សេចក្តីជូនដំណឹង លេខ ០៦០​៖ គ.ជ.ប នឹងទៅចូលរួមក្នុងកិច្ចប្រជុំនៃមហាសន្និបាតលើកទី៤ របស់សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក (A-WEB)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិកបម្រុងនៃសមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោកដែលហៅកាត់ថា (A-WEB) ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនៃមហាសន្និបាតលើកទី៤ និងសន្និសីទអន្តរជាតិឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌា ជាមួយសមាជិកសរុបចំនួន ១១៤ មកពី ១០៦ប្រទេស ។

តបតាមការអញ្ជើញនេះ ឯកឧត្តមប្រធាន គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងគណៈប្រតិភូ គ.ជ.ប មួយដឹកនាំដោយ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ដើម្បីទៅចូលរួមជាលើកទី១ក្នុងព្រឹត្តិការណ៍នេះ ។ គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា ស្ថាប័នបោះឆ្នោតនៃប្រទេសអ៊ុយក្រែន ឥណ្ឌូនេស៊ី មូរីស អាហ្វហ្គានីស្ថាន និងសេរ៉ាឡេអ៊ន ព្រមទាំងសមាគមនៃអាជ្ញាធរបោះឆ្នោតអាស៊ីដែលហៅកាត់ថា (AAEA) នឹងត្រូវអនុម័តឱ្យក្លាយជាសមាជិកពេញសិទ្ធិនៃសមាគម A-WEB នៅក្នុងមហាសន្និបាតលើកទី៤នេះ។

ក្នុងដំណើរទៅកាន់ប្រទេសឥណ្ឌានេះ ឯកឧត្តម ឌឹម សុវណ្ណារុំ នឹងធ្វើសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP) វេលាម៉ោង ២:៣០នាទីរសៀល នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិចូលរួមយកព័ត៌មានកុំបីខាន៕

ទាញយកកម្មវិធី(App) CamNEC News