ការិយាល័យបោះឆ្នោតទាំង ៣៣ ការិយាល័យ នៅតាមរាជធានី ខេត្តចំណុះឱ្យភូមិភាគទាំង ៨ បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ។
អ្នកបោះឆ្នោត ដែលជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង មានសិទ្ធិបោះឆ្នោតនៅការិយាល័យបោះឆ្នោតដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការនៃការិយាល័យបោះឆ្នោតនោះ ដោយត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬលិខិតសម្គាល់ខ្លួនជាតំណាងរាស្រ្តក្នុងតំណែង ឬសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង។
ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣:០០ រសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែមានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬស្ថិតនៅក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។ ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាសបិទបញ្ចប់ការបោះឆ្នោតនៅការិយាល័យរបស់ខ្លួននៅមុនម៉ោង ៣:០០ រសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ។
ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ អ្នកបោះឆ្នោត មានចំនួនសរុប ១១.៧៤៧ នាក់ ក្នុងនោះតំណាងរាស្រ្តក្នុងតំណែង មានចំនួន ១២៥ នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង មានចំនួន ១១.៦២២ នាក់។
សូមជម្រាបជូនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ស្ដីពីការសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅវេលាម៉ោង ៥:០០ ល្ងាចថ្ងៃនេះ បន្ទាប់មកនឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត៕