ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ការិយាល័យបោះឆ្នោតទូទាំងប្រទេស ដែលមានចំនួន ២០៣ការិយាល័យ បានបើកឱ្យដំណើរការព្រមៗគ្នានៅម៉ោង ៧ព្រឹក ដោយគ្មានការរាំងស្ទះ។ ដោយសារអ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែង ដូចនេះមានការិយាល័យបោះឆ្នោតក្នុងខេត្តខ្លះ ត្រូវបានបិទបញ្ចប់ការបោះឆ្នោតជាបន្តបន្ទាប់ដោយអ្នកបោះឆ្នោតបានមកបោះឆ្នោតគ្រប់ចំនួន ហើយគណៈកម្មការការិយាល័យបោះឆ្នោត ក៏បានបន្តនីតិវិធីជាបន្តបន្ទាប់ ដើម្បីរាប់សន្លឹកឆ្នោតជាបន្តទៀត។
គិតត្រឹមម៉ោង ១០:៣០ព្រឹក ក្នុងចំណោមការិយាល័យបោះឆ្នោតទាំង ២០៣ការិយាល័យ មានការិយាល័យបោះឆ្នោតចំនួន ១៩៦ការិយាល័យ ត្រូវបានបិទបញ្ចប់ការបោះឆ្នោត និងការិយាល័យបោះឆ្នោត ចំនួន ៧ ទៀតមិនទាន់បិទការបោះឆ្នោត ដោយសារមានអ្នកមិនទាន់បានបោះឆ្នោតចំនួន ១០នាក់ ក្នុងនោះមានអ្នកបោះឆ្នោត ចំនួន ១នាក់ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ (ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ) និងមានការិយាល័យរាប់សន្លឹកឆ្នោត ចំនួនជាង ៥០% បានបញ្ចប់ការរាប់សន្លឹកឆ្នោត។
សរុបជារួមដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយរលូន គ្មានការរាំងស្ទះ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ៕