សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០០៦ គ.ជ.ប ស្តីពី ការប្រកាសផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ៤

នាព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ជឺ ចំណាន អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ 

ឯកឧត្ដម ជឺ ចំណាន បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា”  គឺជាការបោះឆ្នោតអសកល។  សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងទាំងអស់ជាអ្នកបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាពីរប្រភេទ គឺក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ ដូច្នេះ អ្នកបោះឆ្នោតត្រូវបោះឆ្នោត ២ (ពីរ) ដង ក្នុងពេលតែមួយ ដោយប្រើសន្លឹកឆ្នោត ២ (ពីរ) ប្រភេទ ផ្សេងគ្នា។ 

ឯកឧត្ដម ជឺ ចំណាន បានមានប្រសាសន៍ទៀតថា ដើម្បីធានាឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ទទួលបានជោគជ័យ គ.ជ.ប គណបក្សនយោបាយ អាជ្ញាធរពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចូលរួមអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួននៅគ្រប់ដំណាក់កាល នៃដំណើរការបោះឆ្នោត ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់ការបោះឆ្នោត។ ឯកឧត្តម បានបញ្ជាក់អំពីដំណាក់កាលនីមួយៗ និងកាលបរិច្ឆេទដែលត្រូវអនុវត្តដូចមានចែងក្នុងប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ មានដូចជា ៖  

• ដំណាក់កាលចុះឈ្មោះបោះឆ្នោត 

• ដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)

• ដំណាក់កាលឃោសនាបោះឆ្នោត និង

• ដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនៃការបោះឆ្នោត។

ឯកឧត្ដម ជឺ ចំណាន បានមានប្រសាសន៍ប្រៀបធៀបថា សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៤ នេះ បើប្រៀបធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ (រាប់បញ្ចូលទាំងការបោះឆ្នោតឡើងវិញ) ចំនួនអ្នកបោះឆ្នោត ចំនួនមណ្ឌលបោះឆ្នោត និងចំនួនសមាជិកក្រុមប្រឹក្សាមានការកើនឡើងរួមមាន៖

* ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩៖

• ឃុំ សង្កាត់ មានចំនួន ១.៦៤៦ 

• សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត មានចំនួន ១១.៥៧២ 

• ចំនួនក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសមាន ២០៨

• ចំនួនអាសនៈសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត មាន ៥៥៩

• ចំនួនអាសនៈសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មាន ៣.៦៣៦។
 

* ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤៖

• ឃុំ សង្កាត់ មានចំនួន ១.៦៥២

• សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត មានចំនួន ១១.៦២២

• ចំនួនក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស មាន ២០៩

• ចំនួនអាសនៈសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត មាន ៥៥៩

• ចំនួនអាសនៈសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មាន ៣.៦៤១។

ឯកឧត្ដម ជឺ ចំណាន បានមានប្រសាសន៍បន្តទៀតថា ចំនួនក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ កើនឡើងចំនួន ១ ក្រុង និងចំនួនអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ កើនឡើងចំនួន ៥ អាសនៈ។

ឯកឧត្ដម ជឺ ចំណាន បានជម្រាបជូនផងដែរ អំពីនីតិវិធីនៃការចុះឈ្មោះអ្នកសង្កេតការណ៍ ជាតិ និងអន្តរជាតិ ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ អន្តរជាតិ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់សង្កេតមើលតាមការិយាល័យចុះឈ្មោះបោះឆ្នោត ព្រមទាំងកាលបរិច្ឆេទនៃការដាក់ពាក្យបានកំណត់នៅក្នុងប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

មានសំណួររបស់ភាគីចូលរួមក្នុងកិច្ចប្រជុំបានសួរថា តើអាចយកសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលជាសេចក្តីចម្លងប្រកាសស្តីពី ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានប្រើក្នុងការបោះឆ្នោតកន្លងមក យកមកប្រើក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ បានម្តងទៀត ឬត្រូវបញ្ជាក់សារជាថ្មី?

គ.ជ.ប បានឆ្លើយបញ្ជាក់ទៅនឹងសំណួរខាងលើថា សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជី គណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលជាសេចក្តីចម្លងប្រកាសស្តីពីការចុះបញ្ជីគណបក្ស នយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចប្រើបានសម្រាប់តែការបោះឆ្នោតមួយប៉ុណ្ណោះ។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះគណបក្សនយោបាយត្រូវបញ្ជាក់សារជាថ្មី។ 
នេះជាកិច្ចប្រជុំលើកទីមួយ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលសមាសភាពចូលរួមមកពីក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងគណបក្សនយោបាយ តំណាង អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន ចំនួនជាង ៦០ នាក់៕
 

ទាញយកកម្មវិធី(App) CamNEC News