សេចក្ដី​ប្រកាសព័ត៌មាន លេខ ២៩០​៖ ជំនួប​រវាង​ឯកឧត្ដម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និង​ឯកឧត្ដម​ គីម យ៉ុង​ហ៊ី អគ្គលេខាធិការសមាគម​ នៃ​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​ពិភពលោក

ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិក គ.ជ.ប រួមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប បានទទួលជួបពិភ្សាការងារជាមួយឯកឧត្តម គីម យ៉ុងហ៊ី  (Kim YongHi)
អគ្គលេខាធិការសមាគម នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា A-WEB  កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅស្តីការ គ.ជ.ប ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីស្ថាប័ន A-WEB និងការបញ្ចុះបញ្ចូល គ.ជ.ប ឱ្យក្លាយជាសមាជិកនៃ A-WEB ។

ឯកឧត្តម គីម យ៉ុងហ៊ី បានឱ្យដឹងថា A-WEB  មានសមាជិក ចំនួន ១០៩ មកពី ១០៣ប្រទេសបាននឹងកំពុងធ្វើការងារយ៉ាងច្រើន ដើម្បីធ្វើយ៉ាងណាសហការគ្នា ក្នុងគោលបំណងឱ្យការបោះឆ្នោតក្នុងប្រទេសនីមួយៗប្រព្រឹត្តទៅឱ្យកាន់តែមានសុក្រឹត្យភាព និងមានតម្លាភាព ។

ឆ្លើយតបនឹងចំណុចនេះ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានសង្កត់ធ្ងន់ថា ដូចដែល A-WEB  បាននឹងកំពុងធ្វើ និងទស្សនវិស័យរបស់ខ្លួន គឺមិនខុសពីការចង់បាន និងទស្សនវិស័យរបស់ គ.ជ.ប នោះទេ ។ លើសពីនេះទៅទៀត គ.ជ.ប ខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងគោលដៅឱ្យប្រជាពលរដ្ឋកម្ពុជាមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានមកបោះឆ្នោត និងសម្លេងរបស់ពួកគាត់ត្រូវបានរាប់យ៉ាងត្រឹមត្រូវ ។

ឆ្លៀតក្នុងឱកាសជំនួបលើកទី១នេះ ឯកឧត្តមប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា គ.ជ.ប បានរៀបចំការបោះឆ្នោតជាច្រើនលើកច្រើនសារមកហើយ ថ្មីៗនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌  ដោយគ្មានភាគីណាមួយតវ៉ានោះទេ ហើយ គ.ជ.ប នៅតែបន្តមាគ៌ានេះតទៅទៀតសម្រាប់ការបោះឆ្នោតនៅពេលបន្តបន្ទាប់។

ពាក់ព័ន្ធនឹងការវិវត្តន៍ថ្មីៗនេះ ដែលសហភាពអឺរ៉ុបបានប្រកាសព្យួរជំនួយមក គ.ជ.ប ឯកឧត្តមប្រធាន    គ.ជ.ប បានជម្រាបជូន ឯកឧត្តមអគ្គលេខាធិការ A-WEB  ថា គ.ជ.ប នៅតែបន្តការងាររបស់ខ្លួនជាប្រក្រតី ហើយភាគីជាច្រើនរួមមាន ជប៉ុន ចិន កូរ៉េខាងត្បូង និងរុស្ស៊ី ហើយជាពិសេសអង្គការ JICA ដែលពីមុននឹង បច្ចុប្បន្ននៅតែបន្តជួយ គ.ជ.ប ទៀតក្នុងការងារបច្ចេកទេស និងថវិកាដោយមិនលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងរបស់ គ.ជ.ប ទេ ។

ឯកឧត្តម ស៊ិក ប៊ុនហុក ក៏បានវាយតម្លៃខ្ពស់ចំពោះសមាគម A-WEB  ផងដែរ ដែលបានចែងយ៉ាងច្បាស់ពីធម្មនុញ្ញរបស់ខ្លួនត្រង់មាត្រា៣-១ ថា “សមាគម A-WEB ជាសមាគមមិនធ្វើនយោបាយ មានស្វ័យភាព និងឯករាជ្យដែលរួមបញ្ចូលសមាជិកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិភពលោក និងគ្មានឆន្ទៈលូកដៃចូលក្នុងដែនអធិបតេយ្យរបស់ប្រទេសជាសមាជិកនោះទេ”  ហើយឯកឧត្តមបន្ថែមថា គ.ជ.ប នឹងសហការជាមួយ A-WEB ជាជំហានៗ មុននឹងក្លាយខ្លួនជាសមាជិកនៃសមាគមនេះ។

ឯកឧត្តម គីម យ៉ុងហ៊ី អគ្គលេខាធិការ A-WEB បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គ.ជ.ប និងគាំទ្រ ព្រមទាំងរង់ចាំសហការជាមួយ គ.ជ.ប ។

ជំនួបគូរភាគីរវាង គ.ជ.ប និង A-WEB  បានបញ្ចប់ដោយផ្លែផ្កា និងក្នុងបរិយាកាសរីករាយ ៕
   
ចំពោះព័ត៌មានពិស្តារសូមទាក់ទងលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់​ទំនងសាធារណៈ
 ទូរស័ព្ទលេខ 012 855 018 , Email: necinfo@forum.org.kh

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778