សេចក្តីប្រកាសព័ត៌មាន លេខ ០០៤​៖ ថ្ងៃ​ទីពីរ​នៃយុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​នយោបាយ

ថ្ងៃអាទិត្យទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ គឺជាថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ។

តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ថ្ងៃនេះមានតែគណបក្សប្រជាជនកម្ពុជាមួយគត់នៅខេត្តស្វាយរៀងដែលស្ថិតក្នុងភូមិភាគទី៦ បានធ្វើការហែក្បួនឃោសនាទ្រង់ទ្រាយធំ ដោយមានអ្នកចូលរួមចំនួន ៥៥៨នាក់ រថយន្ត ៥២គ្រឿង និងមេក្រូ ៦គ្រឿង ។

គធ.ខប បានកត់សម្គាល់ឃើញថា៖

  • គណបក្សប្រជាជនកម្ពុជា នៅតាមភូមិភាគផ្សេងទៀត បានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតតាមរយៈ៖ ប្រគុំតន្រ្តី ប្រជុំផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ បង្ហាត់បង្ហាញដល់អ្នកបោះឆ្នោតអំពីការគូសសញ្ញាគាំទ្រនៅលើសន្លឹកឆ្នោត និងជាពិសេសចាក់មេក្រូផ្សព្វផ្សាយពីសារនយោបាយនៅតាមទីស្នាក់ការគណបក្សរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ។
  • គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពប្រជុំផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្សមួយចំនួន ។
  • ដោយឡែកគណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា ពុំទាន់ឃើញធ្វើសកម្មភាពនៅឡើយទេ។

តាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រការ ៦.១២ ចែងថា ក្នុងពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោត គណបក្សនយោបាយទាំងអស់ និងបេក្ខជនទាំងអស់ សមាជិកនៃគណបក្សនយោបាយទាំងអស់ អ្នកគាំទ្រទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងក្រមសីលធម៌ គោរពតាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប គោរពតាមគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

ជាទូទៅ គ.ជ.ប យល់ឃើញជារួមថា យុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទីពីរនេះ ក៏ដូចថ្ងៃទីមួយដែរ បានប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ ស្ថិរភាពល្អ និងគ្មានអំពើហិង្សាណាមួយកើតឡើងនោះទេនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ៕

ទាញយកកម្មវិធី(App) CamNEC News