សេចក្តី​ប្រកាស​ព័ត៌មាន លេខ ០៤៦៖ គ.ជ.ប ត្រូវ​បាន​ទទួល​ស្គាល់​ជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) សូម​រំលឹកថា ការ​ចុះ​បញ្ជីគណ​បក្ស​នយោបាយ ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជីបេក្ខជនឈរ​ឈ្មោះ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត នីតិកាលទី៦ ឆ្នាំ​២០១៨ ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទទី៣០ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី១៤ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​៣០​នាទី ។

ការ​ចុះ​បញ្ជី​នេះ បើក​ទូលាយ​ដល់​គ្រប់គណ​បក្ស​នយោបាយ ដែល​បាន​ចុះ​បញ្ជី​យ៉ាង​ត្រឹម​ត្រូវ​ស្រប​តាម​ច្បាប់​ស្តីពីគណ​បក្ស​នយោបាយ​នៅ​ក្រសួង​មហា​ផ្ទៃ ។ គណ​បក្ស និង​បេក្ខជន​មាន​សិទ្ធិ​ចូល​រួម ឬ​មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត ហើយ​ជា​ពិសេស​មាត្រា ៣៤ នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ បាន​ចែង​យ៉ាង ច្បាស់​អំពី​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត និង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត ។ គ.ជ.ប បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ។

គ.ជ.ប ត្រូវ​បាន​ទទួល​ស្គាល់​ជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត ជា​ពិសេស​លទ្ធផល​ការ​ងារ​របស់​ខ្លួន​នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​សកល​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ កាលពី​ថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ​២០១៧ ។ នៅ​ទី​ក្រុង​ប៊្រុយស៊ែល សេចក្តី​ថ្លែង​ការណ៍​រួម​កម្ពុជា​-សហភាព​អឺរ៉ុប ចុះ​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០១៨ បាន​កោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នេះ ។

ស្ថានទូតសហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទី​ក្រុង​​ភ្នំពេញ​​បាន​កោតសរសើរ គ.ជ.ប ដែល​បាន​ខិតខំ រៀបចំ​ការ​បោះ​ឆ្នោត ឃុំ សង្កាត់​​នេះ ប្រកប​ដោយ​របៀបរៀបរយ និង​ស្ងប់ស្ងាត់ ព្រម​ទាំង​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា គណ​បក្ស​នយោបាយ និង​ស្ថាប័ន​នានា​នៅ​កម្ពុជា ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដោយ​ស្ងប់​ចិត្ត ។ ការ​ដែល​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ព្យួរ​ជំនួយ​ពី គ.ជ.ប គឺជា​ហេតុ​ផល​ផ្សេង​មិន​មែន គ.ជ.ប ធ្វើ​ការ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ។ គ.ជ.ប ក៏​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​បោះ​បង់​ចោល​សមិទ្ធផលជាប្រវត្តិសាស្រ្ត​របស់​ខ្លួន​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​ជាតិ និង​អន្តរជាតិ  ជា​ពិសេស​អ្នក​ជំនាញ​ការ​របស់​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដែល​មានទីស្នាក់​ការ​ផ្ទាល់​ជា​មួយ គ.ជ.ប ជា​យូរ​ឆ្នាំ​មក​ហើយ និង​ដែល​បាន​ស្គាល់​ច្បាស់​ពី​សកម្មភាព​ពិត​របស់ គ.ជ.ប ។ ជាង​នេះ​ទៅ​ទៀត​ដើម្បីតម្លាភាព​ពេញ​ទី ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បាន​ស្នើសុំ លោក​ស្រី រ៉ូណា ស្មីត ( Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជា​ជាតិ​(UN) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ឱ្យ​បង្កើត​ការិយាល័យ UN ប្រចាំ​នៅ គ.ជ.ប សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នា​ឱកាស​ជំនួបជា​មួយ​គ្នា​កាលពី​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ​២០១៨ ។

គ.ជ.ប មាន​ការ​សោកស្តាយ​ចំពោះ​ការ​លើក​ឡើង​ថា គ.ជ.ប បំ​ពេញ​ការ​ងារ​មិន​បាន​ត្រឹម​ត្រូវ ដែល​តាម​ពិត​ប្រជា​ពលរដ្ឋ​ខ្មែរ​គួរ​តែ​មាន​មោទនភាព​ជាតិ​ចំពោះ​សមិទ្ធផល​ដ៏​ធំ​ធេង​នេះ ៕

ទាញយកកម្មវិធី(App) CamNEC News