សេចក្ដីជូនដំណឹង លេខ​ ១៤០ ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ផ្សាយបានចំនួន ៦១៩ ឃុំ សង្កាត់ ក្នុងចំណោមឃុំ សង្កាត់ ១៦៤៦ នៅទូទាំងប្រទេស

ការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ តាមទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែល ធ្វើឡើងកាលពីយប់ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ផ្ដើមពីម៉ោង ៨:៣០នាទីយប់ ដល់ម៉ោង ១២:៤០នាទីរំលងអធ្រាត្រ ផ្សាយបានចំនួន ៣៥៣ឃុំ សង្កាត់ ។ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ទូរទស្សន៍ជាតិកម្ពុជា បានបន្តផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនេះជាបន្តទៀត ដោយចាប់ផ្ដើមពីម៉ោង ១១:០០ព្រឹក ដល់ម៉ោង ១:០០រសៀល ផ្សាយបានចំនួនសរុប ២៦៦ឃុំ សង្កាត់ ។

សរុបការផ្សាយលទ្ធផលបឋមដែលជាការជូនព័ត៌មាន អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ផ្សាយបានចំនួន  ៦១៩ ឃុំ សង្កាត់ ក្នុងចំណោមឃុំ សង្កាត់ ១៦៤៦ នៅទូទាំងប្រទេស។

មូលហេតុនាំឱ្យមានភាពរអាក់រអួល និងយឺតយ៉ាវក្នុងការផ្សាយលទ្ធផលបឋមនេះ ដោយសារ៖

  • ការបញ្ជូនទិន្នន័យពីឃុំ សង្កាត់ មក គ.ជ.ប តាម Internet មានភាពរអាក់រអួល និងយឺតយ៉ាវ 
  • រូបថតនៃកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ដែលផ្ញើមកពី គឃ.សប មានភាពមិនច្បាស់លាស់
  • កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅការិយាល័យរាប់សន្លឹកឆ្នោតមិនបានបំពេញពេញលេញ។

ដោយសារមូលហេតុខាងលើនេះ ការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតតាមទូរទស្សន៍ជាតិកម្ពុជា មិនបន្តបានទៀតទេ ប៉ុន្តែការផ្សាយលទ្ធផលបឋមនេះ នៅតែបន្តផ្សាយតាមគេហទំព័ររបស់ គ.ជ.ប www.voterlist.org.kh រហូតដល់ផ្សាយលទ្ធផលផ្លូវការ៕

ទាញយកកម្មវិធី(App) CamNEC News