ធិប្រជាធិបតេយ្យ។

ជាចុងក្រោយឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា គ.ជ.ប ធ្វើកិច្ចការងាររបស់ខ្លួនសំខាន់ ២ ជាចម្បងរួមមាន៖

  • ប្រជាពលរដ្ឋដែលមានឯកសារគ្រប់គ្រាន់ និងមានអាយុ ១៨ឆ្នាំឡើងទៅត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
  • សំឡេងឆ្នោតដែលគេបានបញ្ចេញ ត្រូវបានរាប់យ៉ាងត្រឹមត្រូវ។

ជារួម គ.ជ.ប ចង់បានការបោះឆ្នោតឱ្យដូចប្រទេសអភិវឌ្ឍ ដែលប្រជាពលរដ្ឋមានការជឿជាក់លើយុត្តិធម៌នៃការបោះឆ្នោត ព្រោះលទ្ធផលនៃការបោះឆ្នោតដែលគ្រប់ភាគីជឿជាក់ និងទទួលយកបាន គឺជាកត្តាសំខាន់ណាស់ សម្រាប់ស្ថិរភាពរបស់ស្រុកទេស។ ឯកឧត្តមប្រធានបានបញ្ជាក់យ៉ាងច្បាស់ថា  “ក្នុងនាមជាខ្មែរ ខ្ញុំត្រូវធ្វើឱ្យខាងតែបាន”៕

ទាញយកកម្មវិធី(App) CamNEC News