នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន សម្រេចបែងចែកអាសនៈ ដែលនៅទំនេរស្របតាមមាត្រា ១៣៨ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ជូនគណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតក្នុងរាជធានី ខេត្តជាមួយ ក្នុងសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣។
គណបក្សដែលទទួលបានអាសនៈរួមមាន ៖
- គណបក្ស ហ៊្វុន ស៊ិន ប៉ិច ទទួលបាន ៤១ អាសនៈ
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបាន ៦ អាសនៈ
- គណបក្សខ្មែរឈប់ក្រ ទទួលបាន ៥ អាសនៈ
- គណបក្សសញ្ជាតិកម្ពុជា ទទួលបាន ២ អាសនៈ
- គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទទួលបាន ១ អាសនៈ
- គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ពុំទទួលបានអាសនៈ
ប៉ុន្តែអាសនៈដែលបានបែងចែកខាងលើ មានគណបក្សនយោបាយ ចំនួន ២ បានបដិសេធមិនទទួលយកអាសនៈនេះទេ។
គណបក្សនយោបាយទាំង ២ នោះរួមមាន ៖
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
- គណបក្សខ្មែរឈប់ក្រ ។
សូមរំលឹកថា តាមបទបញ្ជា និងនីតិវិធី សម្រាប់ការអនុវត្តមាត្រា ១៣៨ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គ.ជ.ប ត្រូវយកអាសនៈដែលនៅទំនេរមកបែងចែកឱ្យទៅបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតនៅរាជធានី ខេត្ត ជាមួយ ដោយមិនគិតបញ្ចូលគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភាដែលដឹកនាំរាជរដ្ឋាភិបាល ៕