សេច​ក្ដី​ប្រ​កាស​ព័ត៌មាន ៖ នា​រសៀល​ ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ២០១៧ នៅ​ទី​ស្ដីការ​ គ.ជ.ប ឯកឧត្តម​ ប្រធាន និង​ឯកឧត្តម​ អនុប្រធាន គ.ជ.ប បានទទួល​ជួប​ឯកឧត្តម​ ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​​ ឯកឧត្តម​អគ្គ​រាជ​ទូត​ជប៉ុន​ និងលោក​ជំទាវ​ តំណាងស្ថាន​ទូត​សហរដ្ឋ​អា​មេរិក​

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៣រសៀល នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងឯកឧត្តម គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប បានទទួលជួបឯកឧត្តម ចច អេដហ្គឺ (H.E. Mr. George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ឯកឧត្តម ហៃដឺហ៊ីសា ហូរីនូឈី (H.E. Mr. Hidehisa Horinouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងលោកជំទាវ ជូលី ឈុង (H.E. Mrs. Jolie Chung) តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីស្វែងយល់អំពីដំណាក់កាលនៃការរៀបចំការបោះឆ្នោតនៅកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបពិភាក្សាជាមួយភាគីអន្តរជាតិ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា ក្រោយពីបានស្តាប់បច្ចុប្បន្នភាព គ.ជ.ប អំពីការងារមួយចំនួនរបស់ឯកឧត្តម ប្រធាន ស៊ិក ប៊ុនហុក ភាគីអន្តរជាតិបានសាទរចំពោះ គ.ជ.ប ដែលរៀបចំបញ្ជីបោះឆ្នោតថ្មីបានល្អ ហើយសង្ឃឹមថាការបោះឆ្នោតនាពេលខាងមុខ នឹងប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ។ 

ឯកឧត្តមបញ្ជាក់បន្ថែមថា ៖ 

  • ភាគីអន្តរជាតិសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប ដែលធ្វើឱ្យសាធារណជនមានជំនឿទុកចិត្ត ហើយប្រកាសគាំទ្រលើបញ្ជីបោះឆ្នោតថ្មី 
  • ភាគីអន្តរជាតិស្នើសុំឱ្យ គ.ជ.ប មានការផ្សព្វផ្សាយឱ្យអ្នកបោះឆ្នោតបានដឹង អំពីគុណភាពនៃទឹកខ្មៅជ្រលក់ម្រាមដៃ និងគាំទ្រចំពោះវិធានការរបស់ គ.ជ.ប ក្នុងការទប់ស្កាត់ការបោះឆ្នោតលើសពីម្តង 
  • ភាគីអន្តរជាតិស្នើសុំឱ្យ គ.ជ.ប ចាត់វិធានការផ្សព្វផ្សាយលទ្ធផលបោះឆ្នោតប្រកបដោយសុក្រឹតភាព និង មានភាពឆាប់រហ័ស ។ 

រាល់អនុសាសន៍ខាងលើរបស់ភាគីអន្តរជាតិ ឯកឧត្តមប្រធាន គ.ជ.ប បានឆ្លើយតបវិញថា គ.ជ.ប បានចាត់វិធានការរួចហើយ ហើយនិងកំពុងរៀបចំចាត់ចែងក្រុមការងារផ្សាយលទ្ធផលបឋមនៅយប់ថ្ងៃបោះឆ្នោត។

 

ចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពជួបគ្នាម្តងទៀតថា មុនថ្ងៃបោះឆ្នោតនឹងមានជំនួបបន្ថែមដើម្បីរួមបន្តកិច្ចសហការគ្នាឱ្យកាន់តែមានប្រសិទ្ធភាព  ជំរុញការបោះឆ្នោតនៅកម្ពុជាឱ្យប្រព្រឹត្តទៅប្រកបដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ៕

 

ទាញយកកម្មវិធី(App) CamNEC News