ថ្ងៃនេះទី១៩ ខែឧសភា ឆ្នាំ២០១៩ ត្រូវជាថ្ងៃទី៣ នៃការឃោសនារកសំឡេងឆ្នោត មានគណបក្សនយោបាយ ចំនួន ៦ បានធ្វើសកម្មភាពឃោសនានៅតាមមណ្ឌល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម៖
- គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាព ប្រជុំជាមួយសមាជិក សមាជិកាបក្ស បេក្ខជនឈរឈ្មោះ ចាក់មេក្រូផ្សព្វផ្សាយគោលនយោបាយ នៅតាមទីស្នាក់ការបក្សក្នុងរាជធានី ខេត្តចំនួន ១៤ រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ ស្វាយរៀង ព្រះវិហារ ស្ទឹងត្រែង ពោធិ៍សាត់ កំពង់ស្ពឺ រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ឆ្នាំង មណ្ឌលគិរី និងខេត្តឧត្តរមានជ័យ ដោយមានអ្នកចូលរួមសរុប ៤,៥៦៦នាក់។
- គណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពហែក្បួន នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុប ប្រមាណ ១០០នាក់ រថយន្ត ១០គ្រឿង ម៉ូតូ ២០គ្រឿង និងរ៉ឺម៉កកង់បី ៦គ្រឿង។
- គណបក្សសញ្ជាតិកម្ពុជា បានធ្វើសកម្មភាពហែក្បួន នៅខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី និងស្ទឹងត្រែង ដោយមានអ្នកចូលរួមសរុបប្រមាណ ២៤០នាក់ រថយន្ត ២១គ្រឿង និង ម៉ូតូ ២៣គ្រឿង និងធ្វើការជួបប្រជុំនៅទីស្នាក់ការបក្ស ខេត្តប៉ៃលិន ដោយមានអ្នកចូលរួម ៥២នាក់។
- គណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាព ចុះផ្សព្វផ្សាយគោលនយោបាយ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមសរុប ៦នាក់។
- គណបក្សខ្មែររួបរួមជាតិ បានធ្វើសកម្មភាព ជួបប្រជុំ ចុះផ្សព្វផ្សាយគោលនយោបាយ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមសរុប ៣៦នាក់។
- គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាព ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។
ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ នៅថ្ងៃទី៣ នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា នៅក្របខ័ណ្ឌទូទាំងប្រទេស៕