សេចក្តីប្រកាសព័ត៌មានលេខ​​ ០៩៣​ គ.ជ.ប.អគ្គ៖​​​ ឯកឧត្តម ហង្ស ពុទ្ធា ទទួលជួបពិភាក្សាជាមួយនាយកប្រតិបត្តិនៃបណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី (ANFREL) ដើម្បីស្វែងយល់អំពីការបោះឆ្នោតនៅកម្ពុជា

តបតាមសំណើរបស់បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី (ANFREL) ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាត់តាំង ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប រួមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ទទួលជួបពិភាក្សាជាមួយលោកស្រី ប៊្រីហ្ស៊ា រូស៊ែល្ស (BRIZZA ROSALES) នាយកប្រតិបត្តិនៃបណ្តាញ ANFREL ព្រមទាំងសហការី ដើម្បីស្វែងយល់អំពីការបោះឆ្នោតនៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប ។


ក្នុងជំនួបនេះ ឯកឧត្តម ហង្ស ពុទ្ធា បានសម្ដែងនូវការស្វាគមន៍ចំពោះ លោកស្រី ប៊្រីហ្ស៊ា រូស៊ែល្ស (BRIZZA ROSALES) ព្រមទាំងសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជួបសម្ដែងការគួរសមនាពេលនេះ។ ឯកឧត្តម ហង្ស ពុទ្ធា បានជម្រាបជូនអំពីសាវតារនៃការបោះឆ្នោត ការកែលម្អ និងកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ព្រមទាំងការងារសំខាន់ៗរបស់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោត។ ឯកឧត្តម បានមានប្រសាសន៍ថា ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ មក ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ក៏ដូចជាការចុះឈ្មោះបោះឆ្នោតនៅកម្ពុជាត្រូវបានកែលម្អ និងកែទម្រង់ជាបន្តបន្ទាប់ ទាំងក្របខ័ណ្ឌច្បាប់ ការងារគ្រប់គ្រង ការងារបច្ចេកទេស ការអនុវត្ត និងការងារសន្តិសុខសុវត្ថិភាព ដែលរហូតដល់ពេលនេះអាចចែកចេញជា ២ដំណាក់កាលសំខាន់ៗ៖


ទី១ -  ចាប់ពីឆ្នាំ១៩៩៨ មក បន្ទាប់ពីការបោះឆ្នោតមួយលើកៗ គ.ជ.ប តែងតែធ្វើការសិក្សា ស្រាវជ្រាវ បូកសរុប និងវាយតម្លៃលើដំណើរការនៃការរៀបចំការបោះឆ្នោត ទទួល និងពិនិត្យលើអនុសាសន៍កែលម្អ និងកែទម្រង់ការបោះឆ្នោតឱ្យបានល្អប្រសើរឡើង ស្របតាមច្បាប់ បរិការណ៍ជាក់ស្តែងនៅកម្ពុជា និងនិយាមអន្តរជាតិ។


ទី២ - ចាប់ពីឆ្នាំ២០១៥ មក កម្ពុជាបានធ្វើកំណែទម្រង់ការបោះឆ្នោតយ៉ាងស៊ីជម្រៅលើចំណុចសំខាន់ៗ ចំនួន ៣ រួមមានក្របខ័ណ្ឌច្បាប់ ក្របខ័ណ្ឌស្ថាប័ន និងការគ្រប់គ្រង ព្រមទាំងក្របខ័ណ្ឌបច្ចេកទេសនៃការបោះឆ្នោត ជាពិសេសលើការកែទម្រង់ការចុះឈ្មោះបោះឆ្នោត។


ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៍ទៀតថា ការកែទម្រង់នេះទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ការកែទម្រង់បានដោះស្រាយចំបញ្ហាប្រឈម និងកង្វះខាតសំខាន់ៗ ដែលភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ បានលើកឡើងកន្លងមក ហើយការកែទម្រង់ក៏បានបង្កលក្ខណៈល្អដល់ គ.ជ.ប ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួនកាន់តែប្រសើរឡើងនៅក្នុងពេលចំពោះមុខ និងទៅអនាគត ក៏ដូចជាបង្កើនជំនឿទុកចិត្តលើការបោះឆ្នោត និងស្ថាប័នបោះឆ្នោត។


ឯកឧត្តម ក៏បានជម្រាបជូនប្រតិភូបណ្ដាញ ANFREL អំពីវឌ្ឍនភាពនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលកំពុងអនុវត្តនៅតាមឃុំ សង្កាត់ទាំង ១ ៦៥២ ទូទាំងប្រទេស ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០​ ខែវិច្ឆិកា តាមរយៈការចុះឈ្មោះបោះឆ្នោតថ្មី ការកែតម្រូវទិន្នន័យជីវប្រវត្តិ ដូចជាឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតម្រាមដៃ) ឡើងវិញក្នុងបញ្ជីបោះឆ្នោត ចំពោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រនេះពីមុនមក ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតកាន់តែមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។  


ក្នុងជំនួបនេះ ឯកឧត្តម ក៏បានជម្រាបជូនបន្ថែមអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា ការបណ្តុះបណ្តាល ការអប់រំ និងការផ្សព្វផ្សាយដល់អ្នកបោះឆ្នោត និងការពង្រឹងកិច្ចសហការជាមួយក្រសួង ស្ថាប័នជាតិ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងសមាគម អង្គភាពសារព័ត៌មាន និងដៃគូអន្តរជាតិ រួមមានបណ្ដាស្ថានទូត ស្ថានតំណាង អង្គការមិនមែនរដ្ឋាភិបាល និងសមាគមអន្តរជាតិ និងស្ថាប័នរៀបចំការបោះឆ្នោតនៃបណ្តាប្រទេសផ្សេងៗ។ 


ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ពីការបន្តខិតខំប្រឹងប្រែងរបស់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជា ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ដើម្បីធានាឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ថ្មីៗនេះ គ.ជ.ប បានអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បន្ទាប់ពីបានផ្ញើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតនេះជូនភាគីពាក់ព័ន្ធ ដើម្បីផ្តល់មតិយោបល់រួច។


លោកស្រី ប៊្រីហ្ស៊ា រូស៊ែល្ស (BRIZZA ROSALES) នាយកប្រតិបត្តិនៃបណ្តាញ ANFREL បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គ.ជ.ប ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងចែករំលែកព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតនៅកម្ពុជា។ លោកស្រីបានបន្តថា សម្រាប់ជំនួបនាថ្ងៃនេះ ប្រតិភូបណ្ដាញ ANFREL បានត្រៀមសំណួរជាច្រើន ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការបោះឆ្នោតនៅកម្ពុជា។ ទោះជាយ៉ាងណា ការបកស្រាយយ៉ាងក្បោះក្បាយរបស់ ឯកឧត្តម ហង្ស ពុទ្ធា ក្នុងឱកាសនេះ បានឆ្លើយតបទៅនឹងសំណួរទាំងនោះរួចហើយ។


តាមរយៈជំនួបនេះ លោកស្រី ប៊្រីហ្ស៊ា រូស៊ែល្ស (BRIZZA ROSALES) បានបង្ហាញឆន្ទៈថា ANFREL ចង់សហការជាមួយ គ.ជ.ប មិនត្រឹមតែក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧  ប៉ុណ្ណោះទេ គឺថែមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ និងការបោះឆ្នោតបន្តបន្ទាប់។ លោកស្រីក៏បានលើកជាសំណួរពាក់ព័ន្ធនឹងការអនុញ្ញាតរបស់ គ.ជ.ប ដល់អ្នកសង្កេតការណ៍អន្តរជាតិ ដែលមានបំណងចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។ ឆ្លើយតបនឹងសំណួរនេះ ឯកឧត្តម ហង្ស ពុទ្ធា បានជម្រាបជូនថា គ.ជ.ប តែងតែបើកចំហជានិច្ច ព្រមទាំងធ្វើការជូនដំណឹងជាសាធារណៈ និងអញ្ជើញដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ ដើម្បីចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍បោះឆ្នោតជាតិ អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ឬភ្ញៀវពិសេស ដើម្បីសង្កេតមើលការបោះឆ្នោត ក៏ដូចជាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដោយគ្រាន់តែបំពេញបែបបទ និងពាក្យសុំតាមការកំណត់របស់ គ.ជ.ប។ 


មុននឹងបញ្ចប់ ឯកឧត្តម ហង្ស ពុទ្ធា បានសំណូមពរឱ្យបណ្ដាញ ANFREL ជួយផ្សព្វផ្សាយបន្តដល់សមាជិក និងដៃគូរបស់ខ្លួន ដើម្បីអញ្ជើញចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាឱ្យបានច្រើនកុះករ ព្រមទាំងបានជូនពរលោកស្រី ប៊្រីហ្ស៊ា រូស៊ែល្ស (BRIZZA ROSALES)  និងសហការី ធ្វើដំណើរប្រកបដោយសុវត្ថិភាព សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore