នៅខេត្តក្រចេះ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៤:៣០ រសៀល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទវគ្គបណ្ដុះបណ្ដាលមន្ត្រីថ្នាក់គណៈកម្មការខេត្ត រៀបចំការបោះឆ្នោត អំពីនីតិវិធី នៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ។ នេះជាវគ្គចុងក្រោយនៃកម្មវិធីបណ្ដុះបណ្ដាលពិសេសតាមតំបន់រយៈពេល ០១ ថ្ងៃ ដែលមានខ្លឹមសារដូចគ្នានឹង វគ្គសិក្សានៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ និងនៅខេត្តសៀមរាប ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ដែរ ។
សិក្ខាកាម ៤០ រូប ដែលជាប្រធានគណៈកម្មការខេត្ត រៀបចំការបោះឆ្នោត សមាជិកទទួលបន្ទុកសេវាកម្មច្បាប់ សមាជិកទទួលបន្ទុកបណ្ដុះបណ្ដាល ជំនួយការផ្នែកសេវាកម្មច្បាប់ និងប្រធានលេខាធិការដ្ឋាននៃ គណៈកម្មការខេត្ត រៀបចំការបោះឆ្នោតមកពី ០៨ ខេត្ត គឺខេត្ត(ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង) ។ វគ្គសិក្សាអំពី៖ ១-គោលការណ៍សំខាន់ៗនៃការដោះស្រាយបណ្ដឹងបោះឆ្នោត ២-នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយបណ្ដឹងបោះឆ្នោត ៣-បច្ចេកទេសស៊ើបអង្កេត និងស្រាវជ្រាវ ៤-បចេ្ចកទេសដោះស្រាយបណ្តឹង (ការប្រជុំផ្សះផ្សា ការប្រជុំសម្រេច និងសវនាការ) និង៥-របៀបសរសេរសេចក្ដីសម្រេចដែលមានភ្ជាប់អង្គហេតុ និងអង្គច្បាប់ ព្រមទាំងលំហាត់អនុវត្ត ។ សិក្ខាកាមនឹងយកចំណេះដឹងនេះ ទៅផ្ទេរឱ្យមន្ត្រីបោះឆ្នោតថ្នាក់គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប)តាមខេត្តរបស់ខ្លួនជាបន្ត ទៀត ។
ពេលបើកវគ្គនៅខេត្តក្រចេះ ក៏ដូចជានៅពីរខេត្តមុនដែរ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានចាត់ទុកការលើកកម្ពស់ធនធានមនុស្សជាកិច្ចការអាទិភាព និងជាកត្តាគន្លឹះ ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ។ ឯកឧត្តមអគ្គលេខាធិការរង គ.ជ.ប បានថ្លែងថា៖ “ការតម្រង់ទិសការអនុវត្តការងាររបស់មន្ត្រីបោះឆ្នោត ឱ្យស្របទៅតាមច្បាប់ បទបញ្ជា និងនីតិវិធី និងគោលការណ៍លទ្ធិប្រជាធិបតេយ្យគឺចាំបាច់ណាស់ ប៉ុន្តែការពង្រឹងយន្តការ និងការអនុវត្តគោលការណ៍ នៃការដាក់ ការទទួល និងការដោះស្រាយបណ្ដឹងឱ្យបានត្រឹមត្រូវ គឺជាផ្នែកមួយដ៏សំខាន់ បំពេញបន្ថែមឱ្យដំណើរការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅកាន់តែប្រសើរឡើង” ។
