ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ក្នុងរយៈពេល ៤៣ថ្ងៃ កន្លងទៅទទួលបានលទ្ធផលដូចខាងក្រោម៖
លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦៖
- ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤ ២៣៣ នាក់
- អ្នកដែលបានផ្ទេរចូលការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣ ០៦៨ នាក់
- អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១៧ ១០៨ នាក់
- អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ១៦ ៣៣៣ នាក់
- អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥ ៤៨៨ នាក់។
លទ្ធផលសរុបរយៈពេល ៤៣ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖
- ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤៤២ ៨២២ នាក់
- អ្នកដែលបានផ្ទេរចូលការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៨៦ ៣៨១ នាក់
- អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១ ៣៤៧ ៦៤៩ នាក់
- អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ១ ៣៥៨ ៧០០ នាក់
- អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៨៥ ៦៥៩ នាក់។
សូមប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ប៉ុន្តែទិន្នន័យរបស់ខ្លួនដូចជាឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើតកត់ត្រាមិនត្រឹមត្រូវ ឬទើបបានទទួលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព អ្នកដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្ដិតម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតពីមុនមក អ្នកដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ (អ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ អញ្ជើញទៅស្នើសុំកែតម្រូវ ធ្វើបច្ចុប្បន្នភាព ឬចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់តាមការចល័តរបស់ក្រុមចុះឈ្មោះបោះឆ្នោត។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ អនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ) ពេលព្រឹកចាប់ពីម៉ោង ៧:០០ រហូតដល់ ១១:៣0 នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០ នាទី។ ក្នុងអំឡុងពេលនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៤ លើក គឺនៅថ្ងៃទី១១ និងថ្ងៃទី២៩ ខែតុលា ថ្ងៃទី៩ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មានបិទផ្សាយនៅសាលាឃុំ សង្កាត់ និងបង្ហោះនៅលើអាសយដ្ឋានវេប voterlist.nec.gov.khនិងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH៕