សេចក្តីប្រកាសព័ត៌មាន លេខ ០១៦ ៖ ឯកឧត្តមប្រធាន គ.ជ.ប "នៅពេលណាយើងធ្វើបានល្អ ធ្វើបានត្រឹមត្រូវ មហាជនគេគាំទ្រ គេសរសើរហើយ"

នៅឆ្នាំ២០១៤ ខេត្តត្បូងឃ្មុំត្រូវបានបង្កើតឡើងជាខេត្តទី២៥។ យោងសេចក្តីសម្រេចតែងតាំងមន្ត្រីបុគ្គលិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រចាំខេត្តត្បូងឃ្មុំ ដែលបានចុះហត្ថលេខា ដោយឯកឧត្តមប្រធាន គ.ជ.ប កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ល.ខ.ប ត្បូងឃ្មុំ ត្រូវបានបង្កើតឡើងជាកោសិកានៃ គ.ជ.ប ដើម្បីរៀបចំការបោះឆ្នោត ហើយរហូតមកដល់ពេលនេះ ល.ខ.ប បានរៀបចំការបោះឆ្នោតចំនួន ៤លើករួចមកហើយ។

ដោយសារ ល.ខ.ប ត្បូងឃ្មុំជាកូនពៅមិនទាន់មានទីស្នាក់ការអចិន្រ្តៃយ៍នៅឡើយទេ ហើយមានទីស្នាក់ការបណ្តោះអាសន្នស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក។ នៅខែសីហា ឆ្នាំ២០២០ ល.ខ.ប ត្បូងឃ្មុំ នឹងត្រូវរៀបចំប្តូរទីតាំងទៅនៅអគារ អតីតសេនាធិការនៃស្នងការនគរបាលខេត្ត ដែលនៅទីនោះមានអគារធំទូលាយ បន្ទប់ច្រើន និងមានកន្លែងងាយស្រួល ដើម្បីរៀបចំជាឃ្លាំងតម្កល់ទុកសម្ភារៈបរិក្ខារបោះឆ្នោត។ បច្ចុប្បន្ននេះ ល.ខ.ប ត្បូងឃ្មុំមានដីមួយកន្លែងទំហំ ៣៥ គុណនឹង ១១០ ម៉ែត្រ ដែលផ្តល់ឱ្យ និងស្ថិតនៅតំបន់រដ្ឋបាលខេត្ត។

ស្ថិតនៅតាមផ្លូវធ្វើដំណើរពី ល.ខ.ប ក្រចេះ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានចុះពិនិត្យដីមួយកន្លែងនេះដោយផ្ទាល់ ដើម្បីពិនិត្យមើលលទ្ធភាពថា តើត្រូវរកមធ្យោបាយសង់ទីស្នាក់ការអចិន្ត្រៃយ៍របស់ ល.ខ.ប ត្បូងឃ្មុំ ដោយរបៀបណា។

នៅរសៀលថ្ងៃដដែល ឯកឧត្តមប្រធាន គ.ជ.ប បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីនៃ ល.ខ.ប ត្បូងឃ្មុំ នៅទីស្នាក់ការបណ្តោះអាសន្នដែលឱ្យខ្ចីដោយមន្ទីរសាធារណការ។ នៅទីនេះមន្រ្តីដែលទើបនឹងប្រឡងជាប់ជាមន្ត្រីកិច្ចសន្យារយៈពេលខ្លី មានចំនួន ១៩ រូប ក្នុងចំណោមមន្ត្រីដែលត្រូវបានជ្រើសរើសចំនួន ៥១០ រូប កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ ការជ្រើសរើសនេះ ឯកឧត្តមប្រធានបានលើកជាឧទាហរណ៍មួយក្នុងពេលសំណេះសំណាលថា ជាទង្វើមួយដែលមហាជនទទួលស្គាល់ រួចចោទសួរថា ហេតុអ្វីបានជាមហាជនទទួលស្គាល់?

ឯកឧត្តមប្រធាន គ.ជ.ប បានឆ្លើយតបថា ក្រោមអាណត្តិនៃការដឹកនាំរបស់ឯកឧត្តម ឯកឧត្តមបានដឹកនាំធ្វើការកែទម្រង់ឱ្យកាន់តែប្រសើរ។ ជាក់ស្តែង ឯកឧត្តមបានចាត់តាំងមន្រ្តីថ្នាក់កណ្តាល មន្ត្រីថ្នាក់លេខាធិការដ្ឋាន ដើម្បីដឹកនាំ និងរៀបចំការប្រឡងជ្រើសរើសឱ្យបានសុក្រឹត និងផ្តល់ឱកាសដល់ប្រជា-ពលរដ្ឋកម្ពុជាគ្រប់ៗគ្នាដែលចង់បម្រើការងារបោះឆ្នោត ចូលរួមប្រកួតប្រជែង។ នៅពេលយើងធ្វើបានត្រឹមត្រូវជាលទ្ធផលមន្ត្រីចំនួន ៥១០ រូប ត្រូវបានជ្រើសរើស ហើយនៅពេលយើងផ្សព្វផ្សាយលទ្ធផលនៃការប្រឡងតាមទំព័រហ្វេសប៊ុក (Facebook Page) គ.ជ.ប និងតាម Facebook Page លធ.ខប កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មហាជនរាប់ពាន់ និងរាប់ម៉ឺននាក់បានចូលរួមមើល និងបញ្ចេញទស្សនៈ ដោយឯកឧត្តមប្រធានបានលើកឈ្មោះគណនី Facebook ចំនួន ៣ គឺ៖

  • គណនីឈ្មោះ Ngin Sokrachana (ខេត្តតាកែវ) “ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលមានឱកាស និងបានបញ្ចេញសមត្ថភាពរបស់ខ្លួននៅស្ថាប័ននេះបានហើយ ព្រោះមានឈ្មោះប្រឡង ២ដង ហើយមិនបានជាប់ តែពេលនេះបានប្រឡងជាប់ដោយជោគជ័យ ដោយសារការប្រឡងមានភាពយុត្តិធម៌ សុក្រឹតភាព តម្លាភាព និងជាពេលវេលាដែលផ្តល់ឱកាសដល់ខ្ញុំ...”។
  • គណនីឈ្មោះ ពូ ជ្រុញ (ខេត្តតាកែវ) “សូមសរសើរប្អូនស្រី អារម្មណ៍របស់អ្នកក៏ដូចជាអារម្មណ៍របស់ខ្ញុំដែរ ដែលខិតខំតស៊ូច្រើនដងហើយទើបតែបានសម្រេចដូចគ្នានេះ សូមគាំទ្រសារមួយនេះពេញបេះដូង”។
  • គណនីឈ្មោះ VANHVY (ខេត្តកោះកុង) បានផ្ញើសារជាសំឡេងប្រាប់ពីអារម្មណ៍របស់ខ្លួនថា គ.ជ.ប បានធ្វើការប្រឡងដោយសុក្រឹតភាព និងបេក្ខជននីមួយៗធ្វើការប្រឡងដោយសមត្ថភាពរបស់ខ្លួនរៀងៗខ្លួន។

ការបង្ហាញឧទាហរណ៍ជាក់ស្តែងនេះ ឯកឧត្តមប្រធានចង់បញ្ជាក់ថា “នៅពេលណាយើងធ្វើបានល្អ ធ្វើបានត្រឹមត្រូវ មហាជនគេគាំទ្រ គេសរសើរហើយ មហាជនគេមិនល្ងង់ទេ បើធ្វើអាក្រក់គេដឹងភ្លាម នេះហើយជាស្នាដៃរបស់យើង ត្រូវធ្វើឱ្យបានល្អតទៅមុខទៀតការងារបោះឆ្នោតរបស់យើង”។ 

ឯកឧត្តមប្រធាន ស៊ិក ប៊ុនហុក បានស្តាប់របាយការណ៍របស់លោក ហ៊ាង សុផល ប្រធាន ល.ខ.ប ត្បូងឃ្មុំ ដែលបានរៀបរាប់ថា៖

  • ប្រជាពលរដ្ឋទូទាំងខេត្តមានចំនួនសរុប ៨៦៨.៥៩៥ នាក់ ក្នុងនោះ ៤៤៣.៣៤៧ នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩។ ប្រជាពលរដ្ឋប៉ាន់ស្មាន នៃអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត មានចំនួន ៩.៧១១ នាក់។
  • ល.ខ.ប ត្បូងឃ្មុំ បានបណ្តុះបណ្តាលតាមមណ្ឌលប្រមូលផ្តុំរួចហើយនៅក្រុង ស្រុកទាំង ៧ ដើម្បីត្រៀមលក្ខណៈធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដោយត្រៀមចុះឈ្មោះថ្មីចំនួន ៧.៩៨០ នាក់ លុបឈ្មោះចេញពីបញ្ជី ចំនួន ២.០៨១ នាក់ និងផ្លាស់ទីលំនៅចូល ចំនួន ១.១៥៧ នាក់។
  • នាពេលដ៏ខ្លីខាងមុខ ល.ខ.ប ត្បូងឃ្មុំ នឹងរៀបចំប្រជុំផ្សព្វផ្សាយ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
  • ត្រៀមរៀបចំឯកសារ ដើម្បីប្រឡងជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោតជាបន្តទៀត។

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមប្រធាន គ.ជ.ប និងគណៈប្រតិភូអមដំណើរ នឹងចុះពិនិត្យ ជាក់ស្តែងបន្តទៀតនៅ ល.ខ.ប កំពង់ចាម៕