សេច​ក្ដី​ប្រកាស​ព័ត៌​មាន​ ៖ នាព្រឹក​ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ នៅសាលសន្និសីទ គ.ជ.ប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី​ការ​ការពារ​សន្តិសុខ​បោះ​ឆ្នោត​នៅ​តាម​ការិយា​ល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត ក្រោម​អធិបតីភាព​ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១០:០០ព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការការពារសន្តិសុខបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្រោមអធិបតីភាពឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប នៅសាលសន្និសីទ គ.ជ.ប ។

ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនេះរួមមាន ៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួងមហាផ្ទៃ  អង្គការមិនមែនរដ្ឋាភិបាលចំនួន ១១ តំណាងគណបក្សនយោបាយចំនួន ០៩ ជំនាញការអង្គការ JICA    ជំនាញការ EU និងអង្គភាពសារព័ត៌មានចំនួន ១៥ សរុបចំនួន ៤៨នាក់។

ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប មានប្រសាសន៍ថា ការការពារការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ត្រូវបែងចែងកម្លាំងការពារជា ៥ដំណាក់កាលរួមមាន ៖

  • កម្លាំងដែលត្រូវបានរៀបចំសម្រាប់ការការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅទូទាំង ប្រទេសមានចំនួន ៣៧,៥៣០នាក់ ក្នុងនោះនគរបាលចំនួន ៣៥,០៤៣ កងរាជអាវុធហត្ថ ៦៤៣នាក់ និងកងយោធពលខេមរភូមិន្ទ ១,៨៨៤នាក់
  • កម្លាំងការពារស្នាក់ការរបស់គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតទាំង ១,៦៤៦ មានចំនួន ៣,១៧៣នាក់ ក្នុងនោះនគរបាល ២,៨៨៩ និងកងរាជអាវុធហត្ថចំនួន ២៨៤នាក់។
  • កម្លាំងត្រៀមអន្តរាគមន៍ភូមិសាស្ត្រខាងក្រៅក្នុងក្រុង ស្រុក ខណ្ឌ មានចំនួន ៥,៤៥៩នាក់ កងរាជ អាវុធហត្ថចំនួន ១,៦៥៣នាក់ និងកងយោធពលខេមរភូមិន្ទ ១,៦២៧ 
  • កម្លាំងត្រៀមអន្តរាគមន៍នៅថ្នាក់កណ្តាលមានចំនួន ១,២០០នាក់ ក្នុងនោះនគរបាលចំនួន ២០០នាក់និងកងយោធពលខេមរភូមិន្ទចំនួន ៨០០នាក់
  • ការរៀបចំកម្លាំងនគរបាលជាក្រុមវិទ្យទាក់ទងនៅថ្នាក់កណ្តាល និងរាជធានី ខេត្តសរុបចំនួន ៤២១៦នាក់។

ឯកឧត្តមបញ្ជាក់ថា ការរៀបចំផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារសន្តិ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតទាំងនោះក្នុងគោលបំណងសម្រេចបានគោលដៅសំខាន់ៗ រួមមាន ៖ 

  • រក្សាសនិ្តសុខសណ្តាប់ធ្នាប់សាធារណៈ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ឧបាយកលពិសពុស ការប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឱ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតតាមគ្រប់រូបភាព។
  • ធានាបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រឹត ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុតិ្តធម៌ តាមគោលកាណ៍នៃលទ្ធិប្រជាធិបតេយ្យប្រកបដោយសុវត្ថិភាព គ្មានការគំរាមកំហែង ការបំភិតបំភ័យ និងអំពើហិង្សា។
  • ផ្តល់នូវសេវាសន្តិសុខ ដោយស្មើភាពគ្នាចំពោះមុខច្បាប់ ជូនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត វាគ្មិន តំណាង ឬភ្នាក់ងារ និងបេក្ខជនគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងអ្នកសង្កេត ការណ៍ជាតិ និងអន្តរជាតិ

ប្រសាសន៍ដើមទាំងស្រុងរបស់ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh

ទាញយកកម្មវិធី(App) CamNEC News