សេចក្ដីប្រកាសព័ត៌មាន​ លេខ ២២៧​៖ គ.ជ.ប បានរៀបចំ​បើក​វគ្គបណ្ដុះបណ្ដាល​ដល់ ប្រធាន អនុប្រធាន លេខាធិការដ្ឋានរាជធានី ខេត្ត​រៀបចំការ​បោះឆ្នោត និង​អគ្គលេខាធិការរដ្ឋសភា សម្រាប់​ការ​ចុះឈ្មោះបោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា

នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទីព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំបើកវគ្គបណ្តុះបណ្តាលដល់ ប្រធាន អនុប្រធាន លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងអគ្គលេខាធិការរដ្ឋសភា ស្តីពីការចុះឈ្មោះបោះឆ្នោត ឬស្រង់ឈ្មោះអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នៅសាលសន្និសីទ គ.ជ.ប ក្រោមអធិបតីភាពឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ។
 
ឯកឧត្តម ម៉ុក ដារ៉ា មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៅក្នុងក្របខ័ណ្ឌនៃភូមិភាគនីមួយៗ។ ឯកឧត្តមបន្តថា ការស្រង់ឈ្មោះអ្នកបោះឆ្នោតនៅឃុំ សង្កាត់ និងនៅរដ្ឋសភានឹងចាប់ផ្តើមពីថ្ងៃទី១៩ ខែតុលា រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងគឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន ៦៤នាក់ ដោយគ្រូឧទ្ទេសធ្វើបទបង្ហាញអំពីទិដ្ឋភាពច្បាប់ និងបច្ចេកទេសពាក់ព័ន្ធទៅនឹងប្រធានបទ ការិយាល័យចុះឈ្មោះបោះឆ្នោត នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង។

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះថា     ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨ ហើយ គ.ជ.ប ត្រូវរៀបចំបញ្ជីបោះឆ្នោត និងផ្តល់សុពលភាពលើបញ្ជីនេះយ៉ាងតិច ១៥ថ្ងៃមុនថ្ងៃបោះឆ្នោត។ ឯកឧត្តមបានស្នើឱ្យ លធ.ខប អគ្គលេខាធិការរដ្ឋសភា ត្រូវស្រង់ឈ្មោះអ្នកបោះឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរៀបចំបញ្ជីបោះឆ្នោតមួយមានភាពល្អប្រសើរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ មានអាសនៈ ចំនួន ៦២អាសនៈ និងអ្នកបោះឆ្នោតមានចំនួន ១១,៦៩៥នាក់ ៕

ទាញយកកម្មវិធី(App) CamNEC News