គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប រយៈពេល ២ថ្ងៃ គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារបោះឆ្នោត។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបណ្តុះបណ្តាល ដែលបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ ដោយសិក្ខាកាមទាំងអស់បានទទួលចំណេះដឹងថ្មីៗ និងយល់ដឹងកាន់តែច្បាស់លើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត បទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរាជការ គ.ជ.ប គោលការណ៍នៃការតាក់តែងលិខិតបទដ្ឋានគតិយុត្ត អក្សរសាស្ត្រខ្មែរក្នុងកិច្ចការរដ្ឋបាល និងការងារសវនកម្ម។
ឯកឧត្តម បានមានប្រសាសន៍ថា ការពង្រឹង និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ គ.ជ.ប គឺជាកត្តាចម្បងក្នុងការធានានូវប្រសិទ្ធភាពការងារ និងការអភិវឌ្ឍស្ថាប័នឱ្យមានភាពរឹងមាំប្រកបដោយចីរភាព។ ជាពិសេស ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប នៅពេលនេះធ្វើឡើងក្នុងអំឡុងពេលដែល គ.ជ.ប កំពុងអនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដើម្បីឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ព្រោះការរៀបចំការបោះឆ្នោតមួយឱ្យទទួលបានជោគជ័យ ទាមទារជាចាំបាច់នូវ ធនធានមនុស្សដែលមានសមត្ថភាព។ ឈរលើស្មារតីនេះ គ.ជ.ប តែងតែយកចិត្តទុកដាក់ពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួនជាប្រចាំ សំដៅគាំទ្រដល់ការបំពេញតួនាទី និងភារកិច្ចរបស់មន្រ្តីរាជការ គ.ជ.ប ឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប បានផ្ដល់អនុសាសន៍ណែនាំដល់មន្ត្រីរាជការ គ.ជ.ប ឱ្យយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗមួយចំនួនរួមមាន៖
១- ត្រូវយកចំណេះដឹង និងបទពិសោធដែលទទួលបានពីវគ្គបណ្តុះបណ្តាលទៅអនុវត្តក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាព។
២- ត្រូវយកចិត្តទុកដាក់អនុវត្តការងារជំនាញ និងបច្ចេកទេសបោះឆ្នោតតាមដំណាក់កាលនីមួយៗឱ្យបានពេញលេញ និងត្រឹមត្រូវ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។
៣- ត្រូវយកចិត្តទុកដាក់លើការរៀបចំលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍ណែនាំ ហើយការសរសេរត្រូវផ្អែកលើវចនានុក្រមបោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ គ្រាទី៥ និងវចនានុក្រមខ្មែរដែលរៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។
៤- ត្រូវបន្តពង្រឹងវិន័យការងារ លក្ខន្តិកៈ ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្មោះត្រង់ក្នុងការបំពេញតួនាទី និងភារកិច្ច ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៥- ត្រូវយកចិត្តទុកដាក់លើការរៀបចំឯកសាររដ្ឋបាល ហិរញ្ញវត្ថុ និងឯកសារពាក់ព័ន្ធផ្សេងៗឱ្យបានត្រឹមត្រូវ មានសុវត្ថិភាព អាចតាមដាន និងផ្ទៀងផ្ទាត់បាន។
៦- ត្រូវពង្រឹងការអនុវត្តការត្រួតពិនិត្យផ្ទៃក្នុង ការវាយតម្លៃហានិភ័យ ការកំណត់ចំណុចខ្វះខាត និងការផ្ដល់អនុសាសន៍ស្ថាបនា ដើម្បីកែលម្អប្រព័ន្ធការងារឱ្យកាន់តែល្អប្រសើរ។
៧- ត្រូវបង្កើនកិច្ចសហការរវាងអង្គភាព និងផ្នែកពាក់ព័ន្ធ ព្រមទាំងបន្តចែករំលែកចំណេះដឹង និងបទពិសោធទៅកាន់មន្ត្រីដទៃទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារជារួម។
បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប បានលើកទឹកចិត្តដល់មន្ត្រី គ.ជ.ប ទាំងអស់ឱ្យមានស្មារតីម្ចាស់ការលើការងារ ខិតខំរៀនសូត្រ និងស្រាវជ្រាវជាប្រចាំ ហ៊ានកែលម្អចំណុចខ្វះខាតរបស់ខ្លួន ចេះផ្តួចផ្តើមគំនិត ចេះដោះស្រាយបញ្ហាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រមឱ្យបានទាន់ពេលវេលា ព្រមទាំងលើកកម្ពស់សាមគ្គីភាពផ្ទៃក្នុង ការគោរពគ្នាទៅវិញទៅមក និងការសហការជាក្រុម។
ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ការពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប គឺជាការងារអាទិភាពដែលត្រូវបន្តអនុវត្តជាប្រចាំ ដើម្បីធានាថា មន្ត្រីគ្រប់រូបមានចំណេះដឹង ជំនាញ ឥរិយាបថល្អ និងសីលធម៌វិជ្ជាជីវៈ សមស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីរួមចំណែកក្នុងបេសកកម្មរបស់ គ.ជ.ប ក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។
សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលខាងលើនេះមានសិក្ខាកាមសរុបចំនួន ៧០នាក់ ដែលជាមន្ត្រីនៅទីស្ដីការ គ.ជ.ប និងលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥៕