សេចក្ដី​ប្រកាស​ព័ត៌មាន​ លេខ ២០១​៖​ គ.ជ.ប បាន​សហការ​ជាមួយ​ទី​ភ្នាក់ងារ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) រៀបចំ​សិក្ខាសាលា​សម្រាប់​អ្នកសារព័ត៌មាន ស្ដី​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះឈ្មោះបោះឆ្នោត​ ឆ្នាំ​២០១៧

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៨:៣០នាទីព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសហការជាមួយទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) រៀបចំសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មាន ស្តីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧  នៅភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ។សិក្ខាសាលាធ្វើឡើងមានរយៈពេល ១ថ្ងៃ ដែលមានសិក្ខាកាមរួមមាន ៖ តំណាងក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ស្ថានីយទូរទស្សន៍ចំនួន ៨ ស្ថានីយ៍វិទ្យុចំនួន ១១ គេហទំព័រចំនួន ៤ និងអង្គភាពសារព័ត៌មានចំនួន ៤ សរុបចំនួន ៥៥នាក់ ព្រមទាំងមានជំនាញការ JICA ជំនាញការសហភាពអឺរ៉ុប (EU) ជំនាញការ IFES និងជំនាញការ KOICA ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលានេះថា អ្នកសារព័ត៌មាន គឺជាតួអង្គដ៏ សំខាន់មួយដែលបានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានដល់សាធារណជន និងអ្នកបោះឆ្នោត។   ឯកឧត្តមបន្តថា អ្នកសារព័ត៌មានត្រូវប្រកាន់ជំហរអព្យាក្រឹត មិនលំអៀងទៅរកគណបក្សនយោបាយណាមួយ ជាពិសេសជៀសវាងការផ្សព្វផ្សាយព័ត៌មានណាដែលនាំឱ្យមានការភាន់ច្រឡំដល់សាធារណជន និងនាំឱ្យមានការបាត់បង់ទំនុកចិត្តលើការបោះឆ្នោត។  មានមតិសំណេះសំណាលក្នុងសិក្ខាសាលានេះដែរលោកស្រី អ៊ីម៉ៃ តាកាកុ (Ms. IMAI TAKAKO)   ទីប្រឹក្សាអង្គការ JICA ប្រចាំនៅ គ.ជ.ប បានលើកឡើងថា អ្នកសារព័ត៌មានជាភ្នាក់ងារដ៏សំខាន់ក្នុងការនាំសារអប់រំពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតទៅកាន់ ប្រជាពលរដ្ឋ។ លោកស្រីបន្តថា ដើម្បីសរសេរអត្ថបទរបស់ខ្លួនបានច្បាស់លាស់ និងត្រឹមត្រូវ អ្នកព័ត៌មានត្រូវស្វែងយល់អំពីបទបញ្ជា និងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត។ សិក្ខាសាលានេះ គ្រូឧទ្ទេសបានធ្វើបទបង្ហាញលើប្រធានបទចំនួន ៦ រួមមាន ៖

  • ភាពខុសគ្នារវាងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ និង២០១៧
  • ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ តាមប្រព័ន្ធកុំព្យូទ័រ និងការបញ្ជូនទិន្នន័យមក គ.ជ.ប
  • ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការផ្ទៀងផ្ទាត់ទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោតនៅ គ.ជ.ប
  • ការអប់រំអ្នកបោះឆ្នោត
  • ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត និងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង
  • តួនាទីរបស់អ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយអប់រំអ្នកចុះឈ្មោះបោះឆ្នោត។

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ថ្លែងក្នុងកម្មវិធីបិទសិក្ខាសាលាថា នេះជាលើកទី៣ហើយដែល គ.ជ.ប សហការជាមួយអង្គការ JICA រៀបចំសិក្ខាសាលានេះឡើង។ ឯកឧត្តមបន្តថា សិក្ខាសាលានេះ សំដៅដល់ការពង្រឹង និងបង្កើនការយល់ដឹងរបស់អ្នកសារព័ត៌មាន ឱ្យដឹងពីអ្វីដែលទាក់ទងនឹងដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ ឯកឧត្តមសង្ឃឹមថា អង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាននឹងចូលរួមធ្វើការផ្សព្វផ្សាយតាមក្រមសីលធម៌ដែលបានកំណត់ដោយ គ.ជ.ប ៕

ទាញយកកម្មវិធី(App) CamNEC News