សេចក្តី​ប្រកាស​ព័ត៌មាន លេខ ០៤៥៖ គណ​បក្ស​​នយោបាយ​ស្នើសុំ គ.ជ.ប នូវ​កិច្ច​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​

​តំណាង​គណ​បក្ស​​នយោបាយ​ចំនួន ១៥ ក្នុង​ចំណោម​អ្នក​ចូល​រួម​ចំនួន ៧០​នាក់ មកពី​ស្ថាប័ន​ជាតិ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ បាន​ស្នើសុំ​អន្តរាគមន៍​ពី គ.ជ.ប ​ដើម្បី​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ពាក់​ព័ន្ធ ផ្តល់​កិច្ច​សហការ​ក្នុង​ការ​បំ​ពេញ​​បែប​បទសុំ​ចុះ​បញ្ជីបេក្ខជនឈរ​ឈ្មោះ។ ការ​ស្នើសុំ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំជា​មួយ​ភាគី​ពាក់​ព័ន្ធ ស្តីពីការ​ចុះ​បញ្ជី​គណ​បក្ស​​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជីបេក្ខជនឈរ​ឈ្មោះ និង​ការប្តឹង​តវ៉ា និង​ដោះ​ស្រាយ​​ពាក្យ​បណ្តឹង​ទាក់​ទង​នឹង​ការ​ចុះ​បញ្ជី​គណ​បក្ស​​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជីបេក្ខជនឈរ​ឈ្មោះ ក្រោម​អធីបតីភាព​ដ៏​ខ្ពង់​ខ្ពស់ ឯកឧត្តម នុត សុខុម អនុ​ប្រធាន គ.ជ.ប នាព្រឹក​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ​២០១៨  នៅ​ទីស្តីការ គ.ជ.ប ។

មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ ឯកឧត្តម នុត សុខុម បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត នីតិកាលទី៥ កន្លង​មក មាន​គណ​បក្ស​​នយោបាយ​ចំនួន ៨ បាន​ចូល​រួម​ប្រកួត​ប្រជែង ដោយ​ឡែកការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត នីតិកាលទី៦ ខាង​មុខ​នេះ មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​តាម​របាយការណ៍​ពី​ក្រសួង​មហា​ផ្ទៃ រហូត​មក​ដល់​ពេល​នេះ​មាន​គណ​បក្ស​​នយោបាយ​ដែល​បាន​ចុះ​បញ្ជី​ផ្លូវ​ការ មាន​ចំនួន ៣៧ គណ​បក្ស ។

ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ គណ​បក្ស​​នយោបាយ​ចំនួន ៨ មាន​ដូចជា គណ​បក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណ​បក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន គណ​បក្ស​​ខ្មែរ​ឈប់ក្រ គណ​បក្ស​​យុវជន​កម្ពុជា គណ​បក្ស​​ប្រជាជន​កម្ពុជា គណ​បក្ស​សម្ព័ន្ធ​​ដើម្បី​ប្រជាធិបតេយ្យ គណ​បក្ស​ពន្លឺ​ថ្មី និង​គណ​បក្ស​ធម្មាធិបតេយ្យ បាន​លើក​ឡើង​នូវ​កង្វល់ និង​សំណូមពរ​ជុំ​វិញ​ការ​ចុះ​បញ្ជី​គណ​បក្ស​​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជីបេក្ខជនឈរ​ឈ្មោះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី៣០ ខែ​មេសា ដល់​ថ្ងៃ​ទី១៤ ខែឧសភា ឆ្នាំ​២០១៨ មាន​ជាអាទិ៍ ៖

  • អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​មិន​បាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​តំណាង​គណ​បក្ស​​នយោបាយ​ក្នុង​ការ​បំ​ពេញ​​ឯកសារ
  • ស្នើសុំ​ឱ្យ គ.ជ.ប បង្ហាញ​ជាក់​លាក់​ចំនួន​បេក្ខជន​ពេញ​សិទ្ធិ ១/៣ នៃ​ចំនួន​បេក្ខជន​ពេញ​សិទ្ធិ​ទាំង ១២៥ រូប នៃ​រដ្ឋសភា នីតិកាលទី៦

ឆ្លើយតប​ទៅ​នឹង​កង្វល់ និង​សំណូមពរ​ខាង​លើ​នេះ ឯកឧត្តម សោម សូរីដា អគ្គ​លេខាធិការរង គ.ជ.ប បាន​លើក​ឡើង​ពីមាត្រា ១៤២ នៃ​ច្បាប់​ស្តីពីការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត នីតិកាលទី៦ ដែល​ចែងថា “ ត្រូវ​ផាកពិន័យជា​ប្រាក់​ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ដោយ​ពុំ​គិត​ដល់​ទោសព្រហ្មទណ្ឌ​ផ្សេង​ទៀត ចំពោះ​ជនណា ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​ដូចជា ៖

  • រារាំង​ប្រជា​ពលរដ្ឋ​​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត មិន​ឱ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឬ​រារាំង​មិន​ឱ្យ​ចុះ​ឈ្មោះ​ប្រជា​ពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​សៀវភៅបញ្ជី​បោះ​ឆ្នោត។
  • បង្កការអុកឡុក​ឬ​រារាំង​សកម្មភាព​ជាប្រក្រតី ក្នុង​ទី​កន្លែង​សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ពិនិត្យ​បញ្ជី និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត។
  • រារាំង​ប្រជា​ពលរដ្ឋ​​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឱ្យ​ទៅ​បោះ​ឆ្នោត។
  • រារាំងបេក្ខជន ឬ​អ្នក​គាំទ្រ​គណ​បក្ស​​នយោបាយ​មិន​ឱ្យ​ឃោសនា​បោះ​ឆ្នោត តាម​ការ​កំណត់។
  • ធ្វើ​ឱ្យ​បាត់​ទំនុក​ចិត្ត​លើការសម្ងាត់​នៃ​ការ​បោះ​ឆ្នោត។
  • ​ធ្វើ​ឱ្យ​មាន​ការភាន់ច្រឡំ​នាំ​ឱ្យ​បាត់​ទំនុក​ចិត្ត​លើការ​បោះ​ឆ្នោត។
  • បង្កការរំខាន​មិន​ឱ្យ​ដំណើរ​ការ​បោះ​ឆ្នោត​បាន។”

លើស​ពី​នេះ​មាត្រា ៣៤ នៃ​រដ្ឋធម្មនុញ្ញឆ្នាំ​១៩៩៣ បាន​ចែងថា “​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះ​ឆ្នោត និង​អាចឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត។”  ឯកឧត្តម សោម សូរីដា លើក​ឡើង​នូវ​មាត្រា​ទាំង​ពីរ​​នេះ គឺ​ចង់​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ផ្តល់​កិច្ច​សហការ​ជូន​គ្រប់​គណ​បក្ស​​នយោបាយ​ដោយ​គ្មាន​ការ​រើសអើង។
ដោយ​ឡែកឯកឧត្តម ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​ជម្រាប​ជូន​ដល់​អង្គប្រជុំថា បេក្ខជន​ពេញ​សិទ្ធិ ១/៣ នៃ​ចំនួន​បេក្ខជន​ពេញ​សិទ្ធិ​ទាំង ១២៥ រូប ថាតើ​មាន​ចំនួន ៤១ រូប ឬ ៤២ រូប នោះ ត្រូវ​ឆ្លងកិច្ចប្រជុំ គ.ជ.ប ហើយ​នឹង​ជម្រាប​ជូន​ព័ត៌មាន​នៅ​ពេល​ក្រោយ។
ក្នុង​សុន្ទរកថាបិទកិច្ចប្រជុំ ឯកឧត្តម នុត សុខុម អនុ​ប្រធាន គ.ជ.ប បាន​គូសបញ្ជាក់​ថា :

  • ​គណ​បក្ស​​នយោបាយ​ត្រូវ​មក​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​គណ​បក្ស​​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជីបេក្ខជនឈរ​ឈ្មោះ ឱ្យ​បាន​ទាន់​ពេល​វេលា ។
  • គ.ជ.ប នឹង​ស្នើសុំ​កិច្ច​សហការ​ពី​ក្រសួង​មហា​ផ្ទៃ ដើម្បី​សម្រប​សម្រួល​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បំ​ពេញ​​បែប​បទ​ជូន​គណ​បក្ស​​នយោបាយ​ដោយ​គ្មាន​ការ​រើសអើង និង​ទាន់​ពេល​វេលា ។
  • អគ្គ​លេខាធិការដ្ឋាន គ.ជ.ប នឹង​ខិតខំ​សម្រួល​ការ​ងារ​ជូន​គ្រប់​គណ​បក្ស​​នយោបាយ ដើម្បី​ឱ្យ​ការ​ងារ​ចុះ​បញ្ជី​គណ​បក្ស​​នយោបាយ និង​បញ្ជីបេក្ខជនឈរ​ឈ្មោះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន ៕

ទាញយកកម្មវិធី(App) CamNEC News