សេចក្តី​ប្រកាស​ព័ត៌មាន​ ​លេខ​ ​០២៨​៖​ ​គ.ជ.ប​ ​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ចសន្យា​រយៈពេល​ខ្លី​ ​ចំនួន​ ​៣,២៩២​ ​រូប​ ​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ២០១៩​

នៅ​ថ្ងៃទី៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​(​គ.ជ.ប​)​ ​បាន​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ចសន្យា​រយៈពេល​ខ្លី​ ​ចំនួន​ ​១,៦៤៦​ ​ក្រុម​ ​ស្មើនឹង​ចំនួន​ ​៣,២៩២​ ​រូប​ ​ដើម្បី​បម្រើការ​ងារ​នៅ​តាម​ឃុំ​ ​សង្កាត់​ ​ចំនួន​ ​១,៦៤៦​ ​ទូទាំង​ប្រទេស​ ​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​ ​បោះឆ្នោត​ ​ឆ្នាំ២០១៩​។​

​ដើម្បី​ឱ្យ​ការ​ប្រឡង​នេះ​ប្រកបដោយ​តម្លាភាព​ ​និង​សុចរិត​ភាព​ ​គ.ជ.ប​ ​បាន​ចាត់តាំង​សមាជិក​ ​គ.ជ.បទាំង​ ​៩​ ​រូប​ ​និង​មន្ត្រី​អគ្គលេខាធិការ​ដ្ឋាន​ ​គ.ជ.ប​ ​ចំនួន​ ​២៥​ ​រូប​ ​ចុះទៅ​ត្រួតពិនិត្យ​ ​និង​សម្របសម្រួល​ការ​ប្រឡង​តាម​បណ្តា​រាជធានី​ ​ខេត្ត​ ​ទាំង២៥​ ​។​ ​

នា​ឱកាស​នេះ​ ​ឯកឧត្តម​ ​ស៊ិ​ក​ ​ប៊ុ​ន​ហុក​ ​ប្រធាន​ ​គ.ជ.ប​ ​បាន​ចុះទៅ​ខេត្តបាត់ដំបង​ ​និង​ខេត្ត​បន្ទាយមានជ័យ​ ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ ​និង​ជា​អធិបតី​ក្នុង​ការ​កាត់​កញ្ចប់​វិញ្ញាសា​ប្រឡង​។​ ​ឆ្លៀតពេល​នោះ​ដែរ​ ​ឯកឧត្តម​ប្រធាន​ ​ក៏បាន​មានប្រសាសន៍​សំណេះសំណាល​ដោយ​សង្កត់ធ្ងន់​ថា​ ​ការ​ប្រឡង​ជ្រើសរើស​ក្រុម​ចុះឈ្មោះ​នេះ​ ​គឺ​ធ្វើឡើង​ប្រកបដោយ​ ​យុតិ្តធម៌​ ​និង​តម្លាភាព​។​ ​វិញ្ញាសា​ប្រឡង​ត្រូវ​បាន​បិទ​ភ្ជិត​ ​ដោយមាន​ហត្ថលេខា​ ​និង​មាន​ត្រា​នៅ​ពីលើ​កញ្ចប់​វិញ្ញាសា​បិទ​ភ្ជិត​នោះ​។​ ​ឯកឧត្តម​បាន​បន្ត​ទៀត​ថា​ ​ការ​ចុះឈ្មោះ​បោះឆ្នោត​មាន​សារៈសំខាន់​ណាស់​ ​ប្រសិនបើ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ទេ​ ​គឺ​មិន​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​បានទេ​។​ ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ ​ដែល​បាន​ប្រឡងជាប់​ត្រូវតែ​បំពេញភារកិច្ច​ ​និង​តួនាទី​របស់​ខ្លួន​ឱ្យ​ស្រប​ទៅតាមច្បាប់​ ​បទបញ្ជា​ ​និង​នីតិវិធី​ ​ដែល​នៅជា​ធរមាន​។​
​មុខតំណែង​ដែល​នឹង​ត្រូវ​ជ្រើសរើស​រួមមាន​ ​៖​

  • ​ប្រធាន​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ដែល​ហៅ​កាត់​ថា​ ​ក.ច.ប​ ​ក្នុង​មួយ​ឃុំ​ ​សង្កាត់​ ​    ​ចំនួន​ ​១​ ​រូប​
  • សមាជិក​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ ​ជា​ការី​កុំព្យូទ័រ​ក្នុង​មួយ​ឃុំ​ ​សង្កាត់​ ​    ​ចំនួន​ ​១​ ​រូប​

​ការ​ប្រឡង​មុខតំណែង​ទាំងពីរ​ខាងលើ​មាន​វិញ្ញាសា​ខុសគ្នា​ ​៖​ ​

  • ​មុខតំណែង​ប្រធាន​ ​ក.ច.ប​ ​ត្រូវ​ធ្វើការ​ប្រឡង​ ​QCM​ ​
  • មុខតំណែង​សមាជិក​ ​ក.ច.ប​ ​ជា​ការី​កុំព្យូទ័រ​ត្រូវ​ប្រឡង​តាមរយៈ​ការ​ធ្វើតេស្ត​កុំព្យូទ័រ​

​ការ​ប្រឡង​ជ្រើសរើស​នេះ​ ​ប្រព្រឹត្តទៅ​ជាមួយគ្នា​ទូទាំង​ប្រទេស​ក្នុងរយៈពេល​មួយ​ព្រឹក​ ​ថ្ងៃទី៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ហើយ​លទ្ធផល​នៃ​ការ​ជ្រើសរើស​នឹង​បិទផ្សាយ​ ​នៅ​តាម​សាលាឃុំ​ ​សង្កាត់​ ​ក្នុង​រាជធានី​ ​ខេត្ត​ ​នី​មួយ​ៗ​នា​ពេល​ឆាប់​ៗ​នេះ​។​ ​អ្នក​ដែល​ប្រឡងជាប់​នឹង​ចាប់ផ្តើម​ចូល​បម្រើការ​ងារ​ពី​ថ្ងៃទី១​ ​ខែឧសភា​ ​ដល់​ថ្ងៃទី៣១​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​

​សូមជម្រាប​ថា​ ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ២០១៩​ ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១​ ​ដល់​ថ្ងៃទី២២​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​៕​

ទាញយកកម្មវិធី(App) CamNEC News