សេច​ក្ដី​ប្រកាស​ព័ត៌មាន ៖ នា​​​រសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧ នៅ​ខេត្ត​សៀម​រាប គ.ជ.ប បាន​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​មន្ត្រី​គណៈកម្មការ​រៀប​ចំការ​បោះ​ឆ្នោត​តាម​តំបន់​អំពី នីតិវិធី​នៃការ​ដាក់ ការ​ទទួល និង​ការ​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង សម្រាប់​ការ​បោះ​ឆ្នោត​...

នៅខេត្តសៀមរាបថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៥:០០ រសៀល គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប) បានបិទវគ្គបណ្ដុះបណ្ដាលមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតតាមតំបន់ អំពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ។

វគ្គសិក្សានេះមានរយៈពេល ១ ថ្ងៃ ហើយសិក្ខាកាមចូលរួមមានប្រធាន គធ.ខប ប្រធាន លគធ.ខប សមាជិក ទទួលបន្ទុកផ្នែកច្បាប់ សមាជិកទទួលបន្ទុកផ្នែកបណ្ដុះបណ្ដាល និងជំនួយការផ្នែកច្បាប់ នៃ គធ.ខប សរុប ៤៥ រូប មកពីខេត្តចំនួន ០៩ ៖ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ។ 

ខ្លឹមសារនៃការបណ្ដុះបណ្ដាលមានជាអាទិ៍៖

១-គោលការណ៍សំខាន់ៗនៃការដោះស្រាយបណ្ដឹងបោះឆ្នោត 

២-នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយបណ្ដឹងបោះឆ្នោត ៣-បច្ចេកទេសស៊ើបអង្កេត និងស្រាវជ្រាវ ៤-បច្ចេកទេសដោះស្រាយបណ្ដឹង (ការប្រជុំផ្សះផ្សា ការប្រជុំសម្រេច និងសវនាការ) និង ៥-របៀបសរសេរសេចក្ដីសម្រេច ដែលមានភ្ជាប់អង្គហេតុ និងអង្គច្បាប់ ព្រមទាំងលំហាត់អនុវត្ត ។

សិក្ខាកាមនឹងយកចំណេះដឹងដែលខ្លួនទទួលបានពីវគ្គសិក្សានេះ ទៅផ្ទេរឱ្យមន្ត្រីបោះឆ្នោតថ្នាក់គណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) តាមខេត្តរបស់ខ្លួនជាបន្តទៀត។

ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានថ្លែងថា គ.ជ.ប មានបំណងឱ្យសិក្ខាកាមចេះធ្វើការងារឱ្យបានត្រឹមត្រូវ ព្រោះបញ្ហាទាំងប៉ុន្មាននឹងធ្លាក់ទៅលើ គធ.ខប ដែលត្រូវដោះស្រាយទាំងអស់ ។ ឯកឧត្តមប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា៖ ”បើធ្វើបានល្អ ស្ថិរភាពស្រុកទេសយើងនឹងបន្តមាន គឺចេញពីការទទួលស្គាល់ការបោះឆ្នោត ពីគ្រប់ភាគីពាក់ព័ន្ធ ដោយការបោះឆ្នោតយើងមានអព្យាក្រឹតពិតប្រាកដ យុត្តិធម៌ពិតប្រាកដ។”

សូមបញ្ជាក់ថា គ.ជ.ប សហការជាមួយ សហភាពអឺរ៉ុប (EU) បានរៀបចំវគ្គបណ្តុះបណ្តាលនេះដោយចែក ចេញជា ៣ តំបន់ គឺទី១ នៅខេត្តព្រះសីហនុ ទី២ នៅខេត្តសៀមរាប និងទី៣នៅខេត្តក្រចេះ ។ វគ្គបណ្តុះបណ្តាលលើកទី៣នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧៕

ទាញយកកម្មវិធី(App) CamNEC News