សេចក្តី​ប្រកាស​ព័ត៌មាន​ លេខ​ ០៥៨ ​៖ ឯកឧត្តម​ប្រធាន​ គ.ជ.ប​ " ជ្រើសរើស​មន្ត្រី​ដែល​មាន​សមត្ថភាព​ ឱ្យ​សមស្រប​នឹង​សមត្ថភាព​របស់​មន្ត្រី​នោះ​"

ប្រធាននាយកដ្ឋាន ចំនួន ៤រូប ប្រធានលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន ១រូប នាយកខុទ្ទកាល័យឯកឧត្តមប្រធាន គ.ជ.ប ចំនួន ១រូប និងនាយខុទ្ទកាល័យឯកឧត្តមប្រធាន គ.ជ.ប ចំនួន ១រូប ត្រូវបានប្រកាសតែងតាំងឱ្យចូលកាន់តំណែងនៅព្រឹកថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។

នេះជាលើកទី១ហើយដែលស្ថាប័ន គ.ជ.ប ធ្វើការប្រកាសតែងតាំងប្រធាននាយកដ្ឋាន និងប្រធានលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ដោយសារមន្ត្រីមួយចំនួនដែលដល់អាយុចូលនិវត្តន៍ត្រូវបញ្ចប់មុខតំណែង ហើយ គ.ជ.ប បានជ្រើសរើសមន្ត្រីថ្មីមកជំនួសតំណែង ដើម្បីបន្តវេន។
មន្ត្រីថ្មីដែលមកជំនួសតំណែងរួមមាន៖

  • លោក សំ សាវុធ    ជាប្រធាននាយកដ្ឋាន នៅនាយកដ្ឋានប្រតិបត្តិការ
  • លោក វង្ស ចំរើន    ជាប្រធាននាយកដ្ឋាន នៅនាយកដ្ឋានសវនកម្មផ្ទៃក្នុង
  • លោក ស៊ុំ ប៊ុនហុង    ជាប្រធាននាយកដ្ឋាន នៅនាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត
  • លោក ស៊ិន ដារ៉ា    ជាប្រធាននាយកដ្ឋាន នៅនាយកដ្ឋានរដ្ឋបាល
  • លោក ឌី ភីរុណ    ជាប្រធានលេខាធិការដ្ឋាន នៅលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប
  • លោក កែ រឹទ្ធិ    ជានាយកខុទ្ទកាល័យឯកឧត្តមប្រធាន គ.ជ.ប បន្ថែមលើមុខងារបច្ចុប្បន្ន
  • លោក ជាវង់ សុគារិទ្ធ    ជានាយខុទ្ទកាល័យឯកឧត្តមប្រធាន គ.ជ.ប

អ្នកចូលរួមនៅក្នុងពិធីប្រកាសតែងតាំងនៅថ្ងៃនេះ រួមមាន៖ សមាជិក គ.ជ.ប មន្រ្តីនៃទីស្តីការ គ.ជ.ប ប្រធាន អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតទាំង ២៥ រាជធានី ខេត្ត និងអង្គភាពសារព័ត៌មាន ចំនួន ១០ សរុបចំនួន ១៣៨នាក់ ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ស៊ិក ប៊ុនហុក បានគូសបញ្ជាក់ថា ហេតុដែលនាំឱ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំប្រធាននាយកដ្ឋានថ្ងៃនេះ ព្រោះដោយសារច្បាប់។ មន្ត្រីបោះឆ្នោតពីមុនសុទ្ធតែជាមន្រ្តីជាប់កិច្ចសន្យា។

ចាប់តាំងពីមានកំណែទម្រង់ការបោះឆ្នោតនៅឆ្នាំ២០១៥ មក មន្ត្រីបោះឆ្នោតដែលជាថ្នាក់ដឹកនាំ នាយកដ្ឋានទាំងនេះជាអ្នករាជការ គ.ជ.ប ហើយឥឡូវដល់អាយុចូលនិវត្តន៍ត្រូវតែចូលនិវត្តន៍ព្រោះច្បាប់ កំណត់។ ឯកឧត្តមបានបន្តថាការជ្រើសរើស និងតែងតាំងមន្ត្រីដែលមានសមត្ថភាព ឱ្យសមស្របនឹងសមត្ថភាពរបស់មន្ត្រីនោះ (put the right person in the right job) ហើយការងារនេះ ត្រូវធ្វើឡើងដោយតម្លាភាពបំផុត ដើម្បីពង្រឹងការងារក្នុងវិស័យបោះឆ្នោត។ ឯកឧត្តមក៏បានពន្យល់ និងចែករំលែកបទពិសោធន៍ក្នុងភាពជាអ្នកដឹកនាំផងដែរ ដោយលើកទស្សនៈរបស់លោក ដាល់ កាណាស៊ី (Dal Canacy) ថាតើត្រូវធ្វើដូចម្តេចដើម្បីទាក់ទាញទឹកចិត្តអ្នកដ៏ទៃ ៖

  1. ចូរចាប់អារម្មណ៍ យកចិត្តទុកដាក់ និងស្និទ្ធស្នាលជាមួយអ្នកដទៃ
  2. សូមអ្នកមានទឹកមុខញញឹម
  3. ការចងចាំឈ្មោះរបស់មន្រ្តីក្រោមឱវាទ ព្រោះមានសារៈសំខាន់ណាស់ចំពោះគេ
  4. ចូរប្រកាន់ឥរិយាបថស្តាប់មន្ត្រីក្រោមឱវាទនិយាយឱ្យបានច្រើន
  5. ចូរនិយាយជាមួយគូសន្ទនានូវអ្វីដែលគេចូលចិត្ត
  6. ចូរធ្វើយ៉ាងណាឱ្យដៃគូសន្ទនាគិតថាខ្លួនគេមានសារៈសំខាន់។

ហើយគុណសម្បត្តិរបស់មេដឹកនាំល្អ ត្រូវធ្វើដូចម្តេចខ្លះ? ឯកឧត្តមប្រធានក៏បានបង្ហាញគន្លឹះសំខាន់ចំនួន ៩ គឺ៖

  1. ការសម្រេចចិត្តដាច់ខាត គឺមេដឹកនាំល្អត្រូវមានការសម្រេចចិត្តដាច់ខាតដោយអាស្រ័យលើហេតុ និងផល
  2. មានជំហរច្បាស់លាស់
  3. ស្គាល់ពីវិធីប្រើមនុស្ស
  4. មានភាពស្មោះត្រង់
  5. គាំទ្រកូនចៅ គឺណែនាំចំណុចខ្វះខាត និងគាំទ្រចំណុចខ្លាំង
  6. សិល្បៈក្នុងការចូលរួមក្នុងសង្គម
  7. ស្តាប់មតិយោបល់របស់អ្នកដទៃ
  8. ហំហួន គឺធ្វើជាគំរូដល់កូនចៅ
  9. ភាពជាអ្នកដឹកនាំ។

ជាចុងក្រោយឯកឧត្តមប្រធានបានមានប្រសាសន៍ថា គ.ជ.ប នឹងបន្តការងាររៀបចំអ្នកបន្តវេនជាច្រើនផ្សេងទៀតទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់រាជធានី ខេត្ត ដោយសារមន្ត្រីបោះឆ្នោតមួយចំនួនទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់រាជធានី ខេត្ត ដល់អាយុចូលនិវត្តន៍ដែលត្រូវបញ្ចប់មុខតំណែង។ ទាំងអស់នេះជាការពង្រឹងស្ថាប័នបោះឆ្នោតឱ្យទៅជាស្ថាប័នមួយដែលទទួលបានការគាំទ្រ និងទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដូចដែលធ្លាប់ធ្វើនាពេលកន្លងមក៕

ទាញយកកម្មវិធី(App) CamNEC News