សេចក្ដីប្រកាសព័ត៌មាន លេខ ២៨២​៖ គ.ជ.ប បាន​បើក​កិច្ច​ប្រជុំ​​ផ្សព្វផ្សាយ​ ស្ដីពី​នីតិវិធី និង​ទម្រង់​គំរូ​ការ​ចុះ​បញ្ជី​សារពើព័ណ្ឌ​ទ្រព្យ​សម្បត្តិរដ្ឋ​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ទេព នីថា អគ្គលេខាធិការ គ.ជ.ប

នៅថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៨:០០នាទីព្រឹក គណៈកម្មាធិការជាតិរៀបចំការ   បោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីនីតិវិធី និងទម្រង់គំរូការចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បតិ្តរដ្ឋ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្រោមអធិបតីភាពឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

សិក្ខាកាមចូលរួមកិច្ចប្រជុំរួមមាន ៖ មន្ត្រីខុទ្ទកាល័យឯកឧត្តមប្រធាន គ.ជ.ប មន្រ្តីលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប មន្ត្រីនាយកដ្ឋានទាំង ៨ នៃ គ.ជ.ប និងមន្ត្រី លធ.ខប ទាំង ២៥ រាជធានី ខេត្ត សរុបចំនួន ៩០នាក់ ។
ឯកឧត្តម ទេព នីថា មានប្រសាសន៍ថា ដើម្បីពង្រឹងដល់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងគណនេយ្យភាព ព្រមទាំងរួមចំណែកដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយគុណភាព គណនេយ្យភាព តម្លាភាព និងស័ក្តិសិទ្ធភាព គ.ជ.ប បើកកិច្ចប្រជុំថ្ងៃនេះ មានគោលបំណងផ្សព្វផ្សាយ និងណែនាំដល់មន្ត្រីនៅទីស្តីការ គ.ជ.ប និងមន្ត្រី លធ.ខប ទាំងអស់ត្រូវយកចិត្ត ទុកដាក់ពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានត្រឹមត្រូវទៅ តាមលិខិតបទដ្ឋានគតិយុត្ត ដោយធានាឱ្យបាននូវភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។

 ឯកឧត្តមក៍បានកោតសរសើរ ចំពោះកិច្ចសហការល្អរវាងលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គ.ជ.ប ដែលបានខិតខំប្រឹងប្រែងរៀបចំឱ្យមានកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធី និងទម្រង់គំរូការចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនដល់មន្ត្រីទីស្តីការ គ.ជ.ប និងមន្ត្រី លធ.ខប ទាំង២៥ រាជធានី ខេត្ត។
 ឯកឧត្តមសង្ឃឹមថា គ្រប់នាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និង លធ.ខប ទាំង២៥ រាជាធានី ខេត្ត នឹងចូលរួមសហការ ដើម្បីសម្រេចឱ្យបានតាមសារាចររបស់រាជរដ្ឋាភិបាល និងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ៕

ទាញយកកម្មវិធី(App) CamNEC News