នាព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម ហេង ស៊ីឡេង សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅ លទ្ធផលបណ្តោះអាសន្ន និងបញ្ហាប្រឈមក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
ឯកឧត្ដម ហេង ស៊ីឡេង បានជម្រាបជូនអង្គប្រជុំថា ក្នុងរយៈពេល ២៧ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កន្លងមកនេះ គ.ជ.ប កត់សម្គាល់ឃើញថា មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមចុះឈ្មោះបោះឆ្នោត បានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅរលូនល្អ។ ឯកឧត្ដម បានបន្តថាក្រុមចុះឈ្មោះបោះឆ្នោតបានបើកដំណើរការការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ និងបានចល័តការិយាល័យចុះឈ្មោះបោះឆ្នោតទៅតាមប្រតិទិនរបស់ខ្លួន។ ចំពោះការងារសន្តិសុខ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងភាគីពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំតាមប្រតិទិនការងារ តាមដាន និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការការពារសន្តិសុខ សុវត្ថិភាព និងចាត់វិធានការផ្សេងៗ សំដៅធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ប្រព្រឹត្តទៅកាន់តែល្អប្រសើរ ប្រកបដោយសន្តិសុខ សុវត្ថិភាព។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរឃុំ សង្កាត់ បានផ្តល់កិច្ចសហការល្អតាមតួនាទី និងបានចូលរួមគ្រប់ភារកិច្ចក្នុងដំណាក់កាលនានា ដើម្បីជំរុញឱ្យដំណើរការនេះប្រព្រឹត្តទៅដោយជោគជ័យ។
ឯកឧត្ដម ហេង ស៊ីឡេង បានគូសបញ្ជាក់ថែមទៀតថា នៅឃុំ សង្កាត់មួយចំនួន បានបើកដំណើរការការិយាល័យចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋលើសម៉ោងរដ្ឋបាលកំណត់ ដោយសារមានប្រជាពលរដ្ឋច្រើនរង់ចាំក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត។ ប្រព័ន្ធសារព័ត៌មានបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ធ្វើឱ្យសាធារណជនមានការយល់ដឹងច្បាស់អំពីសារៈសំខាន់នៃការចុះឈ្មោះបោះឆ្នោត។ នៅតាមមណ្ឌលប្រមូលផ្ដុំក្រុង ស្រុក ខណ្ឌ នាឆ្នាំនេះ បាននិងកំពុងរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពីសារៈសំខាន់នៃការបោះឆ្នោត យ៉ាងផុលផុស ជូនដល់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សានុសិស្ស។ តាមរយៈនៃវគ្គបញ្ជ្រាបការយល់ដឹងនេះ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប អគ្គនាយកដ្ឋាន នាយកដ្ឋាន និងលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) បានផ្សព្វផ្សាយ និងធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធ ជំរុញប្រជាពលរដ្ឋឱ្យចូលរួមក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ។ បន្ថែមលើនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ គ.ជ.ប តាមរយៈ លធ.ខប បាននិងកំពុងរៀបចំកម្មវិធីស្វែងយល់ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ផ្សាយតាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត រយៈពេល ៣០ថ្ងៃ ព្រមទាំងមានការបកស្រាយសំណួរ ចម្ងល់ និងសំណូមពរពីមិត្តអ្នកស្តាប់ដែលបានធ្វើការហៅចូលផងដែរ។
អំពីអាកាសធាតុ ឯកឧត្ដម ហេង ស៊ីឡេង បានបញ្ជាក់ជូនថា ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់កន្លងមកនេះ គ.ជ.ប សង្កេតឃើញថា នៅតាមបណ្ដារាជធានី ខេត្តមួយចំនួនមានភ្លៀងធ្លាក់រាយប៉ាយតាមបណ្ដាឃុំ សង្កាត់មួយចំនួន តំបន់ខ្លះមានជំនន់ទឹកភ្លៀងលិចផ្លូវ ធ្វើឱ្យប្រជាពលរដ្ឋ និងក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ដែលត្រូវចល័តការិយាល័យទៅតាមភូមិជួបការលំបាកក្នុងការធ្វើដំណើរ ប៉ុន្តែមិនបានធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នោះទេ។ ចំពោះស្ថានភាពសម្ភារ បរិក្ខារបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ឯកឧត្ដម បានបញ្ជាក់ថា ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន ទោះបីជាមានបញ្ហាសម្ភារ បរិក្ខារកុំព្យូទ័រ និងបញ្ហាបច្ចេកទេសមួយចំនួនតូចក្តី ប៉ុន្តែដោយមានកិច្ចសហការ និងយកចិត្តទុកដាក់ពីសំណាក់អ្នកបច្ចេកទេសថ្នាក់ជាតិ និងមន្រ្តីថ្នាក់ក្រោមជាតិ បញ្ហាទាំងនោះត្រូវបានដោះស្រាយទាន់ពេលវេលា។
ពាក់ព័ន្ធនឹងសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្ដម បានមានប្រសាសន៍ថា គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត បានរៀបចំកម្លាំងការពារគោលដៅសំខាន់ៗ ជាពិសេសតាមការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន ដោយប្រើកម្លាំងនគរបាលការពារចំនួន ២នាក់ ក្នុងមួយការិយាល័យ។
ជារួមគិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកានេះ ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស បានប្រព្រឹត្តទៅក្នុងសភាពការណ៍សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែងផ្សេងៗ ហើយគ្រប់ភាគីពាក់ព័ន្ធបានចូលរួមអនុវត្តតាមភារកិច្ចរៀងៗខ្លួន។
ចំពោះការទទួលស្គាល់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ- អន្តរជាតិ អ្នកសារព័ត៌មានជាតិ- អន្តរជាតិ និងភ្ញៀវពិសេសដែលបានចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឯកឧត្ដម ហេង ស៊ីឡេង បានបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ភ្នាក់ងារគណបក្សនយោបាយសរុបចំនួន ៦,៧២៥នាក់ ក្នុងនោះស្រ្ដី ១,៦៤៦នាក់ មកពីគណបក្សនយោបាយចំនួន ១២ ។ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ មកពីសមាគម និងអង្គការមិនមែន-រដ្ឋាភិបាល ចំនួន ២,៨៩៤នាក់ ក្នុងនោះស្រ្ដី ១,២១១នាក់។ ចំពោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិពុំទាន់មានទេ។ អ្នកសារព័ត៌មានជាតិ សរុបចំនួន ៧៥នាក់ (ស្រី ៨នាក់) មកពី ១២អង្គភាព។ ចំពោះអ្នកសារព័ត៌មានអន្តរជាតិពុំទាន់មានទេ។ ចំពោះភ្ញៀវពិសេសសង្កេតមើលដំណើរការនេះ ពុំទាន់មានទេ។ ពាក្យបណ្តឹងពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ពុំមានទេ។
ចំពោះលទ្ធផលបណ្តោះអាសន្នចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ហេង ស៊ីឡេង បានជម្រាបជូនថា គ.ជ.ប ទទួលបានលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានដូចខាងក្រោម៖
-ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣៤១,៥៣៨នាក់
-អ្នកដែលបានផ្ទេរចូលការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១២៩,៧៩៤នាក់
-អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ៩០២,៦២១នាក់
-អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ៩៣០,៥៧៦នាក់
-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២០៦,២២៣នាក់។
អំពីបញ្ហាប្រឈមនានាក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឯកឧត្ដម ហេង ស៊ីឡេង បានជម្រាបជូនថា ឃុំ សង្កាត់មួយចំនួន មិនសូវមានអ្នកមកចុះឈ្មោះ ដោយសារប្រជាពលរដ្ឋជាប់រវល់បំពេញការងារ ប្រកបរបរចិញ្ចឹមជីវិត និងធ្វើចំណាកស្រុកទៅធ្វើការនៅឆ្ងាយ និងខ្លះទៀតមិនទាន់យល់ច្បាស់អំពីសារៈសំខាន់នៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។ ប្រជាពលរដ្ឋមួយចំនួនមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬបាត់ជាដើម។ សម្ភារ បរិក្ខារសម្រាប់ការចុះឈ្មោះនៅតាមឃុំ សង្កាត់មួយចំនួនមានសភាពចាស់ និង Camera ដំណើរការយឺត ជាដើម។ តាមបណ្តាឃុំ សង្កាត់មួយចំនួនមានការលំបាកក្នុងការភ្ជាប់ VPN ដោយសារការបញ្ជូនទិន្នន័យក្នុងពេលដំណាលគ្នា ដែលទាមទារឱ្យព្យាយាមច្រើនដងទើបអាចភ្ជាប់ និងបញ្ជូនទិន្នន័យមក គ.ជ.ប បាន។ នៅតាមឃុំ សង្កាត់មួយចំនួនតូចមានបញ្ហាអ៊ីនធឺណិតមិនសូវមានសេវាបណ្តាលឱ្យមានការយឺតយ៉ាវក្នុងការបញ្ជូនទិន្នន័យមក គ.ជ.ប ជាពិសេសសម្រាប់ក្រុមចុះឈ្មោះបោះឆ្នោត ដែលត្រូវចល័តការិយាល័យទៅកាន់តំបន់ដាច់ស្រយាល។ ឃុំ សង្កាត់ ខ្លះមានភ្លៀងធ្លាក់ ដែលបង្កជាផលរំខានមួយចំនួនតូចដល់មន្រ្តីក្រុមចុះឈ្មោះបោះឆ្នោត និងប្រជាពលរដ្ឋដែលត្រូវធ្វើបច្ចុប្បន្នភាព និងចុះឈ្មោះបោះឆ្នោត។ តំបន់ខ្លះមានភ្លៀងធ្លាក់ ហើយភូមិសាស្ត្រមួយចំនួនក្នុងឃុំ សង្កាត់ ស្ថិតនៅឆ្ងាយដាច់ពីគ្នា និងមានភាពខ្វះខាតតិចតួចបានកើតឡើងក្នុងការអនុវត្តភារកិច្ចរបស់ក្រុមចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែបញ្ហាទាំងនេះមិនធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនោះឡើយ។ ចំពោះតំបន់ដែលស្ថិតនៅឆ្ងាយ និងមានភូមិសាស្រ្តស្មុគស្មាញ ឱ្យតែមានប្រជាពលរដ្ឋគ្រប់អាយុ និងគ្រប់លក្ខខណ្ឌត្រូវចុះឈ្មោះបោះឆ្នោត គឺក្រុមចុះឈ្មោះបោះឆ្នោតបានព្យាយាមបង្ខិតទីតាំងការិយាល័យចុះឈ្មោះទៅដល់ក្បែរពួកគាត់តែម្តង ដើម្បីពួកគាត់ងាយស្រួលក្នុងការមកចុះឈ្មោះ។
ឯកឧត្ដម ហេង ស៊ីឡេង បានវាយតម្លៃជារួមថា ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតរយៈពេល ២៧ថ្ងៃ កន្លងមកនេះ ល្អ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់។ ហើយក្នុងនាម គ.ជ.ប ឯកឧត្ដម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការផ្តល់កិច្ចសហការរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញតួនាទី និងភារកិច្ចដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមការធ្វើប្រតិភូកម្មអំណាចពី គ.ជ.ប និងការកំណត់នៃច្បាប់។ ជាមួយគ្នានេះ ឯកឧត្ដម ក៏បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោត ដែលញ៉ាំងឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ រហូតមកដល់ពេលនេះ ប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានចំណាប់អារម្មណ៍លើដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មកទល់ពេលនេះល្អ ទន្ទឹមនឹងនោះក៏មានសំណូមពរឱ្យ គ.ជ.ប ជួយដោះស្រាយលើបញ្ហាមួយចំនួននៅថ្នាក់ឃុំ សង្កាត់ពាក់ព័ន្ធនឹងការដាក់ពាក្យសុំចុះឈ្មោះភា្នក់ងារគណបក្សនយោបាយ និងចម្ងល់មួយចំនួនទៀតទាក់ទងនឹងការចូលជាសមាជិកគណបក្ស ការផ្លាស់ប្តូរទីតាំងការិយាល័យបោះឆ្នោត។ រាល់ការលើកឡើងទាំងនោះត្រូវបាន គ.ជ.ប ធ្វើការបកស្រាយបំភ្លឺជូនវិញផ្អែកលើច្បាប់ បទបញ្ជា និងនីតិវិធី។
មុននឹងបញ្ចប់កិច្ចប្រជុំ ក្នុងនាម គ.ជ.ប ឯកឧត្ដម ហេង ស៊ីឡេង សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការតាមការអំពាវនាវនេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពតាមច្បាប់ជាធរមាន ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានរដ្ឋសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយចំនួន ១៧ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១២ ព្រមទាំងអ្នកសារព័ត៌មានសរុបទាំងអស់ចំនួនប្រមាណ ១០០ នាក់៕