ថ្ងៃនេះទី២១ ខែឧសភា ឆ្នាំ២០១៩ ត្រូវជាថ្ងៃទី៥ នៃការឃោសនារកសំឡេងឆ្នោត មានគណបក្សនយោបាយ ចំនួន ៦ បានធ្វើសកម្មភាពឃោសនានៅតាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម៖
- គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពប្រជុំជាមួយសមាជិក សមាជិកាបក្ស បេក្ខជនឈរឈ្មោះ អង្គបោះឆ្នោត និងចាក់មេក្រូផ្សព្វផ្សាយគោលនយោបាយនៅតាមទីស្នាក់ការបក្សក្នុងរាជធានី ខេត្ត ចំនួន ១៧ រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ស្វាយរៀង ស្ទឹងត្រែង ព្រះសីហនុ រតនគិរី កែប ត្បូងឃ្មុំ មណ្ឌលគិរី តាកែវ ព្រះវិហារ ព្រៃវែង ឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ ក្រចេះ និងខេត្តពោធិ៍សាត់ ដោយមានអ្នកចូលរួមសរុប ៣,៤០៥នាក់។
- គណបក្ស ឆន្ទៈខ្មែរ បានធ្វើសកម្មភាពចែកខិត្តប័ណ្ណ និងចាក់មេក្រូចល័ត នៅខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌសែនសុខ ដោយមានអ្នកចូលរួមសរុប ១០នាក់ រថយន្ដ ១គ្រឿង និងម៉ូតូ ៧គ្រឿង។
- គណបក្សសញ្ជាតិកម្ពុជា បានធ្វើសកម្មភាពហែក្បួនឃោសនា នៅខេត្តព្រះសីហនុ និងខេត្ត ស្វាយរៀង និងចែកខិត្តប័ណ្ណ នៅខេត្តតាកែវ ដោយមានអ្នកចូលរួមសរុប ៨៣នាក់ រថយន្ត ៨គ្រឿង និងម៉ូតូ ២២គ្រឿង ។
- គណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាពចុះផ្សព្វផ្សាយគោលនយោបាយនៅឃុំ ចំនួន ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមសរុប ៦នាក់។
- គណបក្សខ្មែររួបរួមជាតិ បានធ្វើសកម្មភាពជួបប្រជុំជាមួយអង្គបោះឆ្នោត និងចាក់មេក្រូផ្សព្វផ្សាយ គោលនយោបាយ នៅខេត្តព្រះសីហនុ រតនគិរី ព្រៃវែង និងខេត្តឧត្តរមានជ័យ ដោយមានអ្នកចូលរួមសរុប ១៣១នាក់។
- គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពជួបជុំសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ ដែលជាអង្គបោះឆ្នោត នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ នៅថ្ងៃទី៥ នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា នៅក្របខ័ណ្ឌទូទាំងប្រទេស៕