សេចក្តី​ប្រកាស​ព័ត៌មាន​ ​លេខ​ ​០១៣​៖​ ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​

គ្រប់​គណបក្ស​នយោបាយ​ ​ដែល​បាន​ចុះបញ្ជី​យ៉ាង​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នៅ​ក្រសួងមហាផ្ទៃ​ ​មាន​សិទ្ធិ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អា​ណ​តិ្ត​ទី៣​ ​ឆ្នាំ២០១៩​ ​។​ ​នេះ​ជា​ការ​លើកឡើង​របស់​ ​ឯកឧត្តម​ ​មាន​ ​សទិ​ ​សមាជិក​ ​គ.ជ.ប​ ​និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ​ ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ស្តី​ពី​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ ​និង​ការ​ប្តឹង​តវ៉ា​ ​និង​ដោះស្រាយ​ពាក្យ​បណ្តឹង​ទាក់ទង​នឹង​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ ​នៅ​សាលសន្និសីទ​ ​គ.ជ.ប​ ​នា​ព្រឹក​ថ្ងៃទី៥​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​។​

​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​រួមមាន​ ​៖​ ​តំណាង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​ព្រឹទ្ធសភា​ ​រដ្ឋសភា​ ​ក្រសួងមហាផ្ទៃ​ ​ក្រសួងព័ត៌មាន​ ​គណបក្ស​នយោបាយ​ ​ចំនួន​ ​៩​ ​តំណាង​ស្ថានទូត​ជប៉ុន​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ចំនួន​ ​១៧​ ​អង្គភាព​សារព័ត៌មាន​ ​ចំនួន​ ​៦​ ​និង​មន្ត្រី​ ​គ.ជ.ប​ ​សរុប​ចំនួន​ ​៨០នាក់​។​

​ឯកឧត្តម​ ​មាន​ ​សទិ​ ​បាន​បន្ថែម​ថា​ ​គណបក្ស​នយោបាយ​ដែល​មានបំណង​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​ត្រូវ​ចាប់ផ្តើម​ដាក់ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​ ​បោះឆ្នោត​នៅ​គណៈកម្មការ​រា​ជធានី​ ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ ​(​គធ.ខប​)​ ​យ៉ាងតិច​ ​៨០​ ​ថ្ងៃ​ ​មុន​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ ​មានន័យថា​ ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ ​មាន​រយៈពេល​តែ​ ​៥​ ​ថ្ងៃ​ ​ប៉ុណ្ណោះ​ ​ចាប់ផ្តើម​ពី​ថ្ងៃទី៧​ ​ដល់​ថ្ងៃទី១១​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​។​

​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អ្នកសារព័ត៌មាន​ ​ថា​តើមាន​គណបក្ស​នយោបាយ​ចំនួន​ប៉ុន្មាន​នឹង​ចូលរួម​ ​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​ឯកឧត្តម​ ​កែវ​ ​ផល្លា​ ​ទីប្រឹក្សា​ ​គ.ជ.ប​ ​និង​ជា​ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់​ ​និង​វិវាទកម្ម​ ​ពន្យល់​ថា​ ​គ.ជ.ប​ ​មិន​អាច​សន្និដ្ឋាន​បាន​ថា​ ​មាន​គណបក្ស​នយោបាយ​ ​ចំនួន​ប៉ុន្មាន​នឹង​ដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែង​ទេ​ ​ប៉ុន្តែ​មាន​គណបក្ស​នយោបាយ​ចំនួន​ ​៤​ ​តែងតែ​ទាក់ទង​មក​មន្ត្រី​ជំនាញ​ ​ដើម្បី​សួរ​ព័ត៌មាន​។​ ​គណបក្ស​នយោបាយ​ទាំង​ ​៤​ ​នោះ​ ​រួមមាន​ ​៖​

  • ​គណបក្សប្រជាជន​កម្ពុជា​
  • គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​
  • គណបក្ស​ខ្មែរ​រួបរួម​ជាតិ​
  • ​គណបក្ស​យុវជន​កម្ពុជា​ ​។​

​សូមជម្រាប​ជូន​ថា​ ​កាលបរិច្ឆេទ​នៃ​ការ​ចាប់ឆ្នោត​កំណត់​លំដាប់​លេខរៀង​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹកឆ្នោត​ ​គ.ជ.ប​ ​មិនមែន​ជា​អ្នក​កំណត់​ទេ​ ​គឺ​អាស្រ័យ​ទៅលើ​នីតិវិធី​នៃ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ ​និង​ការ​ប្តឹង​តវ៉ា​ ​និង​ដោះស្រាយ​ពាក្យ​បណ្តឹង​ទាក់ទង​នឹង​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ ​ចប់​ជា​ផ្លូវការ​ ​ទៅតាម​ ​គធ.ខប​ ​នី​មួយ​ៗ​ ​៕​

ទាញយកកម្មវិធី(App) CamNEC News