គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្ដុះបណ្ដាលប្រមូលផ្តុំ ស្តីពី “ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង និងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត” ជូនដល់តំណាងអភិបាលនៃគណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៅខេត្តព្រៃវែង រយៈពេល ១ថ្ងៃ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រៃវែង (អគារ A)។
ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលប្រមូលផ្ដុំនេះបានមានប្រសាសន៍ថា ក្នុងគោលបំណងកសាង និងពង្រឹងសមត្ថភាពរបស់មន្រ្តីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ដែលទទួលការធ្វើប្រតិភូកម្មអំណាចពី គ.ជ.ប និងជាយន្តការដំបូងក្នុងការអនុវត្តនីតិវិធីទទួល និងដោះស្រាយពាក្យបណ្តឹងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សំដៅលើកកម្ពស់គុណភាពបញ្ជីបោះឆ្នោតឱ្យកាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព សម្រាប់បម្រើឱ្យការបោះឆ្នោតតាមការកំណត់នៃច្បាប់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអនុញ្ញាតឱ្យអគ្គលេខាធិការដ្ឋាន គ.ជ.ប រៀបចំវគ្គបណ្តុះបណ្តាលប្រមូលផ្តុំនេះបានចំនួន ៤ វគ្គ រួចមកហើយ ដោយនៅឆ្នាំ២០២៤ ចំនួន ២វគ្គ គឺធ្វើនៅខេត្តតាកែវ និងខេត្តកំពត នៅឆ្នាំ២០២៥ ចំនួន ២វគ្គ គឺធ្វើនៅខេត្តសៀមរាប និងខេត្តស្ទឹងត្រែង ហើយនៅឆ្នាំ២០២៦ បន្តរៀបចំចំនួន ៣វគ្គទៀត គឺធ្វើនៅខេត្តព្រៃវែង នាថ្ងៃទី៣ ខែវិច្ឆិកានេះ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែវិច្ឆិកា និងខេត្តកំពង់ចាម នាថ្ងៃទី៦ ខែវិច្ឆិកា។
ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប មានការជឿជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹង ជំនាញ និងបទពិសោធថ្មីៗបន្ថែមទៀតទាក់ទងនឹងការអនុវត្តការងារសំខាន់ៗចំនួនពីរ គឺ៖
ទី១- នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រោះកិច្ចការនេះ គឺជាយន្តការសំខាន់មួយសម្រាប់ធានាឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធអាចប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួន និងឱ្យបញ្ហាដែលកើតមានត្រូវបានពិនិត្យ និងដោះស្រាយតាមច្បាប់ បទបញ្ជា និងនីតិវិធី។ ដូច្នេះ មន្ត្រីដែលមានសមត្ថកិច្ចទទួលបន្ទុកការងារនេះ ត្រូវយល់ច្បាស់អំពីប្រភេទពាក្យបណ្តឹង លក្ខខណ្ឌនៃការដាក់ពាក្យបណ្តឹង សិទ្ធិរបស់អ្នកប្តឹង អាជ្ញាយុកាលនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ព្រមទាំងការប្រមូល និងវិភាគលើឯកសារ ភស្តុតាងពាក់ព័ន្ធឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍អព្យាក្រឹតភាព យុត្តិធម៌ តម្លាភាព និងការទទួលខុសត្រូវដោយមិនលម្អៀងទៅលើបុគ្គល ឬភាគីណាមួយឡើយ។
ទី២- ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាការងារដែលត្រូវការភាពហ្មត់ចត់ និងកិច្ចសហការរវាងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ដើម្បីទទួលបានទិន្នន័យដែលអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការរៀបចំផែនការ និងការត្រៀមលក្ខណៈក្នុងការអនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ដូច្នេះ មន្រ្តីមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធត្រូវយល់ដឹងអំពីវិធីសាស្ត្រប្រមូលព័ត៌មានពីមូលដ្ឋានភូមិ ឃុំ សង្កាត់ ប្រភពទិន្នន័យ ការផ្ទៀងផ្ទាត់ភាពសមស្របនៃព័ត៌មាន ការបូកសរុប ការបញ្ចូល និងការបញ្ជូនទិន្នន័យតាមកម្មវិធីរបស់ គ.ជ.ប ជាដើម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេព នីថា ក៏បានអំពាវនាវ និងសំណូមពរដល់លេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត អាជ្ញាធរដែនដី និងក្រុមប្រឹក្សាឃុំ សង្កាត់៖
- បន្តស្វែងយល់ និងយកចំណេះដឹង និងបទពិសោធដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្តតាមតួនាទីក្នុងការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតជាក់ស្តែងឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន
- ពង្រឹងកិច្ចសហការរវាងមន្ត្រីបោះឆ្នោត និងភាគីពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធ និងដំណោះ-ស្រាយចំពោះបញ្ហាប្រឈមក្នុងការអនុវត្តការងារ ដើម្បីធានាឱ្យការងារប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព
- បន្តយកចិត្តទុកដាក់សហការផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋតាមភូមិ ឃុំ សង្កាត់ ឱ្យចូលរួមពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ជាពិសេសប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ឱ្យអញ្ជើញទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតម្រាមដៃ) ឡើងវិញក្នុងបញ្ជីបោះឆ្នោត ជាមួយក្រុមចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោតតាមសាលាឃុំ សង្កាត់ ឬចល័តតាមភូមិក្នុងឃុំ សង្កាត់ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលខាងលើនេះមានសិក្ខាកាមសរុបចំនួន ១៧១ រូប ក្នុងនោះស្រី ២០ រូប ដែលជាតំណាងអភិបាលនៃគណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៅ ខេត្តព្រៃវែង៕