សេចក្ដី​ប្រកាសព័ត៌មាន លេខ ២៨៩៖ គ.ជ.ប បាន​រៀបចំពិធី​ទទួល​ស្វាគមន៍​អនុប្រធាន និង​សមាជិក គ.ជ.ប ចំនួន ២​រូប ទើប​ចូល​កាន់​តំណែង​ជំនួស​អនុប្រធាន និង​សមាជិក​ គ.ជ.ប ដែលបាន​លាឈប់​ពី​តំណែង​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប

នាថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១០:០០នាទីព្រឹក នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីទទួលស្វាគមន៍អនុប្រធាន និងសមាជិក គ.ជ.ប ចំនួន ២រូប ទើបចូលកាន់តំណែងជំនួសអនុប្រធាន និងសមាជិក គ.ជ.ប ដែលបានលាឈប់ពីតំណែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ។
 អនុប្រធាន និងសមាជិក គ.ជ.ប ទើបចូលកាន់តំណែងរួមមាន ៖
-    ឯកឧត្តម នុត សុខុម    អនុប្រធាន គ.ជ.ប ជំនួសឯកឧត្តម គួយ ប៊ុនរឿន
-    ឯកឧត្តម ឌឹម សុវណ្ណារុំ    សមាជិក គ.ជ.ប ជំនួសឯកឧត្តម រ៉ុង ឈុន
-    ឯកឧត្តម ហ៊ែល សារ៉ាត់    សមាជិក គ.ជ.ប ជំនួសលោកជំទាវ តែ ម៉ានីរ៉ុង

    ឯកឧត្តម នុត សុខុម មានប្រសាសន៍ថា ក្នុងនាមជាសមាសភាពថ្មី នឹងខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អប្រសើរស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដំណើរ រៀបចំការបោះឆ្នោតឱ្យប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

    ឯកឧត្តម ស៊ិក ប៊ុនហុក មានប្រសាសន៍ថា ការរៀបចំពិធីទទួលស្វាគមន៍សមាជិក គ.ជ.ប ចំនួន ៣រូបឱ្យចូលកាន់តំណែងជាអនុប្រធាន និងសមាជិក គ.ជ.ប ហើយ​ការបំពេញបន្ថែមសមាជិក គ.ជ.ប ៣រូបនេះ ធ្វើឡើងស្របតាមមាត្រា៤ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

    ឯកឧត្តមប្រធានបានបញ្ជាក់ថា នៅឆ្នាំ២០១៨ ខាងមុខនេះ គ.ជ.ប នឹងរៀបចំការបោះឆ្នោតចំនួន ២ រួមមាន ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយការបោះឆ្នោតទាំងពីរនេះ គ.ជ.ប ត្រូវតែរៀបចំឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ដូចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ កន្លងទៅនេះ។ ឯកឧត្តមបន្តថា គ.ជ.ប មានគោលដៅចម្បងចំនួន ២ គឺ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតត្រូវមានឈ្មោះត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត និងបានទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត និងសន្លឹកឆ្នោតត្រូវតែបានរាប់យ៉ាងត្រឹមត្រូវបំផុត គ្មានលម្អៀងទៅរកគណបក្សនយោបាយណាមួយឡើយ។

    សូមរំលឹកថា អនុប្រធាន និងសមាជិក គ.ជ.ប ទើបចូលកាន់តំណែងជំនួសអនុប្រធាន និងសមាជិក គ.ជ.ប ដែលបានលាឈប់ពីតំណែង ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ និងត្រូវបានព្រះមហាក្សត្រឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យតែងតាំងកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧៕

ទាញយកកម្មវិធី(App) CamNEC News