សេចក្តី​ប្រកាស​ព័ត៌​មាន លេខ​១១៥ ៖ សភាព​ការណ៍​ទូទៅ​នៃ​ការ​ធ្វើ​សកម្ម​ភាព​ឃោស​នា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧

រយៈពេលពីរថ្ងៃ(ថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០១៧)សភាពការណ៍ទូទៅនៃការធ្វើសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បានប្រព្រឹត្តទៅដោយរលូន សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា ។

គណបក្សនយោបាយទាំង ១២ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ មានគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ គណបក្ស ហ៊្វុន ស៊ិន ប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្ស ខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្ស សញ្ជាតិកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សអំណាចខ្មែរ និងគណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា  បានធ្វើសកម្មភាពឃោសនាតាមកម្មវិធីរៀងៗខ្លួនដូចជា៖ ជួបជុំ និងដង្ហែក្បួនឃោសនា ចាក់មេក្រូចល័តតាមឃុំ សង្កាត់ ចាក់មេក្រូនៅទីស្នាក់ការគណបក្ស ឃោសនាតាមផ្ទះ ចែកខិត្តប័ណ្ណ បិទបដា ជាដើម ។

តាមរបាយការណ៍របស់គណៈកម្មការរាជធានីភ្នំពេញរៀបចំការបោះឆ្នោត បានឱ្យដឹងថានៅរាជធានីភ្នំពេញមានគណបក្សនយោបាយចំនួន ០៦ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ហើយសម្រាប់រយៈពេល ០២ថ្ងៃនេះ មានគណបក្សចំនួន ០២ បានហែក្បួនជាទ្រង់ទ្រាយធំ គឺគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ រីឯគណបក្សចំនួន ០៤ទៀត គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហ៊្វុន ស៊ិន ប៉ិច ខ្មែររួបរួមជាតិ និងសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសកម្មភាពហែក្បួនឃោសនា ចាក់មេក្រូចល័ត ចែកខិត្តប័ណ្ណ អាវយឺត មួក ស្លាកសញ្ញាគណបក្ស ពាក្យស្លោក នៅតាមសង្កាត់មួយចំនួនដែលខ្លួនបានចុះបញ្ជីបេក្ខជន ។

 

តាមរបាយការណ៍ពី គធ.ខប ចំនួន ១៩ បានបញ្ជាក់ថា ការធ្វើសកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនៅតាមបណ្តាខេត្តទាំងនោះ បានប្រព្រឹត្តទៅតាមកម្មវិធី គ្មានអំពើហិង្សា សន្តិសុខសុវត្ថិភាពមិនមានអ្វីគួរឱ្យកត់សម្គាល់ឡើយ ៕

 

ទាញយកកម្មវិធី(App) CamNEC News