សេច​ក្ដី​ប្រកាស​ព័ត៌​មាន ៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប និង​ជា​តំណាង​ឯកឧត្តម​ប្រធាន គ.ជ.ប បាន​ទទួល​ជួប​ឯកឧត្តម ចច អេដហ្គឺ (H.E. George Edgar) អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប ...

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៤ រសៀល នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប និងជាតំណាងឯកឧត្តមប្រធាន គ.ជ.ប បានទទួលជួបឯកឧត្តម ចច អេដហ្គឺ (H.E. George Edgar) អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូសហភាពអឺរ៉ុប មកធ្វើការស្វែងយល់ការបោះឆ្នោតនៅកម្ពុជា ។

ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនគណៈប្រតិភូអំពីការកែទម្រង់ការបោះឆ្នោតនៅកម្ពុជាថា ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ប្រទេសកម្ពុជាបានធ្វើការកែទម្រង់ការបោះឆ្នោត លើមូលដ្ឋានច្បាប់ ស្ថាប័ន និងការចុះឈ្មោះបោះឆ្នោត ។ ការកែទម្រង់ការបោះឆ្នោតលើកនេះជាការកែទម្រង់ស៊ីជម្រៅ ដោយធ្វើការចុះឈ្មោះអ្នកបោះឆ្នោតថ្មីឡើងវិញ ពីការចុះឈ្មោះបោះឆ្នោតដោយដៃ មកចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ ។ ក្នុងជំនួបនោះឯកឧត្តមអគ្គលេខាធិការបានជម្រាបជូន គណៈប្រតិភូអំពីការងារដែល គ.ជ.ប សម្រេចបាន និងការងារដែលត្រូវអនុវត្តចំពោះមុខផងដែរ ។

ឯកឧត្តម ចច អេដហ្គឺ បានកោតសរសើរ គ.ជ.ប ដែលអនុវត្តការងារកន្លងមកបានល្អ ហើយបានបញ្ជាក់ថា ការមកជួប គ.ជ.ប ថ្ងៃនេះ ឯកឧត្តមបាននាំក្រុមបេសកកម្មរបស់ EU មួយក្រុមដែលដឹកនាំដោយលោក Stravros Petropoulos ប្រធានរដ្ឋបាល និងជាមន្ត្រីសេវាកម្មក្រៅប្រទេសនៃសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ត្រូវមកធ្វើការសង្កេតការណ៍បោះឆ្នោតចាប់ពីពេលនេះរហូតដល់ការបោះឆ្នោតឆ្នាំ២០១៨ ហើយក្រុមបេសកកម្ម នេះត្រូវធ្វើការទំនាក់ទំនងជាមួយ គ.ជ.ប ជាប្រចាំ ដូច្នេះស្នើឱ្យ គ.ជ.ប ចាត់មន្ត្រីបង្គោលណាម្នាក់ដើម្បីសម្របសម្រួលការងារ ។ 

ឯកឧត្តម ទេព នីថា បានបញ្ជាក់ថា  ចំពោះការស្នើសុំឱ្យមានមន្ត្រីក្នុងការទំនាក់ទំនងជាមួយក្រុមបេសកកម្មរបស់ EU និង គ.ជ.ប គឺសូមចាត់លោក ខន កែវមនោ ប្រធាននាយដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជាអ្នកសម្របសម្រួលលើការងារនេះ ។

នៅចុងបញ្ចប់នៃជំនួបឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលតែងតែជួយដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ហើយសង្ឃឹមថាយើងបន្តកិច្ចសហការល្អបន្ថែម ទៀត ដើម្បីឱ្យដំណើរការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ៕

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778