សេចក្ដីប្រកាសព័ត៌មាន លេខ ០១៩៖ ការិយាល័យបោះឆ្នោតទាំង​ ៣៣ ត្រៀមរួចជាស្រេច​ដើម្បីបើកបម្រើការបោះឆ្នោត​នៅថ្ងៃស្អែក ទី​២៥ ខែកុម្ភៈ

មន្ត្រីនៃគណៈកម្មការការិយាល័យបោះឆ្នោត រាប់សន្លឹកឆ្នោតទាំងអស់ត្រូវបានបណ្តុះបណ្តាលចប់រួចរាល់ហើយ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការបោះឆ្នោត រាប់សន្លឹកឆ្នោត និងបូកសរុបលទ្ធផលនៃការបោះឆ្នោត ។
សមាជិក គ.ជ.ប ទាំង ៩ រូប ត្រូវបានបែងចែកភារកិច្ចចុះត្រួតពិនិត្យមើលដំណើរការបោះឆ្នោតនៅតាមមណ្ឌលភូមិភាគទាំង ៨ សម្រាប់ថ្ងៃនេះ និងថ្ងៃបោះឆ្នោតស្អែកផងដែរ ។
តាមរបាយការណ៍ពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានឱ្យដឹងថា សម្ភារបម្រើឱ្យការបោះឆ្នោត ត្រូវបានបញ្ជូនដល់គ្រប់ការិយាល័យបោះឆ្នោតហើយ ។ សម្ភារទាំងនោះរួមមាន ៖

  • បញ្ជីបោះឆ្នោត
  • សន្លឹកឆ្នោតមិនទាន់ប្រើប្រាស
  • ហិបឆ្នោត
  • បន្ទប់សម្ងាត់
  • ត្រាសម្ងាត់សម្រាប់បោះលើសន្លឹកឆ្នោត
  • ទឹកជ្រលក់សម្រាប់សម្គាល់ថាបានបោះឆ្នោតហើយ
  • សោ និងប្រដាប់ឃ្លុំ
  • ក្រដាសបែបបទសម្រាប់បំពេញកំណត់ហេតុ និងសម្រង់លទ្ធផល
  • ប៊ិចសរសេរដែលមានគុណភាពល្អ
  • ស្រោមសំបុត្រដែលបោះពុម្ពលើខ្នងរួចហើយ
  • ថង់ប្លាស្ទិក
  • សម្ភារ និងបរិក្ខារចាំបាច់ផ្សេងៗទៀត

សម្រាប់ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ មន្ត្រីការិយាល័យបោះឆ្នោតបានរៀបចំការិយាល័យបោះឆ្នោតរួចរាល់ សម្រាប់បើកបម្រើការបោះឆ្នោតនៅថ្ងៃស្អែក ។
តាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា ៩៧ ដែលត្រូវយកមកអនុវត្តក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ចែងថា មុនថ្ងៃបោះឆ្នោតមួយថ្ងៃ ប្រធានគណៈកម្មការការិយាល័យបោះឆ្នោតត្រូវប្រជុំសមាជិកទាំងអស់ ដើម្បីត្រួតពិនិត្យវត្តមានសមាជិក និងពិនិត្យទីតាំងការិយាល័យបោះឆ្នោត និងពិនិត្យសម្ភារ បរិក្ខារបម្រើឱ្យការងារបោះឆ្នោត ៕

ទាញយកកម្មវិធី(App) CamNEC News