សេចក្តីប្រកាសព័ត៌មាន លេខ​ ០០២​៖ ការផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធនៅមុន ១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត

ដើម្បីឱ្យការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ប្រព្រឹត្តទៅមានភាពល្អប្រសើរ ទាំងសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការឃោសនាបោះឆ្នោត និងបណ្តឹងទាក់ទងនឹងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៅសាលសន្និសីទ គ.ជ.ប ក្រោមអធិបតីភាព ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមុន ១ថ្ងៃ នៃការចាប់ផ្តើមយុទ្ធនាការ ឃោសនាបោះឆ្នោត។

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួងមហាផ្ទៃ  ក្រសួងព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាលចំនួន ១៣ គណបក្សនយោបាយចំនួន ៤ តំណាងស្ថានទូតជប៉ុន ជំនាញការអង្គការ JICA ជំនាញការ KOICA និងអង្គភាពសារព័ត៌មានចំនួន ១០ សរុបចំនួន ៦០នាក់។

ឯកឧត្តម មាន សទិ បានមានប្រសាសន៍ថា ការឃោសនាបោះឆ្នោតមានទិសដៅឱ្យបេក្ខជន និងគណបក្សនយោបាយ ដែលបានចុះបញ្ជីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយរបស់ខ្លួនជូនដល់អ្នកបោះឆ្នោត។ ការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ផ្តើមពីម៉ោង ៦:០០ព្រឹក រហូតដល់ម៉ោង ១០:០០យប់ ប៉ុន្តែត្រូវហាមមិនឱ្យចាក់ឧបករណ៍បំពងសំឡេងពីម៉ោង ១២:០០ ដល់ម៉ោង ១៤:០០ និងហាមចាក់ផ្សាយនៅក្បែរមន្ទីរពេទ្យ និងនៅក្បែរសាលារៀនក្នុងម៉ោងសិក្សា។ ឯកឧត្តមបន្តថា ចំពោះអង្គការមិនមែនរដ្ឋាភិបាលត្រូវប្រកាន់ជំហរអព្យាក្រឹតឥតលំអៀង ហើយជនបរទេសត្រូវហាមដាច់ខាតមិនឱ្យធ្វើសកម្មភាពដោយផ្ទាល់ ឬដោយប្រយោលក្នុងការឃោសនាគាំទ្រ ឬប្រឆាំងបេក្ខជន ឬគណបក្សនយោបាយណាមួយឡើយ។

ចំពោះពាក្យបណ្តឹងទាក់ទងនឹងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ឯកឧត្តមបានពន្យល់ថា មាន ២ ដំណាក់កាល គឺមុនពេលបិទផ្សាយលទ្ធផលបណ្តោះអាសន្ន និងបណ្តឹងលើលទ្ធផលបណ្តោះអាសន្ន។

សូមជម្រាបជូនថា ក្នុងការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ គណបក្សនយោបាយអាចហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតយ៉ាងច្រើន ២ (ពីរ) ដង (ការហែក្បួនធំ) នៅក្នុងមណ្ឌលភូមិភាគដែលគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ក្រៅពីសកម្មភាពនេះ គណបក្សនយោបាយអាចធ្វើការឃោសនាជាទ្រង់ទ្រាយតូចៗបានជារៀងរាល់ថ្ងៃ ៕

ទាញយកកម្មវិធី(App) CamNEC News