សេចក្ដីប្រកាសព័ត៌មាន​៖ គ.ជ.ប សូមជម្រាបជូន​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា ប៉ុន្មានថ្ងៃកន្លងមកនេះ​មានការ​បំផ្លោង​ព័ត៌មាន​របស់ជន​អគតិ​មួយចំនួន​ ដែលបានវាយ​ប្រហារ​មក​លើ​ស្ថាប័ន គ.ជ.ប​ ដែលពាក់ព័ន្ធនឹង​បញ្ហា​ ២​

ក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូន សាធារណជនទាំងអស់ឱ្យបានជ្រាបថា ប៉ុន្មានថ្ងៃកន្លងមកនេះមានការបំផ្លោងព័ត៌មានរបស់ជនអគតិមួយ ចំនួន ដែលវាយប្រហារមកលើស្ថាប័ន គ.ជ.ប ពាក់ព័ន្ធនឹងបញ្ហា ២ ដូចខាងក្រោម៖
 ទី១ អំពី ឯករាជ្យភាព អព្យាក្រឹត្យភាព និងយុត្តិធម៌ របស់គ.ជ.ប
 ទី២ អំពី បដិវត្តន៍ពណ៌ ។

ដោយកត់សម្គាល់ឃើញថា ពួកអគតិបានបំផ្លោងព័ត៌មានវាយប្រហារ មកលើការងារ គ.ជ.ប ប្រកប ដោយល្បិចកលខ្មៅកខ្វក់ ក្នុងបំណងបំផ្លាញទំនុកចិត្តសាធារណៈមតិ លើដំណើរការរៀបចំការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ គ.ជ.ប សូមធ្វើការបកស្រាយ ដូចតទៅ៖
 ទី១ អំពីការបោះឆ្នោត ៖ ជំហរដឹកនាំរបស់ គ.ជ.ប ថ្មីនេះ ទោះជាសមាសភាពមកពីមជ្ឈដ្ឋានណាក៏ដោយ ក៏ត្រូវតែរៀបចំការបោះឆ្នោតឱ្យបានត្រឹមត្រូវបំផុតស្របតាមច្បាប់កំណត់។ គ្មានបុគ្គលណា សមាសភាព ណា អង្គការណា អង្គភាពណា បរទេសណា អាចមកដាក់សម្ពាធ ឬប្រទាញ គ.ជ.ប ឱ្យអនុវត្តប្រាសចាកពីគតិច្បាប់ក្នុងការរៀបចំការបោះឆ្នោតនេះបានឡើយ ។

ដោយសារជំហរឥតងាករេពីគតិច្បាប់ និងយុត្តិធម៌នេះហើយ ទើបលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧កន្លងមក ត្រូវបានគ្រប់ភាគីពាក់ព័ន្ធ គ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក វាយតម្លៃយ៉ាងត្រឹមត្រូវថា ជាការបោះឆ្នោតគួរឱ្យជឿទុកចិត្តបាន និងល្អជាងការបោះឆ្នោតមុនៗ នោះគឺមិនមែនដោយសារតែវត្តមានសមាសភាព គ.ជ.ប មកពីគណបក្សនយោបាយណាមួយនោះទេ ព្រោះនេះជាសច្ចៈភាពប្រវត្តិសាស្រ្តសម្រាប់ គ.ជ.ប ហើយក៏ជាមោទនភាពរបស់ជាតិខ្មែរដែរ។

គ.ជ.ប បានកំណត់មាគ៌ារួចជាស្រេចហើយ ទោះសមាសភាពមកពីមជ្ឈដ្ឋានណាក៏ដោយ គឺ គ.ជ.ប នៅ តែប្រកាន់ជំហរ ឯករាជ្យ អព្យាក្រឹត្យ តម្លាភាព និងយុត្តិធម៌ជាដាច់ខាត ។ គោលការណ៍ធំបំផុត របស់ គ.ជ.ប គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត មានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រឹមត្រូវ បោះឆ្នោត ដោយសេរី ហើយសំឡេងឆ្នោតរបស់បងប្អូនត្រូវបានរាប់ប្រកបដោយយុត្តិធម៌ និងតម្លាភាពបំផុត ។
 ទី២ អំពីបញ្ហាពាក់ព័ន្ធបដិវត្តន៍ពណ៌៖ បដិវត្តន៍ពណ៌នេះ បានកើតឡើងនៅក្នុងពិភពលោករាប់ទសវត្សរ៍ មកហើយ និងមានប្រទេសជាច្រើននៅលើពិភពលោកបានរងគ្រោះដោយសារបដិវត្តន៍ពណ៌នេះ ។ នៅក្នុង សម័យកាលអ៊ិនធឺណែត (Internet) បច្ចុប្បន្ននេះមិនខ្វះទេនូវព័ត៌មានដែលបានសិក្សា វាយតម្លៃ និងផ្សព្វផ្សាយអំពីផលវិបាកនៃបដិវត្តន៍ពណ៌នេះ ។

ដើម្បីស្វែងយល់អំពីបដិវត្តន៍ពណ៌មិនពិបាកទេ សាធារណជនទាំងអស់គ្រាន់តែវាយពាក្យ Color Revolution ឬ Revolution de Couleur នោះយើងនឹងបានទទួលព័ត៌មានគ្រប់គ្រាន់អំពីមេក្លោង មេទ្រឹស្តី ព្រមទាំងវិធីសាស្រ្តល្អិតល្អន់សម្រាប់អនុវត្តបដិវត្តន៍ពណ៌នេះ ហើយនឹងឃើញថា តើដូចគ្នានឹងព្រឹត្តិការណ៍ដែល កើតមានឡើងថ្មីៗនៅក្នុងប្រទេសកម្ពុជានេះដែរឬទេ?

បើក Internet មើលពាក្យនេះ ខ្មែរនឹងរកឃើញពន្លឺដែលអាចជួយប្រទេសជាតិរបស់ខ្លួនឱ្យរួចផុតពី គ្រោះថ្នាក់ដ៏អាសន្ននេះ។

ទាញយកកម្មវិធី(App) CamNEC News