សេចក្តីប្រកាសព័ត៌មាន លេខ ០៤៧​៖ ការសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោត នីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣

នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៤រសៀល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ”ការសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការគ្រោងបិទផ្សាយលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣” ក្រោមអធិបតីភាពឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំនៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប ។

ភាគីពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំនេះរួមមាន ៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន គណបក្សនយោបាយ ចំនួន ៨ អង្គការមិនមែនរដ្ឋាភិបាល ចំនួន ៤  អង្គភាពសារព័ត៌មាន ចំនួន ១០ និងមន្ត្រី គ.ជ.ប សរុបចំនួន ៥០នាក់។

ឯកឧត្តម ឯម សូផាត បានមានប្រសាសន៍ថា ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ដែលបានប្រព្រឹត្តទៅរយៈពេល ៨ ថ្ងៃកន្លងមកនេះ គ្រប់សកម្មភាពឃោសនារបស់គណបក្សនៅតាមមណ្ឌលរាជធានី ខេត្ត និងមណ្ឌលក្រុង ស្រុក ខណ្ឌ បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង មានសន្តិសុខល្អ សណ្តាប់ធ្នាប់ល្អ និងមានការអធ្យាស្រ័យគ្នាទៅវិញទៅមក។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃស និងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ជាថ្ងៃ បោះឆ្នោត គ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធមិនអាចធ្វើសកម្មភាពឃោសនាបោះឆ្នោតបានឡើយ ប្រសិនប្រព្រឹត្តល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមក៏បានលើកឡើងនូវចំណុចមួយចំនួនដែលអ្នកបោះឆ្នោត ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ត្រូវធ្វើ និងមិនត្រូវធ្វើនៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត។
ទាក់ទងនឹងប្រធានបទ នីតិវិធីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ឯកឧត្តមបានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

  • ការត្រួតពិនិត្យវត្តមានសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) និងគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត (គ.ក.រ) សម្ភារ ឯកសារ និងទីតាំងការិយាល័យបោះឆ្នោតនៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត
  • សង្ខេបនីតិវិធីសំខាន់ៗទាក់ទងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
  • ការបិទការបោះឆ្នោត និងការងារត្រូវធ្វើនៅមុនពេលរាប់សន្លឹកឆ្នោត
  • ការរាប់សន្លឹកឆ្នោត
  • ការរៀបចំ និងការវេចខ្ចប់កញ្ចប់សុវត្ថិភាព “ក” ស្បោង “ខ” និងសម្ភារ ឯកសារនៅសល់ និងការបញ្ជូនទៅ គធ.ខប
  • ការប្រកាសលទ្ធផលនៃការបោះឆ្នោត
  • ការដាក់ពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់ពាក់ព័ន្ធនឹងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ។

មុននឹងបិទកិច្ចប្រជុំនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីធានាឱ្យដំណើរការនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ នេះ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់បោះឆ្នោត គោលការណ៍ណែនាំ របស់ គ.ជ.ប និងក្រមសីលធម៌នានាសម្រាប់ភាគីពាក់ព័ន្ធ ។

ខ្លឹមសារផ្សព្វផ្សាយរបស់ឯកឧត្ដម ឯម សូផាត សមាជិក គ.ជ.ប មានផ្សព្វផ្សាយនៅលើគេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/content/4014

ទាញយកកម្មវិធី(App) CamNEC News