សេចក្តី​ប្រកាស​ព័ត៌មាន​ ​លេខ​ ​០១២​៖​ ​គ.ជ.ប​ ​ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នៅ​ថ្ងៃនេះ​

នៅ​ថ្ងៃទី៤​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នេះ​ ​គឺជា​ថ្ងៃ​ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​ ​ហើយ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​ ​១,៦៤៦​ ​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​បើ​ក​ព្រម​ៗ​គ្នា​ក្នុង​ថ្ងៃ​តែមួយ​នេះ​ដែរ​។​ ​នេះ​បើ​យោង​តាម​ប្រតិទិន​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​ ​ឆ្នាំ២០១៩​។​

ការ​ចុះឈ្មោះ​បោះឆ្នោត​នេះ​ ​បាន​ចាប់ផ្តើម​ពី​ថ្ងៃទី០៤​ ​ដល់​ថ្ងៃទី១៩​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​(​មាន​រយៈពេល​ ​១៣ថ្ងៃ​ ​ដោយ​មិនរាប់​ថ្ងៃអាទិត្យ​ ​និង​ថ្ងៃបុណ្យ​ផ្លូវការ​)​។​

អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ​ ​គឺជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​នៅក្នុង​មុខតំណែង​ ​ដែល​មាន​សមាជិក​ ​សរុប​ចំនួន​ ​១១,៥៧២​ ​នាក់​ ​ទូទាំង​ប្រទេស​ ​។​ ​ការ​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​ត្រូវ​អនុវត្ត​តាមរបៀប​ស្រង់​ឈ្មោះ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បោះឆ្នោត​ ​និង​បញ្ជូន​តាមលំដាប់​ឋានានុក្រម​មក​ ​គ.ជ.ប​ ​ឱ្យ​បាន​តាមកាល​បរិច្ឆេទ​កំណត់​។​ ​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​នៅក្នុង​មុខតំណែង​ ​រួច​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​និង​ជា​មេឃុំ​ ​ចៅសង្កាត់​ត្រូវ​ចុះហត្ថលេខា​ ​និង​បោះត្រា​រដ្ឋបាល​ឃុំ​ ​សង្កាត់​ ​ដែល​មានការ​បញ្ជាក់​ឯកភាព​ពីអ​ភិបាល​នៃ​គណៈ​អភិបាលក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ ​ខេត្ត​ពាក់ព័ន្ធ​ ​រួច​បញ្ជូន​មក​ ​គ.ជ.ប​ ​ឱ្យ​បាន​តាមកាល​បរិច្ឆេទ​កំណត់​ ​ពី​ថ្ងៃទី៤​ ​ដល់​ថ្ងៃទី២៧​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​។​

ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​មួយ​ ​ត្រូវ​បាន​កំណត់​សម្រាប់​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​នី​មួយ​ៗ​។​ ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​នៅក្នុង​មុខតំណែង​ត្រូវ​មាន​ទីតាំងនៅ​សាលាឃុំ​ ​សង្កាត់​ ​ឬ​ទីតាំង​ណាមួយ​សមស្រប​ក្នុង​ឃុំ​ ​សង្កាត់​។​

អ្នក​ដែល​ត្រូវ​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៃ​ការិយាល័យ​បោះឆ្នោត​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ណាមួយ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូចជា​ ​៖​
​-​    ​ជាស​មា​ជិ​ក​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​នៅក្នុង​មុខតំណែង​នៃ​ការិយាល័យ​បោះឆ្នោត​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ពាក់ព័ន្ធ​។​
​-​    ​មិន​ចាំបាច់​បង្ហាញខ្លួន​ ​ឬ​អាច​ទៅ​បង្ហាញខ្លួន​នៅចំពោះមុខ​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​នៅ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ ​ដើម្បី​ទទួល​ព័ត៌មាន​ឱ្យ​បាន​គ្រប់គ្រាន់​អំពី​ការិយាល័យ​បោះឆ្នោត​ ​និង​អំពី​តម្រូវការ​ឯកសារ​នៅពេល​បោះឆ្នោត​ ​៕​

ទាញយកកម្មវិធី(App) CamNEC News