គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបោះពុម្ពសន្លឹកឆ្នោតចំនួន ៤៩,០៦០ (សែសិបប្រាំបួនពាន់ សូន្យហុកសិប) សន្លឹក ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ ការបោះពុម្ពសន្លឹកឆ្នោតនេះ ត្រូវបានបង្ហាញនៅរោងពុម្ព លី វ៉ាន់ហុង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ។
អញ្ជើញចូលរួមក្នុងឱកាសនេះរួមមាន ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ឯកឧត្តម ហ៊ឺ រ៉ុង ទីប្រឹក្សា គ.ជ.ប និងជាប្រធាននាយកដ្ឋានប្រតិបត្តិការ តំណាងគណបក្សនយោបាយ និងអ្នកសារព័ត៌មាន ប្រមាណ ៣០ រូប ។
ឯកឧត្តម ហង្ស ពុទ្ធា បានឱ្យដឹងថា ក្នុងចំណោមសន្លឹកឆ្នោតសរុបទាំង ៤៩,០៦០ សន្លឹក ៖
- សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត មានចំនួន ២២,២០០ សន្លឹក
- សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ មានចំនួន ២២,២០០ សន្លឹក
- សន្លឹកឆ្នោតគំរូ ចំនួន ៤,៦៦០ សន្លឹក
ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ គឺមិនមានសន្លឹកឆ្នោតបម្រុងទេ។
ចំពោះដំណើរការបោះពុម្ពសន្លឹកឆ្នោត ឯកឧត្តមបានពន្យល់ថា ការបោះពុម្ពសន្លឹកឆ្នោតនឹងរួចរាល់នៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះ ហើយឯកឧត្តមបានអះអាងថា គ.ជ.ប បានធ្វើឡើងយ៉ាងត្រឹមត្រូវទៅតាមបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ មានអ្នកបោះឆ្នោតសរុបចំនួន ១១,៥៧២ នាក់ ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង និងមានគណបក្សនយោបាយចំនួន ៧ ចូលរួមប្រកួតប្រជែង រួមមាន ៖
- គណបក្សប្រជាជនកម្ពុជា
- គណបក្សសញ្ជាតិកម្ពុជា
- គណបក្សហ៊្វុនស៊ិនប៉ិច
- គណបក្សខ្មែររួបរួមជាតិ
- គណបក្សយុវជនកម្ពុជា
- គណបក្សឆន្ទៈខ្មែរ
- គណបក្សខ្មែរសាធារណរដ្ឋ
សូមបញ្ជាក់ថា សន្លឹកឆ្នោត សម្ភារ និងឯកសារប្រើប្រាស់សម្រាប់ការបោះឆ្នោត គ.ជ.ប ត្រូវបញ្ជូនទៅដល់ការិយាល័យបោះឆ្នោតទាំង ២០៣ ការិយាល័យ នៅ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត ៕