សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ ៖ គ.ជ.ប បាន​បង្ហាញអំពី​ដំណើរ​ការ​បោះ​​ពុម្ភ​សន្លឹក​ឆ្នោត​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ដល់​តំណាង​​គណបក្ស​នយោបាយ​ អ្នក​សារ​ព័ត៌​មាន​ និង​អ្នក​សង្កេត​ការណ៍​

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៩:៣០នាទីព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៤ ឆ្នាំ២០១៧ ដល់តំណាងគណបក្សនយោបាយអ្នកសារព័ត៌មាន និងអ្នកសង្កេតការណ៍បោះឆ្នោតសរុបប្រមាណ ៣០នាក់។

ការបង្ហាញសន្លឹកឆ្នោតនេះ បានធ្វើឡើងនៅរោងពុម្ពផលិតសន្លឹកឆ្នោត ដែលមានអាសយដ្ឋាន ផ្ទះលេខ ៩ ផ្លូវ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ខាងមុខនេះ គ.ជ.ប បាននឹងកំពុងបោះពុម្ពសន្លឹកឆ្នោតចំនួន ៩,៤២៦,៦០០ សន្លឹក ខណៈដែលអ្នកបោះឆ្នោតមានចំនួន ៧,៨៦៥,០៣៣ នាក់ និងការិយាល័យបោះឆ្នោតមានចំនួន ២២,១៤៨ ការិយាល័យ។  ឯកឧត្តមបានពន្យល់ថា ការបោះពុម្ពសន្លឹកឆ្នោតលើសចំនួនអ្នកបោះឆ្នោតនេះ ដោយសារតែក្នុងមួយការិយាល័យតម្រូវឱ្យមានសន្លឹកឆ្នោតបម្រុងចំនួន ៥០ ទៅ ៩៩ សន្លឹក សម្រាប់ប្តូរជូនប្រជាពលរដ្ឋណាដែលគូសហើយចង់ប្តូរចិត្ត ឬការបាត់បង់ដោយប្រការណាមួយ។

ការបោះពុម្ពសន្លឹកឆ្នោតនឹងត្រូវបញ្ចប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ការវេចខ្ចប់ និងការដឹកជញ្ជូនសន្លឹកឆ្នោតទៅដល់ទីតាំងការិយាល័យត្រូវបានធានាដោយ គ.ជ.ប។ 

សូមបញ្ជាក់ថា គណបក្សនយោបាយចំនួន ០៦ ដែលបានចូលរួមពិនិត្យមើលដំណើរការ   ផលិតសន្លឹកឆ្នោតរួមមាន ៖ គណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្ស ហ៊្វុន ស៊ិន ប៉ិច និង គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។ 

ទាញយកកម្មវិធី(App) CamNEC News